លោកឧត្តមសេនីយ៍ទោហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាមបានដាក់បទបញ្ជាឲ្យកម្លាំងជំនាញបន្ដពង្រឹងវិធានការបង្ការទប់ស្កាត់និងបង្រ្កាបរាល់សកម្មភាពបទល្មើស សកម្មភាពក្មេងទំនើង..

ដោយទទួលបានអនុសាសន៍ដ៏ខ្ពង់ខ្ពស់ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងទទួលបានការចង្អុលណែនាំពី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានដាក់ចេញនូវបទបញ្ជាយ៉ាងមុឹងម៉ាត់ ព្រមទាំងទទួលបានការដឹកនាំបញ្ជាផ្ទាល់ពី ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម

នៅយប់ថ្ងៃសុក្រ ទី២៤ ខែឧសភា ឆ្នាំ២០២៤នេះ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានចាត់បញ្ជាឲ្យកម្លាំងជំនាញ បន្ដពង្រឹងវិធានការបង្ការ ទប់ស្កាត់ និងបង្រ្កាបរាល់សកម្មភាពបទល្មើស ក្នុងនោះក៏មានសកម្មភាពក្មេងទំនើង ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមជាតិ យ៉ាងមុឹងម៉ាត់ និងហ្មត់ចត់បំផុត។

រហូតមកដល់វេលាម៉ោង ២២:៤០នាទីយប់ ខណៈពេលកម្លាំងសមត្ថកិច្ច្ច បាននឹងកំពុងល្បាតចល័ត នៅលើផ្លូវជាតិលេខ៧ ត្រង់ចំណុចផ្លូវបំបែកផ្សារព្រៃទទឹង ស្ថិតក្នុងភូមិព្រៃទទឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ក៏បានប្រទះឃើញក្មេងទំនើង ០១ក្រុម មានគ្នា០២នាក់ ប្រើប្រាស់មធ្យោបាយម៉ូតូ០១គ្រឿង ម៉ាកហុងដាឌ្រីមសេ១២៥ ប្រដាប់ដោយកាំបិតតាំងតោ ០១ដើម និងដាវ ០១ដើម ធ្វើសកម្មភាពជិៈម៉ូតូ កាន់ដាវអូសកាត់លើថ្នល់ ហើយត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន និងដកហូតវត្តុតាងខាងលើ យកមកសាកសួរបំភ្លឺនៅអធិការដ្ឋាននគរបាលស្រុកព្រៃឈរ ។

បន្ទាប់ពីកម្លាំងជំនាញបានសាកសួរបំភ្លឺ ជនសង្ស័យទាំងពីរនាក់ ក៏បានសារភាពប្រាប់សមត្ថកិច្ចអំពីសកម្មភាពរបស់ខ្លួន ។

បច្ចុប្បន្នជនសង្ស័យ និងមធ្យោបាយ ព្រមទាំងវត្ថុតាងត្រូវបានឃាត់ទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃឈរ តាមបញ្ជាឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម និងបានកសាងសំណុំរឿងតាមនីតិវិធីជំនាញ ដើម្បីបញ្ចូនទៅអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ។IMG_20240525_133813

You might like