នៅព្រឹកថ្ងៃសៅរ៍ទី២៣ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ ឯកឧត្តមទេសរដ្ឋមន្ត្រី គី តិច អនុប្រធានទី១ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តតាកែវ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបាទី បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីពិនិត្យព្យាបាលសុខភាពភ្នែក ជូនដល់បង ប្អូន ពូមីង យាយតាទូទៅស្រុកបាទីប្រមាណជាង២៥០០នាក់ ក្នុងបរិវេណសហគមន៍ទន្លេបាទី ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ។
អង្គពិធីបានអញ្ជើញចូលរួមឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធាន អនុប្រធានក្រុមការងារទាំង១៥ឃុំ ព្រមទាំងលោក តែ ឆុន ប្រធានក្រុមប្រឹក្សាស្រុក និងលោក ភួន ឈីម អភិបាលស្រុក លោកមេឃុំគ្រប់ឃុំ អាជ្ញាធរស្រុកឃុំ ក្មួយៗសិស្សានុសិស្ស។
ថ្លែងក្នុងពិធីនោះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនបង ប្អូន ពូមីង យាយតា ថាក្នុងករណី បង ប្អូន ពូមីង មានបញ្ហាភ្នែក ឈានដល់ចំណុចវះកាត់ បង ប្អូន ពូមីង យាយតា ត្រូវទទួលព្យាបាល វះកាត់ ដោយសេចក្តីស្ម័គ្រចិត្ត ស្របទៅនឹងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត
(ព្យាបាល និងវះកាត់ តាមការស្ម័គ្រចិត្ត) ជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ដែលឯកឧត្តម ជិត ប៉ុណ្ណារ៉ា ប្រធានក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ឯកឧត្ដមឧបនាយករដមន្ត្រី អូន ព័ន្ធមុន្នីរ័ត្ន ជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកជំទាវ យូរ ស្រីលាភ។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានប្រគេន ជូន នូវលិខិតថ្លៃអំណរដល់ព្រះគេជគុណ ឯកឧត្តម លោកជំទាវ ក្រុមការងារចុះមូលដ្ឋានឃុំ ទាំង១៥ឃុំមេធាវីស្ម័គ្រចិត្ត ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត និងប្រកាសដំណើរការពិនិត្យ ព្យាបាល ជូន បង ប្អូន ពូមីង ដោយឥតគិតថ្លៃ តទៅ៕
