នាព្រឹកថ្ងៃទី០៤ ខែ ធ្នូ ឆ្នាំ២០២៤ នេះ ក្រុមប្រឹក្សាខេត្តស្ទឹងត្រែង បានបើកកិច្ចប្រជុំសាមញ្ញលើកទី៧ អាណត្តិទី៤ ក្រោមអធិបតីភាពឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និង លោក ស៊ី សួន អភិបាលរងខេត្ត ស្ទឹងត្រែង តំណាងឯកឧត្តម សរ សុពុត្រា អភិបាលខេត្ត
។
ដោយក្នុងកិច្ចប្រជុំនេះដែរ ក៏មានការអញ្ចើញ ពី សំណាក់សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ប្រធានមន្ទីរជុំវិញខេត្ត និងមន្ត្រីរាជការជាច្រើនរូប ។
មានប្រសាសន៍ ដឹកនាំកិច្ចប្រជុំ ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែងថ្លែងថា : កិច្ចប្រជុំនាពេលនេះ បានផ្តោតសំខាន់ទៅលើការត្រួតពិនិត្យការងារកន្លងមករបស់រដ្ឋបាលខេត្ត អក្ខរាវិរុទ្ធ និងខ្លឹមសារមិនពេញលេញ នៅតាមមន្ទីរ អង្គភាព ដើម្បីកែលម្អឱ្យមានភាពត្រឹមត្រូវឡើងវិញ បានជំរុញលើកទឹកចិត្តដល់ប្រធានមន្ទីរអង្គភាពទាំងអស់ សូមយកចិត្តទុកដាក់ទៅលើរបាយការណ៍ឱ្យបានល្អប្រសើរ ជាពិសេសពេលផ្ញើមករដ្ឋបាលខេត្ត សូមពិនិត្យឱ្យបានត្រឹមត្រូវ ពីខ្លឹមសារ អក្ខរាវិរុទ្ធ ទិន្នន័យមួយចំនួនឱ្យបានច្បាស់លាស់ ។
ជាមួយគ្នានេះផងដែរ ឯកឧត្តម ឈាង ឡាក់ បានលើកយកកិច្ចប្រជុំសាមញ្ញលើកទី៦ របស់ក្រុមប្រឹក្សាខេត្ត ដែលមានរបៀបវារៈចំនួន៥ រួមមាន៖ *១- ពិនិត្យ និងអនុម័ត កំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី ០៦ របស់ក្រុមប្រឹក្សាខេត្ត *២- ពិនិត្យ និងអនុម័ត របាយការណ៍ប្រចាំខែ វិច្ចិកា ឆ្នាំ២០២៤ និង ទិសដៅការងារសម្រាប់អនុវត្ត នៃខែបន្ទាប់ របស់រដ្ឋបាលខេត្ត *៣- ពិនិត្យ និងអនុម័ត សេចក្តីព្រាង របាយការណ៍វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តស្ទឹងត្រែង លើកទី១ អាណត្តិទី០៤
*៤- ពិនិត្យ និងអនុម័ត សេចក្តីព្រាងសេចក្តីសម្រេច តារាងផែនលទ្ធកម្ម ប្រចាំឆ្នាំ២០២៤ *៥- បញ្ហាផ្សេងៗ
លោក ស៊ី សួន អភិបាលរងខេត្តស្ទឹងត្រែង បានលើកឡើងថា : រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ដឹកនាំដោយសម្ដេចមហាមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់យ៉ាងខ្លាំងដល់ការអភិវឌ្ឍរបស់ខេត្តស្ទឹងត្រែង ក្នុងនោះ ការកសាង ហេដ្ឋានរចនាសម្ព័ន្ធ និង ប្រព័ន្ធធារាសាស្ត្រជាច្រើនកន្លែង បានផ្តល់សារៈប្រយោជន៍ចំពោះបងប្អូនប្រជាពលរដ្ឋក្នុងខេត្តស្ទឹងត្រែង ។
ក្នុងនោះ លោក ស៊ី សួន បានថ្លែងអំណរអរគុណ ក្រុមប្រឹក្សាខេត្ត ដែលបានជំរុញ និង កែលម្អ លើកិច្ចការមួយរបស់រដ្ឋបាលខេត្ត និង តាមមន្ទីរអង្គភាព ក្នុងខេត្ត ដើម្បីធ្វើឲ្យប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ ។ សម្រាប់កិច្ចការដែលនៅសេសសល់ រដ្ឋបាលខេត្ត បន្តជំរុញ ដល់អង្គភាពពាក់ព័ន្ធ បន្តដោះស្រាយ និង ដើម្បីបំរើ ដល់ប្រជាពលរដ្ឋ ក៏ដូចធ្វើយ៉ាងឲ្យខេត្តស្ទឹងត្រែង មានការអភិវឌ្ឍជាបន្តបន្ទាប់ថែមទៀត។
ឆ្លៀតក្នុងឪកាសនោះដែរ ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សា ខេត្តស្ទឹងត្រែង បានវាយតម្លៃខ្ពស់ នៃកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងសមត្ថកិច្ចពាក់ព័ន្ធ ដែលបានធ្វើប្រតិបត្តិការការពារសន្តិសុខ សុវត្ថិភាពសាធារណៈជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ អន្តរជាតិ។
