ភ្នំពេញ៖ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងនាមក្រសួងជំនាញបានគិតគូរខ្ពស់ និងតែងយកចិត្តទុកដាក់ជាប្រចាំពីសុវត្ថិភាពបងប្អូនប្រជាពលរដ្ឋតាមដងផ្លូវ ជាពិសេសតាមដងផ្លូវដែលមានចរាចរណ៍មមាញឹក និងហានិភ័យខ្ពស់លើបញ្ហាគ្រោះថ្នាក់ចរាចរណ៍។
ជាក់ស្តែងនៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦នេះ លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកកម្ពុជា តំណាងឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះពិនិត្យសកម្មភាពដំឡើងបរិក្ខាររសុវត្ថិភាពចរាចរណ៍បន្ថែមលើដងផ្លូវជាតិលេខ៥(ចំណុចសាលាលេខ៥)រួមមាន៖ ភ្លើងសញ្ញាដាស់តឿនអ្នកបើកបរ(Warnning), គំនូសសញ្ញាចរាចរណ៍(Rumble Strips) និងផ្លាកសញ្ញាចរាចរណ៍ ដើម្បីដាស់ស្មារតីអ្នកបើកបរឱ្យគិតគូរពីសុវត្ថិភាពលើដងផ្លូវ។
ការចុះពិនិត្យធ្វើឡើងដោយមានចូលរួមពីក្រុមការងារគម្រោងផ្លូវជាតិលេខ៥, ក្រុមការងារJICA,ស្នងការនគរបាលខេត្តកំពង់ឆ្នាំង, មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង,អាជ្ញាមូលដ្ឋាន និងភាគីពាក់ព័ន្ធដទៃទៀត។ គួរបញ្ជាក់ថា ភ្លើងស្តុបថ្មីចំនួន២៤ទីតាំង ត្រូវដាក់ពង្រាយតាមបណ្តោយផ្លូវជាតិលេខ៥(កំពង់ឆ្នាំង,ពោធិ៍សាត់,បាត់ដំបង និងបន្ទាយមានជ័យ) រួមទាំងបរិក្ខាររសុវត្ថិភាពចរាចរណ៍ដទៃទៀតដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ និងបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ។
សម្ភារៈទាំងនោះបានដឹកទៅកាន់ទីតាំងដំឡើង ដោយបំពាក់តាមទីតាំងកំណត់ ដែលមានការសិក្សាត្រឹមត្រូវច្បាស់លាស់ ពីក្រុមការងារបច្ចេកទេសក្រសួងសាធារណការ និងដឹកជញ្ជូន និងភាគីមិត្តជប៉ុន៕
