កំពង់ចាម: អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានណែនាំដល់មន្ត្រី ពាក់ព័ន្ធ ក៏ដូចជាកងកម្លាំងទាំងអស់ ត្រូវពង្រឹងកិច្ចការពារសន្តិសុខ សុវត្ថិភាព ជូនកីឡាករទូក និង បងប្អូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ ខណៈព្រឹត្តិការណ៍ប្រណាំងទូកនៅថ្ងៃទី១៧ ខែតុលា នេះ មាន៥៩ទូកចូលរួមប្រកួតប្រជែងដណ្តើមជ័យលាភី ថ្លែងបែបនេះក្នុងកិច្ចប្រជុំគណៈកម្មការរៀបចំ ពិធីប្រណាំងទូកថ្នាក់ខេត្ត នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ ។
ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានណែនាំដល់មន្ត្រីពាក់ព័ន្ធ ក៏ ដូចជាកងកម្លាំងទាំង៣ ត្រូវយកចិត្តទុកដាក់លើបញ្ហាចរាចរណ៍ ដោយរៀបចំទុកដាក់រថយន្តឱ្យ មានសណ្តាប់ធ្នាប់ល្អប្រសើរបានត្រឹមត្រូវ ធ្វើយ៉ាងណាកុំឱ្យមាន ការកកស្ទះក្នុងពេលដែលកម្លាំងកំពុងឈរជើងនៅតាមគោលដៅ ត្រូវយល់ដឹងអំពីតួនាទីភារកិច្ចរបស់ខ្លួន ដើម្បីបំពេញកាតព្វកិច្ច និងអនុវត្តនូវកិច្ចអន្តរាគមន៍នានា នៅពេលមានបទបញ្ជា ។
ក្រៅពីនោះត្រូវយកចិត្តទុកដាក់លើបញ្ហាទីកន្លែងស្នាក់នៅរបស់កីឡាករអុំទូក ចៀសវាងកុំអោយមានជនឆ្លៀតឱកាសចូលបង្កបញ្ហា គឺត្រូវរៀបចំផែនការការពារសន្តិសុខធ្វើយ៉ាងណាឱ្យបងប្អូនចំណុះទូកទាំងអស់ត្រូវទទួលបានសុវត្ថិភាពល្អនិងស្នាក់នៅបានសមរម្យ ។
ឯកឧត្តមអភិបាលខេត្ត បានណែនាំថា ចំពោះកម្លាំងល្បាត ត្រូវប្រើប្រាស់កម្លាំងអាវុធហត្ថ និងនគ បាលអន្តរាគមន៍ ដោយប្រើប្រាស់ចិត្តសាស្ត្រក្នុងការដើរល្បាត ធ្វើយ៉ាងណាត្រូវក្ដាប់មុខសញ្ញាឱ្យ បាន កុំឱ្យមានករណីលួច ករណីលូកហោប៉ៅ ឬករណីចោរកម្មផ្សេងៗកើតឡើង ។ ក្រៅពីនោះ ត្រូវយកចិត្តទុកដាក់ ក្នុងការបង្កើតទីតាំងប្រមូលផ្តុំព័ត៌មាន ដើម្បីធ្វើការផ្សព្វផ្សាយ ក្នុងករណីបាត់ ក្មេង ឬបាត់របស់របរផ្សេងៗ បន្ទាប់ពីមានប្រជាពលរដ្ឋ បានរាយការណ៍ដល់សមត្ថកិច្ចនោះ។
ជាមួយគ្នានោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៏បានថ្លែងប្រាប់ដល់មន្ត្រីពាក់ព័ន្ធ ឱ្យ ធ្វើការផ្សព្វផ្សាផយណែនាំដល់ក្រុមកីឡាករអុំទូកទាំងអស់ ត្រូវគោរពវិន័យដោយស្តាប់តាមការ រៀបចំរបស់គណៈកម្មការបច្ចេកទេស និងគោរពម៉ោងពេលវេលា ព្រមទាំងស្លៀកពាក់ ឯកសណ្ឋានឱ្យបានស្អាតត្រឹមត្រូវគ្រប់ៗគ្នាផងដែរ ៕
