នៅថ្ងៃសៅរ៍ ១៤កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥
ឯកឧត្តម ស្វាយ ស៊ីថា ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ និង ឯកឧត្ដម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញបើកវគ្គបណ្ដុះបណ្ដាល «ការពង្រឹងការងារព័ត៌មាន និងសាធារណមតិ នៅក្នុងយុគសម័យឌីជីថល» ។
វគ្គបណ្ដុះបណ្ដាលនេះ ក៏មានការអញ្ជើញចូលរួមដោយ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អនុប្រធានអចិន្ត្រៃយ៍ (គ.ស.ព.ស. ) ឯកឧត្តម ទិត សុធា ប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្ដីការគណៈរដ្ឋមន្រ្តី ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន ព្រមទាំង លោកអភិបាលរងខេត្ត និងជាអ្នកនាំពាក្យរដ្ឋបាលខេត្ត លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបី និងអស់លោក លោកស្រី ជាអ្នកនាំពាក្យតាមបណ្ដាស្រុកក្រុង និងឃុំសង្កាត់ ចូលរួមផងដែរ។
ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានធ្វើរបាយការណ៍ ស្តីពីស្ថានភាពទូទៅ និងសក្តានុពល ជាច្រើនក្នុងខេត្ត ជាពិសេសការអភិវឌ្ឍរីកចម្រើន នៃហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ សេដ្ឋកិច្ច សង្គម ក៏ដូចជាការចូលរួម យ៉ាងសកម្មរបស់ក្រុមការងារទទួលបន្ទុកព័ត៌មានក្នុងខេត្ត ដើម្បីឆ្លើយតបបានលឿនរហ័ស ទប់ស្កាត់ និងបន្សាបបានទាន់ ពេលវេលានូវព័ត៌មានក្លែងក្លាយ ព័ត៌មានបំពុលសង្គម ក៏ដូចជាការចូលរួមធ្វើការយ៉ាងសកម្ម ក្នុងការការពារនូវសមិទ្ធផល សម្រេចបានរបស់រាជរដ្ឋាភិបាលនិងក្នុងខេត្តឱ្យបានគង់វង្ស ។
មានប្រសាសន៍ក្នុងឱកាសបើកវគ្គបណ្តុះបណ្តាលនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា បានបញ្ជាក់ថា បច្ចុប្បន្ន មានការវិវឌ្ឍយ៉ាងលឿនរហ័សនៃបច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត AI និងក៏បានកើតឡើងយ៉ាងគំហ៊ុកនូវព័ត៌មាន ក្លែងក្លាយ ព័ត៌មានញុះញង់ បំពុលសង្គមយ៉ាងព្រោងព្រាត ។ ឆ្លើយតបទៅនឹងការយកចិត្តទុកដាក់ខ្ពស់បំផុត របស់ សម្តេចតេជោ អតីតនាយករដ្ឋមន្ត្រី និងសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលផ្តោតសារៈសំខាន់ នៃការងារព័ត៌មាន និងសាធារណមតិ ថាបានជះឥទ្ធិពលដល់សង្គម នយោបាយ និងសេដ្ឋកិច្ច ។
ដូចនេះ ការៀបចំវគ្គបណ្តុះបណ្តាល និងតាមរយៈវាគ្មិនដែលនឹងធ្វើបទបង្ហាញពាក់ព័ន្ធនឹងការងារព័ត៌មាននៅថ្ងៃនេះ សិក្ខាកាមនឹងទទួលបាននូវចំណេះដឹង និងបទពិសោធន៍ថ្មីៗ រួមនឹងការអនុវត្តជាក់ស្តែង ដើម្បីពង្រឹងការងារព័ត៌មាននិងសាធារណមតិនៅក្នុងមូលដ្ឋានរបស់ខ្លួន ជាពិសេសពាក់ព័ន្ធនឹងការស្រាវជ្រាវ ការវាយតម្លៃ និងឆ្លើយតបចំពោះព័ត៌មានអវិជ្ជមាន ព័ត៌មានមិនពិត និង ការកើនឡើងនៃព័ត៌មានក្លែងក្លាយដែលត្រូវបានបង្កើតឡើងដោយបច្ចេកវិទ្យា AI ៕
