ខេត្តតាកែវបានរៀបចំព្រឹត្តិការណ៍ការ ប្រកួតកីឡាបាល់ទះរវៀងមិត្តភាពត្រៀម ខ្លួនចូលរួមប្រកួតកីឡាបាល់ទះជ្រើស រើសជើងឯកថ្នាក់ជាតិ និងដណ្ដើមពានរង្វាន់សម្ដេចក្រឡាហោមស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រប្រចាំ ឆ្នាំ២០២៤..

ក្នុងរយៈពេលពេញមួយថ្ងៃនាអាទិត្យ ២រោចខែកត្តិកឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះលោកឧត្តមសេនីយ៍ទោម៉ែន លីស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត អញ្ជើញជាអធិបតីភាពក្នុងព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះមិត្តភាពរវាងក្លិបកីឡាបាល់ទះខេត្តតាកែវជួបជាមួយ ក្លិបកីឡាបាល់ទះខេត្តកែប និងក្លិបកីឡាបាល់ទះខេត្តកំពង់ស្ពឺ ព្រមទាំងសមាគមកីឡាបាល់ទះវិសាខាអាយុក្រោម២០ឆ្នាំ។

ដោយមានការចូលរួមពីសំណាក់លោក ឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តកែប តំណាងស្នងការនគរបាលខេត្តកំពង់ស្ពឺ និងតំណាងសមាគមវិសាខា(U២០)របស់ក្រសួងមហាផ្ទៃ និងមហាជនមកទស្សនាយ៉ាងច្រើនកុះករដែលប្រារព្ធធ្វើឡើងនៅតារាងបាល់ទះម៉ាក់ស្រីតី ម៉ាក់ស្រីតា ភូមិដូងខ្ពស់ ឃុំដូងខ្ពស់ ស្រុកបូរីជលសារ ខេត្តតាកែវ។ ចំពោះការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះមិត្តភាពនេះឡើងក្នុងគោលបំណងចង់ឲ្យយុវជនលេងកីឡាដើម្បីសុខភាព និងកីឡាករអាជីពសម្រាប់ប្រកួតប្រជែងទាំងលើឆាកជាតិ និងអន្តរជាតិ ព្រមទាំងដកស្រង់បច្ចេកទេសបទពិសោធិថ្មីៗដើម្បីត្រៀមខ្លួនចូលរួមប្រកួតកីឡាបាល់ទះជ្រើសរើសជើងឯកថ្នាក់ជាតិ និងដណ្ដើមពានរង្វាន់សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រប្រចាំឆ្នាំ២០២៤ខាងមុខនេះ។

ជាលទ្ធផលក្លិបកីឡាបាល់ទះខេត្តតាកែវ យកជ័យជំនះទទួលបានលេខ(១) លើក្លិបកីឡាបាល់ទះវិសាខា(U២០) លេខ(២)ក្នុងលទ្ធផល ៣សិត ទល់ និង១សិត និងក្លិបកីឡាបាល់ទះខេត្តកំពង់ស្ពឺលេខ(៣) ក្លិបកីឡាបាល់ទះខេត្តកែបលេខ(៤) បន្ទាប់មកលោកឧត្ដមសេនីយ៍ទោ ស្នងការនគរបាលខេត្ដ និងលោកស្រី បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនលើកទឹកចិត្តដល់ក្រុមជ័យលាភីលេខ១ចំនួន(២លានរៀល)លេខ២ ចំនួន(១លានរៀល) លេខ៣ (៨០ម៉ឺនរៀល)លេខ៤ ចំនួន(៤០ម៉ឺនរៀល) និងមន្រ្តីអាជ្ញាកណ្តាល ចំនួន (៦០ម៉ឺនរៀល)។

ជាចុងក្រោយលោកស្នងការបានផ្ដល់អនុសាសន៍ណែនាំផ្តាំផ្ញើដល់គ្រូបង្វឹក និងកីឡាករ ត្រូវខិតខំប្រឹងប្រែងហ្វឹកហាត់លើបច្ចេកទេសឲ្យបានច្រើន ជាពិសេសការវាយប្រយុទ្ធ និងការវាយសេវ៉ាអោយបានល្អ ព្រោះបច្ចេកទេសទាំងពីរនេះ គឺងាយយកពិន្ទុណាស់ក្នុងពេលការប្រកួតផងដែរ៕IMG_20241118_101148

You might like