កិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គមប្រចាំខែវិច្ឆិកា និងលើកទិសដៅអនុវត្តការងារបន្តខែធ្នូ ឆ្នាំ២០២៤…

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គមប្រចាំ ខែវិច្ឆិកា និងលើកទិសដៅអនុវត្តការងារបន្តខែធ្នូ ឆ្នាំ ២០២៤ ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង លោកនាយការិយាល័យជំនាញទាំង៣២ លោកមេបញ្ជាការ មេបញ្ជាការរងវរសេនាតូច​នគរបាលការពារព្រំដែនគោកលេខ៦០៣ លោកអធិការ អធិការរងទទួលផែនការងារ ព្រហ្មទណ្ឌ សន្តិសុខ សណ្តាប់ធ្នាប់ និងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង១០ លោកនាយប៉ុស្តិ៍នគរបាល​ច្រកទ្វារទ្វេភាគីកំពង់ក្រសាំង និងលោកនាយប៉ុស្តិ៍​នគរបាលរដ្ឋបាលឃុំ-សង្កាត់ទាំង១០០ប៉ុស្តិ៍សរុបចំនួន ២១០នាក់ស្រី ១នាក់។

បន្ទាប់មកលោកវរសេនីយ៍ឯក សុខ ស៊ុយ នាយការិយាល័យសរុបផែនការឡើងអានរបាយការណ៍ស្វាគមន៍ប្រចាំខែ វិច្ឆិកា និងលើកទិសដៅអនុវត្តបន្តខែ ធ្នូ ឆ្នាំ២០២៤ និងស្នើឲ្យលោក លោកស្រី ប្រធានអង្គភាពពាក់ព័ន្ធលើកឡើងអំពីបញ្ហាប្រឈមនានាជូនគណធិបតីជ្រាប។

មានប្រសាសន៍ថ្លែងបូកសរុបក្នុងកិច្ចប្រជុំនោះ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ត បានណែនាំផ្តាំផ្ញើ និងកោតសរសើរចំពោះកងកម្លាំងនគរបាលខេត្តទាំងអស់ដែលខិតខំយកអស់កម្លាំងកាយចិត្តបំពេញតួនាទីភារកិច្ចនាពេលកន្លងមក ព្រមទាំងបានដាក់ចេញនៅគោលការណ៍យុទ្ធសាស្រ្តមួយចំនួន និងដាក់បទបញ្ជាដល់កម្លាំងនគរបាលតាមបណ្តាផែន ការិយាល័យជំនាញ អធិការ ស្រុក ក្រុង និងប៉ុស្តិ៍នគរបាលរដ្ឋបាល ជាពិសេសសង្កត់ធ្ងន់ទៅលើផែនការងារនគរបាលយុត្តិធម៌ សន្តិសុខ សណ្តាប់ធ្នាប់ និងផែនប្រឆាំងបទល្មើសគ្រឿងញៀន អំពីបញ្ហាប្រឈមជាក្តីព្រួយបារម្មណ៍សុខសុវត្ថិភាពក្នុងនាមជាមន្រ្តីនគរបាលជាតិ យើងត្រូវធ្វើយ៉ាងណាដើម្បីលុបបំបាត់កាត់បន្ថយបញ្ហាក្មេងទំនើង គ្រឿងញៀន គ្រោះថ្នាក់ចរាចរណ៍ បទល្មើសផ្សេងៗឲ្យបានទាបបំផុត ពង្រឹងវិន័យកងកម្លាំងនគរបាលជាតិកម្ពុជាថ្មីលេខ៨៧៣ ប្រ.ក របស់ក្រសួងមហាផ្ទៃ រក្សាសាមគ្គីភាពផ្ទៃក្នុងដើម្បីធានាប្រសិទ្ធភាពការងារជំនាញប្រចាំថ្ងៃ បន្តផ្តល់សេវាសាធារណៈជាប្រចាំជូនបងប្អូនប្រជាពលរដ្ឋតាមតម្រូវការឲ្យបានទាន់ពេលវេលា និងផែនការងារវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០៣ ត្រូវតែបង្កើនកិច្ចសហការជាមួយយោធាការពារព្រំដែន ក្នុងការចេញល្បាតចល័តតាមខ្សែបន្ទាត់ព្រំដែន និងបង្កើនកិច្ចសហប្រតិបត្តិការទំនាក់ទំនងល្អជាមួយប្រទេសជិតខាងជាប់ព្រំប្រទល់ខេត្ត និងខេត្ត ស្រុក និងស្រុក ដើម្បីផ្តល់ព័ត៌មានឲ្យគ្នាទៅវិញ ទៅមកក្នុងន័យទប់ស្កាត់ការចេញ-ចូលឆ្លងដែនខុសច្បាប់។

ជាមួយគ្នានេះដែរ លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត បន្តការណែនាំបន្ថែមដល់លោកអធិការនគរបាលគ្រប់ស្រុក ក្រុង ត្រូវតែពង្រឹងការងារ ការពារសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និងសុវត្ថិភាពសង្គមក្នុងភូមិសាស្រ្តដែលខ្លួនទទួលខុសត្រូវ ត្រៀមកម្លាំងនគរបាលប្រចាំការនៅប៉ុស្តិ៍សេវាសាធារណៈតាមបណ្តោយផ្លូវជាតិលេខ២,៣ នៅក្បែរទីប្រជុំជនងាយរងគ្រោះ ដើម្បីភូមិ ឃុំ សង្កាត់មានសុវត្ថិភាព និងត្រៀមកម្លាំងប្រចាំការ២៤ម៉ោងលើ២៤ម៉ោងកម្លាំងអន្តរាគមន៍ចេញល្បាតចល័ត បង្ការទប់ស្កាត់បង្រ្កាបរាល់បទល្មើសកើតឡើងជាយថាហេតុ បន្តការផ្សព្វផ្សាយតាមវេទិការសាធារណៈជិតទីប្រជុំជនអំពីផលប៉ះពាល់ នៃគ្រឿងញៀន ក្មេងទំនើង ល្បែងស៊ីសង ចោរលួច ឆក់ប្លន់គ្រប់ប្រភេទ បន្តការរឹតបន្តឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោករួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ បន្តជំរុញលើកកម្ពស់ចំពោះមន្រ្តីនគរបាលគ្រប់រូបដែលខិតខំប្រឹងប្រែងធ្វើការងារមានស្នាដៃ។ ជាចុងក្រោយលោកឧត្តមសេនីយ៍ទោ ស្នងការ បានដាក់បទបញ្ជាតាមបណ្តាផែន និងការិយាល័យជំនាញត្រូវធ្វើបញ្ជីរាយនាមកងកម្លាំងក្រោមឱវាទដែលមានអាយុ៤០ឆ្នាំចុះដើម្បីបង្កើតក្រុមអន្តរាគមន៍ពិសេសរបស់ស្នងការដ្ឋាននគរបាលខេត្តតាកែវផងដែរ៕IMG_20241122_072842

You might like