ខេត្តកំពត៖ នាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ឯកឧត្តម ហ៊ុន សុខា ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខេត្តកំពត និង លោក មួង នឿន អភិបាល នៃគណអភិបាលស្រុកអង្គរជ័យ អញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាលសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និងប្រគល់ឱ្យប្រើប្រាស់នូវផ្លូវលំក្រាលថ្មមិច ប្រវែង៥៥០ម៉ែត្រ នៅភូមិព្រៃឈើទាល ឃុំអង្គរជ័យ ស្រុកអង្គរជ័យ ខេត្តកំពត ដែលជាអំណោយរបស់ ឯកឧត្តម ហ៊ុន សុខា ដោយមានការចូលរួមពី សមាជិកក្រុមការងារចលនាកសាងសមាជិកនៅមូលដ្ឋានខេត្តកំពត មន្ត្រីមូលដ្ឋាន និងប្រជាពលរដ្ឋផងដែរ។
ជាកិច្ចចាប់ផ្តើម លោក មួង នឿន បានមានប្រសាសន៍ស្វាគមន៍ដល់បងប្អូនប្រជាពលរដ្ឋនិងកងកម្លាំងដែលបានចូលរួម និងថ្លែងអំណរគុណដល់ ឯកឧត្តម ហ៊ុន សុខា ទីប្រឹក្សាសម្តេចប្រធានគណបក្ស ដែលបានយកចិត្តទុក្ខដាក់នឹងសុខទុក្ខប្រជាពលរដ្ឋ គឺចំណាយថវិកាផ្ទាល់ខ្លួនមកកសាងផ្លូវដើម្បីបង្ករលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានសម្រាប់ធ្វើដំណើរផ្សេងៗ ដែលនេះគឺជាទឹកចិត្តដ៏ថ្លៃថ្លារបស់ឯកឧត្តម ដែលកន្លងទៅឯកឧត្តម បានចំណាយថវិកាផ្ទាល់ខ្លួនជាច្រើនដើម្បីជាប្រយោជន៍រួមនៅក្នុងមូលដ្ឋានស្រុកឈូក ខេត្តកំពត។
ជាកិច្ចបញ្ចប់ឯកឧត្តម ហ៊ុន សុខា បានសំណេះសំណាលបន្ថែមថា ការអភិវឌ្ឍន៍ដែលប្រព្រឹត្តទៅបាននេះ គឺមិនមែនជាស្នាដៃរបស់គណបក្សប្រឆាំងឡើយ នេះគឺជាស្នាដៃកើតឡើងពីសុខសន្តិភាពក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បច្ចុប្បន្នជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានអភិវឌ្ឍន៍ប្រទេសកម្ពុជាពីបាតដៃអត់ម្រាម រហូតដល់មានការអភិវឌ្ឍន៍ជាច្រើនជាបន្តបន្ទាប់នៅតាមមូលដ្ឋានជនបទថែមទៀតផង។ ឯកឧត្តមក៏សូមបងប្អូនប្រជាពលរដ្ឋធ្លាប់ចូលរួមជាមួយជនក្បត់ជាតិ៣ជំនាន់ សូមដកខ្លួននិងគិតឡើងវិញ ស្វែងរកជំរើសដ៏ត្រឹមត្រូវដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិជាមួយរាជរដ្ឋាភិបាល ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងអាណត្តិនីតិកាលទី៧នេះ។
