អភិបាលខេត្តកំពង់ចាម ថ្លែងអំណរគុណដល់ ថ្នាក់ដឹកនាំ និងអ្នកពាក់ព័ន្ធ ដែលបានចូលរួមចំណែកធ្វើឲ្យកិច្ចដំណើរមហាសង្ក្រាន្ត ៣ថ្ងៃ នៅខេត្តកំពង់ចាមទទួលលទ្ធផលល្អប្រសើរ

ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម សូមថ្លែងអំណរគុណ និងការកោតសរសើរ ចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមចំណែក ក្នុងការរៀបចំព្រឹត្តិការណ៍សង្ក្រាន្ត ៣ថ្ងៃ នៅខេត្តកំពង់ចាម ទទួលបានលទ្ធផលល្អប្រសើរ គួរជាទីមោទនៈ ។ ការថ្លែងយ៉ាងដូច្នេះ នាឱកាស ឯកឧត្ដម អភិបាលខេត្ត អញ្ជើញជាអធិបតី ជាមួយ ឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ក្នុងកិច្ចប្រជុំរៀបចំកម្មវិធីបុណ្យខួបគម្រប់ ៣ឆ្នាំ ដើម្បី ឧទ្ទិសកុសលដួងវិញ្ញាណក្ខន្ធ សម្ដេចឧត្ដមទេពញ្ញាណ ហ៊ុន ណេង ដែលបានរៀបចំនៅសាលប្រជុំសាលា នាព្រឹកថ្ងៃទី១៨ មេសា ឆ្នាំ២០២៥ នេះ។

ឯកឧត្ដម អភិបាលខេត្តកំពង់ចាម បានថ្លែងបញ្ជាក់ថា លទ្ធផលជោគជ័យ នៃការរៀបចំព្រឹត្តិការណ៍សង្ក្រាន្ត រយៈពេល ៣ថ្ងៃ នេះ ដោយរាប់គិតចាប់តាំងពីថ្ងៃចាប់ផ្ដើម រហូតដល់ថ្ងៃបញ្ចប់ទៅ គឺបានមកពី កត្តាឯកភាព និងកត្តាសាមគ្គីភាព ។ យ៉ាងណាមិញ ការរៀបចំព្រឹត្តិការណ៍លៀសហាល ប្រវែង ១.០០០ម៉ែត្រ ទម្ងន់ ៣តោន បានដំណើរការល្អប្រសើរទៅបាន អាស្រ័យដោយ មានពីការរួមចំណែក ពីគ្រប់សមាសភាព ទាំងអាជ្ញាធរ មន្ទីរ អង្គភាព ស្ថាប័ន និងប្រជាពលរដ្ឋ ពីគ្រប់មជ្ឈដ្ឋាន ផងដែរ ។ ឯកឧត្ដម អភិបាលខេត្តកំពង់ចាម បញ្ជាក់បន្ថែមថា លៀសហាល វាគ្រាន់តែ ជាព្រឹត្តិការណ៍មួយ ក្នុងចំណោមព្រឹត្តិការណ៍ផ្សេងៗទៀត ប៉ុណ្ណោះ ប៉ុន្តែ វាបានឆ្លុះបញ្ចាំង អំពីកត្តាឯកភាព និងកត្តាសាមគ្គីភាព ដែលបានមកពីកិច្ចសហការ និងការរួមចំណែក ពីតួអង្គពាក់ព័ន្ធទាំងអស់ រហូតដល់នាឆ្នាំនេះ ខេត្តកំពង់ចាម ទទួលបានភ្ញៀវចូលរួមលេងកំសាន្ត ប្រមាណជា ជិត ៣លាននាក់ និងជាខេត្តជាប់ចំណាត់ថ្នាក់លេខ ៣ នៅទូទាំងប្រទេស បន្ទាប់ពីរាជធានីភ្នំពេញ និងខេត្តសៀមរាប ផងដែរ៕IMG_20250419_224351

You might like