កិច្ចប្រជុំបូកសរុបលទ្ធផលការងារបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ភូមិភាគ៤ខេត្តបន្ទាយមានជ័យ

នាព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្ដម កែ គឹមយ៉ាន សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ភូមិភាគ៤ ខេត្តបន្ទាយមានជ័យ និងលទ្ធផលនៃការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក អាណត្តិទី៤ ឆ្នាំ២០២៤។

ក្នុងនាមគណបក្សប្រជាជនកម្ពុជា និង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស ឯកឧត្តមកែ គឹមយ៉ាន សូមគោរពអរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញការងារ ប្រកបដោយសាមគ្គីភាព និងស្មារតីទទួលខុសត្រូវ របស់សមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា ក្រុមការងារគណបក្សគ្រប់ថ្នាក់ និងសមាជិក សមាជិកាគណបក្ស ជាពិសេសសមាជិក សមាជិកាក្រុមប្រឹក្សាឃុំ សង្កាត់ នៅក្នុងមុខតំណែងជាអង្គបោះឆ្នោតទាំងអស់ ដែលបានបន្តចូលរួមបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា នៅក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ កាលពីថ្ងៃទី២៥ ខែកុម្ភះ ឆ្នាំ២០២៤កន្លងទៅនេះ ដោយទទួលបាននូវជោគជ័យយ៉ាងត្រចះត្រចង់ ដើម្បីគាំទ្រសម្តេចអគ្គមហាសេនាបតីតេជោ ប្រធានគណបក្ស ដឹកនាំស្ថាប័ន និតិបញ្ញត្តិនៅអាណត្តិបន្តទៀត។

ក្នុងឱកាសនោះ ឯកឧត្តម កែ គឹមយ៉ាន សូមចូលរួមអបអរសាទរចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលត្រូវបានអង្គព្រឹទ្ធសភាទាំងមូលបោះឆ្នោតជ្រើសតាំងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អាណត្តិទី៥ ក្រោមការដឹកនាំរបស់ សម្តេចតេជោ ស្ថាប័នព្រឹទ្ធសភានិងដើរតួនាទីយ៉ាងសំខាន់ ក្នុងការការពារសន្តិភាព ភាពសុខដុមរម្យនាក្នុងសង្គម និងការអភិវឌ្ឍរីកចម្រើនឥតឈប់ឈរ។

ឯកឧត្តម កែ គឹមយ៉ាន បានបន្តថាតាមរយៈលទ្ធផលនៃការបោះឆ្នោតជាសកល និងអសកលទាំង១៩លើក គណបក្សប្រជាជនកម្ពុជា តែងតែទទួលបាននូវសម្លេងគាំទ្រពីប្រជាជនយ៉ាងលើសលប់ ដើម្បីដឹកនាំស្ថាប័ននិបញ្ញត្តិ និងនិតិប្រតិបត្តិ ដែលបានបង្ហាញយ៉ាងច្បាស់ពីមាគ៌ាដឹកនាំកម្មវិធីនយោបាយដ៏ត្រឹមត្រូវរបស់កណបក្ស ក្នុងការកសាង និងអភិវឌ្ឍប្រទេស រក្សាការពារបានសន្តិភាព ស្ថិរភាពនយោបាយ និងលើកកម្ពស់ជីវភាពប្រជាជនកាន់តែល្អប្រសើរជាបន្តបន្ទាប់។

ឯកឧត្តម កែ គឹមយ៉ាន បានបន្តណែនាំដល់សមាជិក សមាជិកាគណបក្សទាំងអស់ត្រូវបន្តការងារឲ្យបានកាន់តែ សកម្ម រួមគ្នាជាមហាគ្រួសារតែមួយ ដើម្បីអភិវឌ្ឍមូលដ្ឋានរបស់យើង ហើយត្រូវសហការជាមួយអាជ្ញាធរដែនដី និងអង្គភាពពាក់ព័ន្ធទាំងអស់ ដើម្បីចូលរួមអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម ក៏បានផ្តាំផ្ញើឲ្យសមាជិក សមាជិកា ត្រូវត្រៀមលក្ខណៈឲ្យបានរួចរាល់ដើម្បីយកប្រៀបឈ្នះដាច់ខាត នៅក្នុង ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ។FB_IMG_1712387097382 FB_IMG_1712387094622 FB_IMG_1712387070186 FB_IMG_1712387056793 FB_IMG_1712387061433 FB_IMG_1712387067386

You might like