លោក ឃួង ស្រេងនាំយកអំណោយរបស់សម្តេចបវរធិបតីហ៊ុន ម៉ាណែតនិងលោក ជំទាវបណ្ឌិតជូនសមាជិកសមាគមមនុស្សចាស់ជាង៥០០នាក់…

(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានកិត្តិយស នៃអនុគណៈកម្មការដើម្បីមនុស្សចាស់កម្ពុជារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ បានជួបសំណេះសំណាលជាមួយមនុស្សវ័យចាស់ ចំនួន៥២៥រូប ក្នុងឱកាសអបអរសាទរ ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់ អន្តរជាតិ ០១-តុលា-២០២៤។

ក្នុងឱកាសនោះលោក ឃួង ស្រេង បាននាំអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដោយក្នុងម្នាក់ៗ ទទួលបានអង្គរចំនួន ២៥គីឡូក្រាម, ភួយ០១, ក្រមា០១, ត្រីខ ០១យូរ (១០កំប៉ុង), មី ០១កេសតូច, ទឹកបរិសុទ្ធ ០១កេស និងថវិកា ចំនួន៥០,០០០រៀល។

លោក ឃួង ស្រេង បានធ្វើការផ្តាំផ្ញើឱ្យមន្ទីរពាក់ព័ន្ធ និងអាជ្ញាធរខណ្ឌទាំង១៤ សង្កាត់ទាំង១០៥ បន្តយកចិត្តទុកដាក់ខ្ពស់ ចំពោះមនុស្សចាស់ ស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺមិនទុកឱ្យមនុស្សវ័យចាស់រស់នៅឯកកោឡើយ។

លោក ឃួង ស្រេង បានលើកឡើងថា លោក អ៊ុំ លោកពូ អ្នកមីង វ័យចាស់កន្លងមកនេះ បានចូលរួមសកម្មភាពជាមួយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី តាំងពីឆ្នាំ១៩៧៩មក ក្នុងការកសាងប្រទេសជាតិឲ្យ អភិវឌ្ឍរីកចម្រើន ជឿនលឿន រហូតមកដល់បច្ចុប្បន្ននេះ។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត មិនភ្លេចគុណបំណាច់មនុស្សចាស់ឡើយ ហើយក្មេងជំនន់ក្រោយ បាននិងកំពុងអនុវត្តឱ្យសម្រេចបាននូវចក្ខុវិស័យ ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេស មានចំណូលខ្ពស់នៅឆ្នាំ២០៥០ ដែលជាបំណងប្រាថ្នារបស់ឱពុកម្តាយគ្រប់រូបនេះជាមោទនៈភាពរបស់យើងទាំងអស់គ្នា ដែលមានថ្នាក់ដឹកនាំដ៏ឆ្នើម គឺសម្តេចតេជោ ហ៊ុន សែន និងបន្តដឹកនាំដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។

លោក ឃួង ស្រេង បានបន្តថា ការបង្កើតឱ្យមានកម្មវិធីជួបសំណេះសំណាលសួរសុខទុក្ខមនុស្សវ័យចាស់ ក្នុងរាជធានីភ្នំពេញនេះ ធ្វើឡើងដើម្បីបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ចំពោះមនុស្សចាស់ ដែលពួកគាត់កន្លងមកបានយកអស់កម្លាំងកាយចិត្ត ក្នុងការបម្រើជាតិមាតុភូមិ និងអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី២៦ ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់ អន្តរជាតិ ១ តុលា ឆ្នាំ២០២៤ ក្រោមប្រធានបទ «មនុស្សចាស់ក្នុងបរិវត្តកម្មឌីជីថល»។

ក្នុងឱកាសនោះដែរ លោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានីភ្នំពេញ បានថ្លែងថា លោក ឃួង ស្រេង តែងតែដឹកនាំផ្តួចផ្តើមចង្អុលបង្ហាញជាប់ជាប្រចាំឱ្យគ្រប់មន្ទីរ-អង្គភាព ជំនាញពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ គិតគូរអំពីសុខទុក្ខ និងជីវភាពរស់នៅរបស់មនុស្សវ័យចាស់ តាមរយៈការជួយឧបត្ថម្ភគាំទ្រទាំងផ្នែកស្មារតី ថវិកា និងសម្ភារៈ ចែកជូនដល់មនុស្សវ័យចាស់ ជាពិសេសមនុស្សវ័យចាស់ ដែលស្ថិតក្នុងគ្រួសារក្រីក្រ និងជួបការលំបាក។

លោកស្រីបានបន្តថា ក្នុងរយៈពេល០៩ខែ ឆ្នាំ២០២៤នេះ នៅក្នុងរាជធានីភ្នំពេញ មនុស្សវ័យចាស់ អាយុគិតចាប់ពី ៦១ឆ្នាំឡើងទៅចំនួន ១៩២,៣៩៩នាក់ (ស្រី៩៩,២៤២) នាក់។ បានកំពុងគ្រប់គ្រងសមាជិកសមាគមមនុស្សចាស់ ចំនួន ២២,១៤៩នាក់ (ស្រី១៣,៧៥០នាក់)។ បានសហការធ្វើបញ្ជីបច្ចុប្បន្នភាពតាមមូលដ្ឋានសង្កាត់ទាំង១០៥ នៃប្រមូលទិន្នន័យមនុស្សវ័យចាស់ជរាចំនួន ៣,៥២០នាក់ (ស្រី ១,៧៣៣នាក់)៕FB_IMG_1730961176437 FB_IMG_1730961187006 FB_IMG_1730961203631 FB_IMG_1730961210048 FB_IMG_1730961225238 FB_IMG_1730961239951 FB_IMG_1730961259828 FB_IMG_1730961268237 FB_IMG_1730961304371 FB_IMG_1730961274173 FB_IMG_1730961287267

You might like