សាខាសមាគមនារីខេត្តកំពង់ចាមបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤និងទិសដៅភារកិច្ចឆ្នាំ២០២៥

សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងទិសដៅភារកិច្ចបន្ត របស់សាខាសមាគមនារីខេត្ត ក្រោមអធិបតីភាពឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម លោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា ប្រធាកិត្តិយស់សាខាសមាគមនារីខេត្ត និងឯកឧត្តម សួស ឡា ប្រធានសាលាដំបូងខេត្តកំពង់ចាម នៅសាលប្រជុំសាលាខេត្តកំពង់ចាម ។

បើតាមរបាយការណ៍ លោកជំទាវ ប៉ាង ដានី ប្រធានប្រតិបត្តិសាខាសមាគមនារីខេត្ត បានឲ្យដឹងថា សាខាសមាគមនារីខេត្ត ក៏ដូចជាបណ្តាញស្ត្រី នៅក្រុង-ស្រុក ឃុំ-សង្កាត់ បានរួមគ្នាយ៉ាងផុសផុល ក្នុងសកម្មភាពមនុស្សធម៌ និងការងាររបស់រាជរដ្ឋាភិបាល ដែលសកម្មភាពទាំងអស់នេះ គឺជាឧត្តមប្រយោជន៍ដល់ស្ត្រី ចាស់ជរា ស្ត្រីគ្មានទីពឹង ស្ត្រីមេម៉ាយ និង កុមារកំព្រាជាដើម ដែលទាំងនេះគឺ ជាគោលដៅសំខាន់ក្នុងការជួយដោះស្រាយ ជូនដល់បងប្អូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន ។

នាឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោកជំទាវ លោកស្រី ជាថ្នាក់ ដឹកនាំ និងសមាជិកាសមាគមនារីកម្ពុជាគ្រប់លំដាប់ថ្នាក់ក្នុងខេត្តកំពង់ចាម ដោយបានយកអស់ពី កម្លាំងកាយចិត្ត ទាំងធនធាន និងបញ្ញាស្មារតី ក្នុងការបំពេញតួនាទីភារកិច្ច ចូលរួមសកម្មភាព បម្រើប្រជាពលរដ្ឋ ដើម្បីសម្រួលនូវទុក្ខលំបាករបស់ប្រជាពលរដ្ឋ ពិសេសស្ត្រី និងក្មេងស្រី ព្រមទាំង ជនងាយរងគ្រោះក្នុងខេត្តរបស់យើង ទទួលបានលទ្ធផលគួរជាទីមោទនៈ ដែលទាំងអស់នេះ បានឆ្លុះបញ្ចាំង អំពីការចូលរួមចំណែកគាំទ្រអនុវត្តតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តម អភិបាលខេត្តបន្តថា ក្នុងនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ច កោណ ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីវភាព ដោយកំណត់ យកអាទិភាពគន្លឹះចំនួន៥ រួមមាន៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ព្រមទាំងបានកំណត់ សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងស្រីជាអាទិភាពផងដែរ៕IMG_20250401_195433

You might like