កំពង់ស្ពឺ ៖ នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ។
នាក្នុងឱកាសនោះ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផល ដែលសម្រេចបាននាពេលកន្លងមករបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សម សាមួន ដែលបានបំពេញភារកិច្ចជូនជាតិមាតុភូមិ និងប្រជាពលរដ្ឋក្នុងខេត្តកំពង់ស្ពឺ។ ជាមួយគ្នានោះ ឯកឧត្តមក៏បានអបអរសាទរលោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ដែលត្រូវបានតែងតាំងជាស្នងការថ្មី នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ។
ឯកឧត្តម វ៉ី សំណាង ក្នុងនាមគណៈបញ្ជាការឯកភាពខេត្ត បានធ្វើការផ្តាំផ្ញើដល់ស្នងការនគរបាលខេត្តថ្មីត្រូវបន្តចូលរួមថែរក្សា និងការពាសេចក្តីសុខសន្តិភាពជូនប្រជាពលរដ្ឋទូទាំងខេត្តកំពង់ស្ពឺ ជាមួយគ្នានោះត្រូវបន្តខិតខំសហការបង្ក្រាបបទល្មើសគ្រប់ប្រភេទក្នុងមូលដ្ឋានខេត្ត ជាពិសេសបទល្មើសគ្រឿងញៀន ព្រមទាំងសកម្មភាពក្មេងទំនើងដែលត្រូវយកចិត្តទុកដាក់អនុវត្តតួនាទីភារកិច្ចដែលរាជរដ្ឋាភិបាលបានប្រគល់ជូនហើយក៏សូមឲ្យស្នងការនគរបាលខេត្តថ្មីរក្សា និងពង្រឹងសាមគ្គីភាពផ្ទៃក្នុង គោរពវិន័យ បទបញ្ចារបស់រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ និងអគ្គស្នងការនគរបាលជាតិ ទន្ទឹមនោះត្រូវបង្កើនជំនឿជឿជាក់ដល់ប្រជាពលរដ្ឋ បម្រើសេវាសាធារណៈក៏ដូចជាថែរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងជាពិសេសការពារដល់អ្នកវិនិយោគនៅក្នុងខេត្ត។
ពីវេទិកាអធិបតី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានគាំទ្ររបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ និងឯកភាពចំពោះការប្តេជ្ញាចិត្តរបស់ស្នងការនគរបាលខេត្តកំពង់ស្ពឺថ្មី លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ដែលចូលកាន់តំណែងក្នុងថ្ងៃនេះ។
ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានឯកភាពនូវប្រសាសន៍ផ្តាំផ្ញើរបស់ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ប្តេជ្ញាដើម្បីយកទៅអនុវត្តភារកិច្ចឲ្យមានប្រសិទ្ធភាព និងប្រសិទ្ធផល សំដៅរួមគ្នារក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ពិសេសអភិវឌ្ឍខេត្តកំពង់ស្ពឺ ឲ្យមានភាពរីកចំរើន។
ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានណែនាំឲ្យស្នងការនគរបាលខេត្តកំពង់ស្ពឺថ្មី ត្រូវធ្វើជាសេនាធិការគ្រប់ជ្រុងជ្រោយដល់គណៈបញ្ជាការឯកភាពខេត្ត ដើម្បីរំលេចចេញនូវស្នាដៃរបស់កងកម្លាំងនគរបាល ត្រូវដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម ទន្ទឹមនោះក៏ត្រូវសហការជាមួយកងកម្លាំងសមត្កិច្ច មន្ទីរ អង្គភាពពាក់ព័ន្ធ ពិសេសស្ថាប័នតុលាការទើបការងារអាចសម្រេចបានរលូនទៅមុខសំដៅរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពល្អនៅក្នុងទូទាំងខេត្ត ដើម្បីធានាដល់ការអភិវឌ្ឍ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ក៏បានកើនរំលឹកនូវស្នាដៃល្អៗដែលកងកម្លាំងនគរបាលជាតិទូទាំងប្រទេស បានបំពេញកន្លងមកដែលក្នុងនោះរួមមាន៖ កិច្ចការពារកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ, កិច្ចការពារព្រឹត្តិការណ៍នៃការប្រកួតកីឡាស៊ីហ្គេម និងប៉ារ៉ាហ្គេម, កិច្ចការពារការបោះឆ្នោត និងសង្ក្រាន្តឆ្នាំថ្មីដែលទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ក្នុងនោះកងកម្លាំងនគរបាលជាតិបានសម្របសម្រួលរៀបចំកិច្ចការពារឲ្យកម្មវិធីទាំងនោះបានសម្រេចទៅដោយក្រោមម្លប់សន្តិភាព។
ជាមួយគ្នានោះ ឯកឧត្តមអគ្គស្នងការនគរបាលជាតិ ក៏បានផ្តល់អនុសាសន៍ដល់ស្នងការនគរបាលខេត្តកំពង់ស្ពឺថ្មី ត្រូវយកគំរូតាមស្នងការនគរបាលខេត្តចាស់ ក្នុងការបញ្ជាដឹកនាំកងកម្លាំង និងការកៀគរសប្បុរសជនដើម្បីអភិវឌ្ឍនៅក្នុងស្នងការដ្ឋាន ដោយសារជាខេត្តសេដ្ឋកិច្ចមានតំបន់រោងចក្រច្រើន ដូច្នេះត្រូវហៅអ្នកបើកបររថយន្តដឹកកម្មករមកផ្សព្វផ្សាយណែនាំអប់រំអំពីច្បាប់ចរាចរណ៍ ព្រមទាំងពិនិត្យបច្ចេកទេសយាន្តយន្តផងដែរ។
ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ក៏បានណែនាំដល់ស្នងការនគរបាលខេត្តកំពង់ស្ពឺថ្មី ដើម្បីជាបទពិសោធន៍ក្នុងការបំពេញ
ភារកិច្ចរួមមាន៖
១- ដឹកនាំសហការជាមួយស្នងការរងទទួលផែន និងកម្លាំងជំនាញពាក់ព័ន្ធ ពិសេសយកចិត្តទុកដាក់អំពីសុខទុក្ខរបស់មន្រ្តីក្រោមឱវាទ។
២- ការប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន, បញ្ហាក្មេងទំនើង, បញ្ហាល្បែងស៊ីសង ពិសេសឆ្នោតផ្សងសំណាង ស្នងការនគរបាលខេត្តថ្មី ត្រូវយកចិត្តទុកដាក់ពាក់ព័ន្ធនិងករណីទាំង៣នេះ។
៣- ពង្រឹងវត្តមានមន្ត្រីក្រោមឱវាទជាប្រចាំដើម្បីប្រសិទ្ធភាពការងារ ទន្ទឹមនោះរៀបចំឲ្យមានលិខិតសរសើរ, ប័ណ្ណសរសើរដល់បុគ្គល រឺជាក្រុមដែលមានស្នាដៃក្នុងការបំពេញភារកិច្ចល្អ ដោយឡែកចំពោះមន្រ្តីដែលប្រព្រឹត្តខុសត្រូវអនុវត្តតាមវិន័យរបស់កងកម្លាំង។
៤- ហាមដាច់ខាតការផ្ទេរកម្លាំងពីប៉ុស្តិ៍នគរបាលរដ្ឋបាល, នគរបាលវរៈការពារព្រំដែន, អន្តរាគមន៍មកបម្រើការនៅស្នងការដ្ឋាន រឺកន្លែងផ្សេងទៀត។ ពាក់ព័ន្ធការស្នើសុំតែងតាំងមន្ត្រី ត្រូវមានកំណត់ហេតុប្រជុំវាយតំលៃពីក្រុមប្រឹក្សាវិន័យច្បាស់លាស់ ស្នងការរងទទួលផែនធនធានមនុស្ស ត្រូវត្រួតពិនិត្យលើបញ្ហានេះ។
ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ជំរុញឲ្យអាជ្ញាធរក្នុងមូលដ្ឋានធ្វើការដោះស្រាយជម្លោះក្រៅប្រព័ន្ធតុលាការចំពោះបញ្ហាវិវាទនៅក្នុងគ្រួសារដែលមានលក្ខណៈតូចតាច ដែលការធ្វើបែបនេះអាចធ្វើឲ្យភាគីជម្លោះមានភាពចំណេញទាំងពេលវេលា និងថវិកាទាំងសងខាង។
ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បានណែនាំដល់មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាល និងជំនាញពាក់ព័ន្ធត្រូវបើកទ្វារចាំទទួលពាក្យបណ្តឹងទាំងឡាយពីប្រជាពលរដ្ឋ
២៤ម៉ោងលើ២៤ម៉ោង និងត្រូវធ្វើការឆ្លើយតបទៅកាន់ប្រជាពលរដ្ឋវិញពីសំណុំរឿងដែលត្រូវបានដោះស្រាយបានកំរិតណា សំដៅធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋមានភាពកក់ក្តៅ និងជឿជាក់មកលើកងកម្លាំនគរបាល ទន្ទឹមនោះការអនុវត្តតួនាទីភារកិច្ច ត្រូវប្រកាន់ខ្ជាប់នូវភាពម៉ឺងម៉ាត់ ប៉ុន្តែទន់ភ្លន់។
មុននឹងបញ្ចប់ ដើម្បីជាការលើកទឹកចិត្ត ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានឧបត្ថម្ភថវិកាចំនួន ១០លានរៀល ម៉ូតូ៣គ្រឿង និងឧបករណ៍សម្ភារៈសម្រាប់បម្រើឲ្យកិច្ចប្រតិបត្តិការដល់ស្នងការដ្ឋាហិននគរបាលខេត្តកំពង់ស្ពឺ, ឧបត្ថម្ភថវិកាចំនួន ៣លានរៀល ដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត, ឧបត្ថម្ភថវិកាចំនួន ៣លានរៀល ដល់តំបន់ប្រតិបត្តិការសឹករងខេត្ត និងឧបត្ថម្ភថវិកាចំនួន ៣លានរៀល ដល់ពន្ធនាគារខេត្តផងដែរ៕

