ឯកឧត្តម អ៊ុន ចាន់ដា ស្នើដល់សមាជិកសមាគមសេវាដឹកជញ្ជូនខេត្តកំពង់ចាម ត្រូវគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួនក្នុងការដឹកជញ្ជូនភ្ញៀវ

(កំពង់ចាម) ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដាស់តឿន និងអំពាវនាវយ៉ាងទទូចដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសសមាជិកសមាគមសេវាដឹកជញ្ជូនទាំងអស់ក្នុងខេត្ត ត្រូវរួមគ្នាគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានម៉ឺងម៉ាត់បំផុត នៅពេលធ្វើអាជីវកម្មដឹកជញ្ជូនភ្ញៀវទេសចរ និងអ្នកដំណើរ។

ការស្នើនេះត្រូវបានធ្វើឡើងក្នុងពិធីជួបសំណេះសំណាលជាមួយ សមាជិកសមាគមសេវាដឹកជញ្ជូនខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តកំពង់ចាម។

ឯកឧត្តមអភិបាលខេត្ត បានសង្កត់ធ្ងន់ថា ការបើកបរត្រូវប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ មិនត្រូវបើកបរលើសល្បឿនកំណត់ ឬបើកបរក្នុងស្ថានភាពស្រវឹងឡើយ ព្រោះអាយុជីវិតរបស់ភ្ញៀវ និងអ្នកដំណើរស្ថិតនៅលើដៃរបស់អ្នកបើកបរ។ ក្រៅពីការគោរពច្បាប់ចរាចរណ៍ អ្នកបើកបរត្រូវបង្ហាញនូវឥរិយាបថសមរម្យ រួសរាយរាក់ទាក់ និងស្មោះត្រង់ ដើម្បីទាក់ទាញចិត្តភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យមកកម្សាន្តនៅក្នុងខេត្តកំពង់ចាមកាន់តែច្រើនឡើង។

ឯកឧត្តម អ៊ុន ចាន់ដា បន្តថា ការគោរពច្បាប់ចរាចរណ៍មិនត្រឹមតែជាកាតព្វកិច្ចផ្លូវច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែវាជាការឆ្លុះបញ្ចាំងពីតម្លៃសីលធម៌ និងការរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដែលជាក្តីកង្វល់របស់រាជរដ្ឋាភិបាល និងសង្គមជាតិទាំងមូល។ ឯកឧត្តម អភិបាលខេត្ត ក៏បានកោតសរសើរដល់សមាគមសេវាដឹកជញ្ជូនខេត្តកំពង់ចាម ដែលបានខិតខំប្រឹងប្រែងសម្របសម្រួល និងបម្រើសេវាកម្មជូនប្រជាពលរដ្ឋនាពេលកន្លងមក ហើយសង្ឃឹមយ៉ាងមុតមាំថា សមាជិកទាំងអស់នឹងចូលរួមអនុវត្តតាមការណែនាំនេះ ដើម្បីលើកកម្ពស់មុខមាត់ខេត្តកំពង់ចាមបន្ថែមទៀត។

ឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា ក៏បានឧបត្ថម្ភនូវមួកសុវត្ថិភាព និងថវិកាចំនួន ៥០,០០០ រៀល ជូនដល់បងប្អូនជាសមាជិកសមាគមសេវាដឹកជញ្ជូនម្នាក់ៗ ដែលបានចូលរួមក្នុងពិធីនោះផងដែរ៕FB_IMG_1781233778141 FB_IMG_1781233785138 FB_IMG_1781233796834 FB_IMG_1781233812092 FB_IMG_1781233837694

You might like