នៅព្រឹកថ្ងៃអាទិត្យ ទី៦ ខែ មេសា ឆ្នាំ២០២៥ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ ព្រមទាំង លោកអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត និងលោកអភិបាលក្រុងដូនកែវ រួមជាមួយ មន្រ្តីរាជការ បានអញ្ជើញជាអធិបតីចូលរួមលេងកម្សាន្តល្បែងប្រជាប្រិយក្នុងពិធីបើកសង្ក្រានឆ្នាំថ្មី នៅវិទ្យាល័យជាស៊ីមតាកែវ ជាមួយនឹងយុវជន យុវនារី សិស្សានុសិស្ស បងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត និងមន្រ្តីរាជការ បានចូលរួមលេងល្បែងប្រជាប្រិយដូចជា បោះអង្គញ់ វាយក្អម និងទាញព្រ័តជាដើម ក្រៅពីនេះ រដ្ឋបាលក្រុង រួមជា មួយនឹងគណៈកម្មការសាលាក៏បានរៀបចំឲ្យមានការលេង ល្បែងប្រជាប្រិយផ្សេងៗទៀត និងការរាំលេងកម្សាន្តផងដែរ ។
ឯកឧត្តម អភិបាលខេត្ត បានមានប្រសាសន៍ឲ្យដឹងថា រដ្ឋបាលខេត្តតាកែវ បានជំរុញឲ្យមានការរាំកម្សាន្ត និងលេងល្បែងប្រជាប្រិយខ្មែរឲ្យបានទូលំទូលាយ មុនឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ ដើម្បីបង្កើតភាពសប្បាយរីករាយ ក៏ដូចជាដើម្បីបង្ហាញអំពីល្បែងប្រជាប្រិយរបស់ព្រះរាជាណាចក្រកម្ពុជា ជូនចំពោះភ្ញៀវ និងសប្បុរសជន អ្នកវិនិយោគបរទេស ទាំងអស់ បានឃើញពីស្ថានភាពជាក់ស្តែងថាប្រទេសកម្ពុជាយើងមានសុខសន្តិភាព ប្រជាពលរដ្ឋរស់នៅប្រកបដោយភាពសុខដុមរមនា និងមានការជួបជុំគ្នាក្នុងថ្ងៃចូលឆ្នាំថ្មី ក្រោមការ ដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ៕
