សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធកសិដ្ឋានចិញ្ចឹមគោ យកទឹកដោះគិរីសួគ៌

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាថ្ងៃព្រហស្បតិ៍ ទី១១ ខែមេសា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធកសិដ្ឋានចិញ្ចឹមគោយកទឹកដោះគិរីសួគ៌ ស្ថិតភូមិឱភាសាំង ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ។
គិរីសួគ៌ (Kirisu) គឺជាកសិដ្ឋានរបស់ក្រុមហ៊ុន ខ្មែរ ហ្វ្រេស មីល និងជាកសិដ្ឋានខ្នាតធំដំបូងគេបង្អស់នៅកម្ពុជា ដែលមានសង្វាក់ផលិតកម្មទំនើបបំផុត និងមានសមត្ថភាពផលិតទឹកដោះគោសុទ្ធស្រស់ ប្រកបដោយគុណភាពខ្ពស់ និងមានសារធាតុចិញ្ចឹមច្រើនជាងគេ។ ក្រុមហ៊ុន ខ្មែរ ហ្វ្រេស មីល បានចាប់ផ្តើមដំណើរកសិកដ្ឋាននៅចុងឆ្នាំ២០២០។
ក្រុមហ៊ុនបានសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងបានទទួលដីសម្បទានទំហំ ៣០០ហិកតា នៅតំបន់ភ្នំតាម៉ៅ ខេត្តតាកែវ ដើម្បីបង្កើតកសិដ្ឋាន ព្រមទាំងទទួលបានការសម្របសម្រួលសម្រាប់ការនាំចូលពូជគោផលិតទឹកដោះដ៏ល្បីល្បាញទូទាំងពិភពលោកមកពីប្រទេសអូស្រ្តាលីចំនួន ៥៥០ក្បាល តាមយន្តហោះមកកាន់កម្ពុជា។
កសិដ្ឋានគិរីសួគ៌នាពេលបច្ចុប្បន្នមានគោយកទឹកដោះហ៊ុលស្ទីន (Holstein) សរុប ៩២៨ក្បាល គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៤ រួមបញ្ចូលទាំងគោ ដែលត្រូវបានបង្កាត់ក្នុងស្រុក និងមានភាពសំារួចជាស្រេចជាមួយនឹងអាកាសធាតុនៅកម្ពុជា។ កសិដ្ឋានប្រកាន់ខ្ជាប់នូវគោលការណ៍ផលិតកម្មទំនើប ទាំងការចិញ្ចឹម ការថែទាំ ការដាក់ចំណី និងការរឹតយកទឹកដោះ ដើម្បីធានាបាននូវសុខមាលភាពសត្វជាប់ជាប្រចាំ។
កសិដ្ឋានគិរីសួគ៌ ទទួលបានវិញ្ញាបនបត្រពីផ្នែកសុវត្ថិភាព (GMP/HACCP) ដែលជាការឆ្លើយតបនឹងសង្វាក់ផលិតកម្មទឹកដោះគោសុទ្ធ យ៉ៅអ៊ួ និងប៊ឺរ តាមបែបទំនើប និងមានសុវត្ថិភាពខ្ពស់ ជាមួយនឹងការចិញ្ចឹម និងផលិតចំណីនៅក្នុងផ្ទៃដីកសិដ្ឋានតែមួយ។
ក្រុមហ៊ុន ខ្មែរ ហ្រ្វេស មីល បានជ្រើសរើសក្រុមហ៊ុន TSNR ជាភ្នាក់ងារចែកចាយថ្នាក់ជាតិ គ្របដណ្តប់នៅទូទាំងរាជធានី-ខេត្ត ដើម្បីធានាបាននូវការចែកចាយផលិតផល ដល់ទីផ្សារបានឆាប់រហ័ស និងមានប្រសិទ្ធភាពខ្ពស់។ បន្ទាប់ពីចាប់ផ្តើមការផលិតសាកល្បងក្នុងឆ្នាំ២០២១ កសិដ្ឋានបានកសាងកេរ្តិ៍ឈ្មោះ នៅក្នុងទីផ្សារជាបន្តបន្ទាប់ រហូតក្លាយជាក្រុមហ៊ុនផ្គត់ផ្គង់ទឹកដោះគោធំបំផុតនៅកម្ពុជា។
ម៉ាកសញ្ញាគិរីសួគ៌ត្រូវបានទទួលស្គាល់យ៉ាងពេញលេញ ពីសំណាក់អ្នកនិយមទទួលទានទឹកដោះគោមកពីគ្រប់មជ្ឈដ្ឋាននៅទូទាំងប្រទេស។ បច្ចុប្បន្នក្រុមហ៊ុនមានបុគ្គលិកបម្រើការងារចំនួន ១២៧នាក់ និងមានស្នាក់ការកណ្តាលដែលស្ថិតនៅខណ្ឌទួលគោក រាជធានីភ្នំពេញ បន្ថែមពីលើក្រុមអ្នកជំនាញផលិតកម្ម ប្រចាំកសិដ្ឋាននៅភ្នំតាម៉ៅ ខេត្តតាកែវ។
ក្រុមហ៊ុន ខ្មែរ ហ្រ្វេស មីល បានសហការជាមួយដៃគូផ្គត់ផ្គង់បច្ចេកវិទ្យា និងបរិក្ខារល្បីបំផុតរបស់ប្រទេស អ៊ីស្រាអែល ដែលបានបញ្ចប់គម្រោងស្រដៀងគ្នាដោយជោគជ័យនៅទូទាំងអាស៊ី រួមមានគម្រោង នៅប្រទេសចិន និងបង់ក្លាដេស ជាពិសេសនៅប្រទេសវៀតណាម ដែលបានជួយឱ្យក្រុមហ៊ុន TH True Milk ក្លាយជាក្រុមហ៊ុននាំមុខគេនៅទីនោះ។
ជាមួយនឹងការជួយជ្រោមជ្រែងពីក្រុមហ៊ុន Afimilk ក្នុងឋានៈជាដៃគូបច្ចេកទេស ជាអ្នកផ្គត់ផ្គង់ និងជាអ្នកប្រឹក្សាយោបល់ ក្រុមហ៊ុន ខ្មែរ ហ្រ្វេស មីល មានលទ្ធភាពបញ្ចប់ការសាងសង់កសិដ្ឋានដោយជោគជ័យ និងឈានដល់ដំណើរការប្រកបដោយប្រសិទ្ធភាព ក្នុងរយៈពេលត្រឹមតែប៉ុន្មានខែប៉ុណ្ណោះ ដោយជម្នះបាននូវផលវិបាកនានាបង្កឡើងដោយជំងឺកូវីដ-១៩។ ក្រុមហ៊ុន Afimilk ទទួលបន្ទុកផ្នែករៀបចំផែនការ រចនា គ្រប់គ្រង និងមើលការខុសត្រូវការសាងសង់រោងចក្រ ព្រមទាំងការបណ្តុះបណ្តាលបុគ្គលិកបម្រើ ឱ្យចេះស្ទាត់ជំនាញ ដើម្បីអាចបំពេញការងារដោយឯករាជ្យក្នុងរយៈពេល៣-៤ឆ្នាំក្រោយ។
ផ្នែករឹតយកទឹកដោះគោ ដែលគ្រប់គ្រងដោយក្រុមហ៊ុន Afimilk អាចជួយឱ្យក្រុមហ៊ុន ខ្មែរ ហ្រ្វេស មីល បូមយកទឹកដោះគោពីមេគោចំនួន ៣៦ក្បាល ដោយប្រើរយៈពេលត្រឹមតែ ១២នាទីប៉ុណ្ណោះ ដោយរក្សាបាននូវសុខមាលភាពគោ ជាមួយនឹងការប្រើបច្ចេកវិទ្យា និងបច្ចេកទេសបញ្ចុះសីតុណ្ហភាពទំនើបបំផុត។ បច្ចេកទេស និងបច្ចេកវិទ្យានេះជួយឱ្យក្រុមហ៊ុនសម្រេចបានផលិតកម្មដែលមានទិន្នផលខ្ពស់ ដោយទទួលបានទឹកដោះគោច្រើនបំផុត រហូតដល់ទៅ ៥០លីត្រ ពីគោមួយក្បាល ក្នុងមួយថ្ងៃ និងជាមធ្យម៣០លីត្រ ក្នុងមួយថ្ងៃ។ ទិន្នផលនេះមានបរិមាណដូចគ្នានឹងកសិដ្ឋានធំនានា នៅប្រទេសអ៉ីស្រាអែល និងវៀតណាមដែរ ហើយទិន្នផលនេះមានកម្រិតខ្ពស់ជាងបណ្តាកសិដ្ឋាននៅសហភាពអ៊ឺរ៉ុបទៅទៀត។
បច្ចុប្បន្នកសិដ្ឋានមានសមត្ថភាពផលិតទឹកដោះគោស្រស់បានជាង ១៣ពាន់លីត្រ ក្នុងមួយថ្ងៃ និងផ្គត់ផ្គង់បានប្រមាណ ១៥ភាគរយនៃចំណែកទីផ្សារនៅកម្ពុជា។
គិរីសួគ៌ បានក្លាយជាម៉ាកសញ្ញាដែលទទួលបានការគាំទ្រច្រើនបំផុត ក្នុងចំណោមម៉ាកសញ្ញាធំៗ៣ ដោយប្រើប្រាស់ភ្នាក់ងារទីផ្សារដែលមានយុទ្ធសាស្ត្រនិងជំនាញច្បាស់លាស់ ដើម្បីអភិវឌ្ឍយុទ្ធនាការ ទីផ្សារដែលមានប្រសិទ្ធភាព។ បន្ថែមពីនេះ ក្រុមហ៊ុនក៏បានចាប់ដៃគូចែកចាយជាមួយក្រុមហ៊ុនដែលមានប្រវត្តិជោគជ័យ ដើម្បីនាំផលិតផលទៅដល់ដៃអតិថិជនប្រកបដោយប្រសិទ្ធភាព។
បច្ចុប្បន្ន គិរីសួគ៌បានផ្គត់ផ្គង់ផលិតផលទឹកដោះគោស្រស់ និងយ៉ៅអ៊ួ ទៅបណ្តាផ្សារទំនើបធំៗ ដល់ទៅជាង ១០០ផ្សារ រួមមាន ឡាក់គី អ៉ីអន ម៉ាក្រូ ជីបម៉ុង ហ្វ៊ែរផ្លាស់ ស៊ុបភើស្ត័រ និងបណ្តាម៉ាត ហាងកាហ្វេ សរុបជិត ៤,០០០ហាង នៅទូទាំងប្រទេស។
ក្នុងរយៈពេល៣ឆ្នាំនៃការចែកចាយ និងផ្គត់ផ្គង់នៅលើទីផ្សារ កសិដ្ឋានគិរីសួគ៌បានទទួលការគាំទ្រយ៉ាងច្រើនពីអតិថិជន ដូច្នេះក្រុមហ៊ុនមានគម្រោងអភិវឌ្ឍចង្វាក់ផលិតកម្មថ្មីបន្ថែមទៀត ក៏ដូចជានឹងបង្កើនគោឱ្យបាន ចំនួន ៣,០០០ ក្បាល នាថ្ងៃអនាគត ដោយក្នុងនោះមានគោដែលនឹងកើតចេញពីពោះមេក្នុងស្រុកប្រហែលចំនួន ១,០០០ក្បាលទៀត ដើម្បីបង្កើនសង្វាក់ផលិតកម្ម ប្រភេទទឹកដោះ គោផ្សេងទៀត ដែលអាចផ្គត់ផ្គង់ទៅតាមបណ្តាខាងខេត្តនានា ក៏ដូចជាអាចវេចខ្ចប់ជាកញ្ចប់ក្រដាសតូចៗ សម្រាប់ផ្គត់ផ្គង់ទៅតាមសាលារៀនផងដែរ។
ជាមួយគ្នានេះ ដោយសារការកើនឡើងនៃចំនួនគោ កសិដ្ឋានក៏ត្រូវការបង្កើនផ្ទៃដីមួយចំនួនទៀតដើម្បីដាំស្មៅ ពោត និងចំណីសត្វផ្សេងៗ ក្នុងគោលបំណងជួយផ្គត់ផ្គង់ចំណីសត្វឱ្យបានគ្រប់គ្រាន់ ក៏ដូចជាកាត់បន្ថយនូវតម្លៃទុននៃការចិញ្ចឹមគោផងដែរ។
ដើម្បីបំពេញចំណីប្រចាំថ្ងៃរបស់គោ កសិដ្ឋានបានពង្រីកការដាំដំណាំចំណីសត្វ ដោយបានធ្វើកិច្ចសន្យាជាមួយកសិករចំនួន ២៨គ្រួសារ នៅឃុំត្រពាំងគ្រញូង ស្រុកត្រាំកក់ នៅលើ ផ្ទៃដីជាង ១៥ហិកតា ដើម្បីផ្គត់ផ្គង់ចំណីដល់គោយកទឹកដោះ។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះ កម្ពុជាមានកសិដ្ឋានចិញ្ចឹមគោយកទឹកដោះធំៗចំនួន៤ គឺកសិដ្ឋានគិរីសួគ៌ កសិដ្ឋានមូមូ កសិដ្ឋានក្នុងឧទ្យានជាតិឫស្សីត្រឹប និងកសិដ្ឋានអូម៉។ គិតត្រឹមខែមីនា ឆ្នាំ២០២៤នេះ កសិដ្ឋានទាំង៤ មានគោយកទឹកដោះចំនួន ១,១៧៦ក្បាល អាចផលិតទឹកដោះគោស្រស់ជាង ៥លានលីត្រ ក្នុងមួយឆ្នាំ ឬ ១៧ភាគរយ នៃតម្រូវការទឹកដោះគោស្រស់ក្នុងស្រុកជាង ៣០លានលីត្រ៕FB_IMG_1712813834497 FB_IMG_1712813820679 FB_IMG_1712813788539 FB_IMG_1712813785385 FB_IMG_1712813815590 FB_IMG_1712813809507

You might like