អភិបាលខេត្តត្បូងឃ្មុំ ប្រារព្ធពិធីអភិសេករូបសំណាកហ្លួងព្រះស្ដេចកន គង់លើខ្នងសេះ ធ្វើពីស្ព័ន កំពស់ជាង១៣ម៉ែត្រ ជាស្នាដៃចុងក្រោយ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ មុនផ្លាស់ទៅជា អភិបាលខេត្តកំពង់ស្ពឺ

(ត្បូងឃ្មុំ)៖ នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ រដ្ឋបាលខេត្តត្បូងឃ្មុំ ដឹកនាំដោយឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ម៉េង វ៉ាន់ដានីន និងឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត រួមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការជុំវិញខេត្ត ប្រារព្ធពិធីអភិសេករូបសំណាកហ្លួងព្រះស្ដេចកន គង់លើខ្នងសេះ ធ្វើពីស្ព័ន តាមបែបប្រពៃណីសាសនានៅរង្វង់មូលហ្លួងព្រះស្តេចកន ចំណុចផ្លូវចូលតំបន់រដ្ឋបាលខេត្ត លើកំណាត់ផ្លូវជាតិលេខ៧ ត្រង់គីឡូម៉ែត្រ១៥៧+២១០ ស្ថិតនៅភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ទីរួមខេត្តត្បូងឃ្មុំ។

គូសបញ្ជាក់ថា ៖ រូបសំណាកហ្លួងព្រះស្ដេចកន ផ្តួចផ្តើមនិងដឹកនាំកសាងឡើងដោយ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ម៉េង វ៉ាន់ដានីន ក្នុងគោលបំណងដើម្បីលើកកម្ពស់សោភ័ណភាព បញ្ចៀសគ្រោះថ្នាក់ចរាចរណ៍ ធានាសុវត្ថិភាពក្នុងការធ្វើដំណើរឆ្លងកាត់ចេញ-ចូលតំបន់រដ្ឋបាលខេត្ត។

រូបសំណាកហ្លួងព្រះស្ដេចកន កម្ពស់ពីដីដល់ចុងកំពូល១៣,៣៥ម៉ែត្រ កម្ពស់សេះ និងរូប១១ម៉ែត្រ ធ្វើពីស្ព័ន គ្រឹះបេតុង។ រង្វង់មូលមានអង្កត់ផ្ចិត៣៦ម៉ែត្រ និងមានផ្ទៃក្រឡា១,០១៧ម៉ែត្រការ៉េ ដោយចាប់ផ្តើមដំណើរការសាងសង់នៅថ្ងៃ០៥ ខែវិច្ឆិកា ឆ្នាំ២០២១ និងត្រូវបានបញ្ចប់ការសាងសង់ នាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤នេះ។

រង្វង់មូលដ៍ល្អមួយនេះ បានលេចចេញជារូបរៀងឡើង ពិតជាឆ្លុះបញ្ចាំងបង្ហាញយ៉ាងច្បាស់ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព ស្ថិរភាព នយោបាយ និងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមមានវឌ្ឍនភាពលើគ្រប់វិស័យគួរជាទីមោទន។

ជាពិសេសក្រោមការផ្តួចផ្តើមពីសំណាក់ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានដឹកនាំរដ្ឋបាលខេត្តត្បូងឃ្មុំ និងថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ បានធ្វើឲ្យសន្ទុះនៃការអភិវឌ្ឍន៍គ្រប់មូលដ្ឋាននៅក្នុងខេត្ត បាននឹងកំពុងអភិវឌ្ឍន៍កាន់តែប្រសើរឡើង ខណៈដែរការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយគុណភាព តម្លាភាព និងប្រសិទ្ធភាព។IMG_20240629_091120

You might like