នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែតុលា ឆ្នាំ២០២៤ នេះ នៅវិហារធំគីឡូម៉ែត្រលេខ៩ ខណ្ឌប្ញស្សីកែវ មានរៀបចំពិធីស្តីពីការបិទផ្សាយទិន្នន័យជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យស្ថិតនៅភូមិ១ ភូមិ២ ភូមិ៣ និងភូមិ៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ក្រោមអធិបតីភាព លោក ជិន ប៊ុនធឿន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណះអភិបាលរាជធានីភ្នំពេញ និងជាអភិបាលខណ្ឌប្ញស្សីកែវ និងលោក ពឹង រតនៈ អនុប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ។
នាឱកាសនោះ ក្នុងនាមឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ,លោក ជិន ប៊ុនធឿន បានលើកឡើងថាការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធលើដីឯកជនរបស់រដ្ឋនេះ ជួយដល់ប្រជាពលរដ្ឋទទួលបាននូវការធានាសុវត្ថិភាពផ្លូវច្បាប់លើវិស័យដីធ្លី ។
ក្រោយពីបានចុះស្រង់ទិន្នន័យ ម្ចាស់អចលនវត្ថុ ប្រភេទទ្រព្យ ទីតាំងអចលនវត្ថុចុះវាស់វែង កំណត់ព្រំដី កសាងប្លង់សុរិយោដី និងបញ្ជីម្ចាស់អចលនវត្ថុមកក្រុមជំនាញសុរិយោដី បានបិទផ្សាយនូវប្លង់សុរិយោដី និងបញ្ជីអចលនវត្ថុនាថ្ងៃនេះ ។
ការបិទផ្សាយទិន្នន័យជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យនេះ គឺចាប់ផ្តើមពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ គឺ១៥ ថ្ងៃ គត់ ដោយគិតទាំងថ្ងៃសៅរ៍ ថ្ងៃអាទិត្យ និងថ្ងៃបុណ្យផងដែរ ។
ជាមួយគ្នានេះដែរ លោកអភិបាលខណ្ឌ សូមអាជ្ញាធរ ភូមិ សង្កាត់ ផ្សព្វផ្សាយអំពីការបិទផ្សាយទិន្នន័យជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនេះ ឲ្យប្រជាពលរដ្ឋបានមកពិនិត្យគ្រប់ៗគ្នា ហើយប្រជាពលរដ្ឋទាំងអស់ សូមពិនិត្យឈ្មោះ ប្រភេទទ្រព្យ ទីតាំងអចលនទ្រព្យ ឲ្យបានត្រឹមត្រូវ បើមានការឆ្ងល់ ឬជំទាស់ចំណុចណា សូមបងប្អូនទាក់ទងមន្ត្រីជំនាញ ដើម្បីធ្វើការពន្យល់ និងកែតម្រូវ ។ បើហួសរយៈពេល១៥ថ្ងៃ ទិន្នន័យទាំងនេះមិនអាចកែប្រែបានឡើយ ។
ក្រោយពីពិនិត្យទិន្នន័យនេះហើយ មន្ត្រីជំនាញនឹងបញ្ចូនទិន្នន័យទាំងនេះ សូមការឯកភាពពីនាយកកម្មវិធីអនុវិស័យដីធ្លី រាជធានីភ្នំពេញប្រធានគណៈកម្មការរដ្ឋបាល និងឯកឧត្តមអភិបាលរាជធានីភ្នំពេញផងដែរ ៕

