ទិសដៅអនុវត្តន៍បន្តដែលឯកឧត្តម បណ្ឌិតសោម ពិសិដ្ឋអភិបាលខេត្តកែប បានដាក់ចេញ សម្រាប់អោយ ថ្នាក់ក្រោម យកទៅអនុវត្តន៍បន្តនោះមាន ទី១ វិធានការបង្ការទប់ស្កាត់ និងបង្ក្រាបសកម្មភាពក្មេងទំនើងឲ្យខានតែបាននៅទូទាំងខេត្ត ទី២. ធានាអោយបាននៅសន្តិសុខល្អប្រសើរទាំងមុនពេលបោះឆ្នោត និងក្នុងអំឡុងពេលបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ និងទី៣ បន្តចលនាគាំទ្រ គម្រោងព្រែកជីកហ្វូណនតេជោ អោយកាន់តែផុលផុសបន្ថែមទៀត។
ការដាក់ចេញនូវចំណុចអាទិភាពទាំងនេះ ធ្វើឡើងក្នុងកិច្ចប្រជុំពិនិត្យ ពិភាក្សា លើរបាយការណ៍រយៈពេល ៥ឆ្នាំ និងឆ្លងសេចក្តីព្រាងរបាយការណ៍ ប្រចាំខែឧសភា និងលើកទិសដៅអនុវត្តខែបន្ទាប់ របស់រដ្ឋបាលខេត្តកែប នារសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤នេះ ដោយបានការអញ្ចេីញចូលរួមពីលោក លោកស្រី អភិបាល រងខេត្តលោក ឧត្តម សេនីយ៍វរសេនីយ៍ស្នងការមេបញ្ជាការ គ្រប់ទីចាត់ការចំណុះរដ្ឋបាលខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និងអ្នកពាក់ព័ន្ធជាច្រើនរូប។
ក្នុងប្រសាសន៍បើកកិច្ចប្រជុំ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង ពីគ្រប់ស្ថាប័នជុំវិញខេត្ត ដែលធ្វើឱ្យលទ្ធផលសម្រេចបានរយៈពេល១ខែនេះ ទទួលបាន ផ្លែផ្កាជាវិជ្ជមាន ពិសេសលើការងារកសាងហេដ្ឋារ
ចនាសម្ព័ន្ធ ការកែលំអរសោភ័ណភាព ទីប្រជុំជន តំបន់ទេសចរណ៍ ការការពារបរិស្ថាន ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងការរក្សាបាននូវសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ការការពារទប់ស្កាត់ និងបង្ក្រាបក្មេងទំនើងកំពុងតែអនុវត្តបានយ៉ាងផុលផុស។
ជាមួយគ្នានេះដែរ បន្ថែមពីលើចំណុចអាទិភាពទាំង៣ខាងលើ ឯកឧត្តមបណ្ឌិត បានផ្តល់នៅទិសដៅសំខាន់ៗមួយចំនួនបន្ថែមទៀតសម្រាប់យកទៅអនុវត្ត នោះគឺ សូមអោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ត្រូវសិក្សា ពិនិត្យមើល ទីតាំងដាំដើមឈើលើផ្លូវសំខាន់ៗ ដោយបែងចែកមុខសញ្ញាតាមមន្ទីរនីមួយៗ ជាពិសេសតាមបណ្តោយផ្លូវជាតិលេខ៣៣ ព្រំប្រទល់ កែប-កំពត៕

