ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំ២០២៤ខាងមុខស្នងការខេត្តតាកែវ បានរៀបចំទទួលប្រតិភូយោធាការពារព្រំដែនខេត្តអានយ៉ាង

ខេត្តតាកែវ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី ៤ ខែមេសា ឆ្នាំ២០២៤ នៅសាលប្រជុំតូចស្នងការដ្ឋាននគរបាលខេត្តតាកែវ បានរៀបចំទទួល “ប្រតិភូយោធាការពារព្រំដែនខេត្តអានយ៉ាង ដើម្បីសំណេះសំណាលសួរសុខទុក្ខ និងជូនពរក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំ២០២៤ខាងមុខនេះ”។
-ភាគីនគរបាលខេត្តតាកែវ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី សៅ សារុន ស្នងការ(ស្តីទី) នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងសហការីចំនួន ១៨រូប។
-ភាគីយោធាការពារព្រំដែនខេត្តអានយ៉ាង ដឹកនាំដោយលោកវរសេនីយ៍ឯក ង្វៀង ហុងឃីម មេបញ្ជាការរងយោធាការពារព្រំដែនខេត្តអានយ៉ាង និងសហការីចំនួន ១១រូប។
ជាកិច្ចចាប់ផ្តើមភាគីយោធាការពារព្រំដែនវៀតណាម បានសំណេះសំណាលសួរសុខទុក្ខ និងជូនពរក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៤ សូមឱ្យថ្នាក់ដឹកនាំស្នងការនគរបាលខេត្តតាកែវ និងសហការី ទាំងអស់សូមមានសុខភាពល្អ សុភមង្គលក្នុងក្រុមគ្រួសារ និងជោគជ័យគ្រប់ភារកិច្ច និងបន្តកិច្ចសហការរវាងកម្លាំងខេត្តទាំងពីរទទួលបានជោគជ័យសម្រាប់ឆ្នាំ២០២៤។

ជាការឆ្លើយតបលោកឧត្តមសេនីយ៍ត្រី ស្នងការ(ស្តីទី)នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងក្នុងនាមខ្លួនលោកផ្ទាល់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកវរសេនីយ៍ឯក ង្វៀង ហុងឃីម មេបញ្ជាការរងយោធាការពារព្រំដែនខេត្តអានយ៉ាង ដែលបានចំណាយពេលដ៏មានតម្លៃ ដឹកនាំសហការីមកជូនពរ ឆ្នាំថ្មីដល់ស្នងការដ្ឋាននគរបាលខេត្តតាកែវយើងខ្ញុំនាពេលនេះ។

ឆ្លៀតក្នុងឱកាសនេះលោកស្នងការ(ស្តីទី) បានលើកឡើងនូវទិសដៅ និងសំណូមពរ ឲ្យកងកម្លាំងភាគីទាំងពីរសហការអនុវត្តនៅឆ្នាំ២០២៤ នេះដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់នៅតាមខ្សែបន្ទាត់ព្រំដែនចូលរួម បង្ការទប់ស្កាត់បទល្មើសព្រហ្មទណ្ឌ សេដ្ឋកិច្ច គ្រឿងញៀន ជួញដូរមនុស្ស និងការលួចឆ្លងដែនដោយខុសច្បាប់។ បន្ទាប់មកលោកឧត្តមសេនីយ៍ត្រី ស្នងការ(ស្តីទី) និងលោកវរសេនីយ៍ឯក ង្វៀង ហុងឃីម មេបញ្ជាការរងយោធាការពារព្រំដែនខេត្តអានយ៉ាង និងសហការី បានជូនកាដូរវត្ថុអនុស្សាវរីយ៍ឲ្យគ្នាក្នុងន័យពង្រឹងទំនាក់ទំនង មិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អ។ ជាចុងក្រោយក្នុងនាមស្នងការ(ស្តីទី) សូមជូនពរដល់កងកម្លាំង នៃខេត្តទាំងពីរតាកែវ-អានយ៉ាងសូមមានសុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ និងសមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕FB_IMG_1712217013658 FB_IMG_1712217016589 FB_IMG_1712217089218 FB_IMG_1712217142590 FB_IMG_1712217026377 FB_IMG_1712217039739

You might like