ឯកឧត្តម រដ្ឋមន្រ្ដីក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតី ពិធីបើកការដ្ឋានសាងសង់ផ្លូវចូលទៅភ្នំខ្នងផ្សារ និងហេដ្ឋា​រចនា​សម្ព័ន្ធ​ បម្រើ​ឱ្យ​គោលដៅលំហែបៃតង នៃតំបន់ភ្នំខ្នងផ្សារ

កំពង់ស្ពឺ÷ នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធបើកការដ្ឋានសាងសង់ផ្លូវចូលទៅ កាន់ភ្នំ​ខ្នង​ផ្សារ និងហេដ្ឋារចនាសម្ព័ន្ធ បម្រើឱ្យគោលដៅ លម្ហែបៃតង តំបន់ភ្នំខ្នងផ្សារ នៅភូមិតាំងបំពង់ ស្រុក​ឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

ក្នុងគោលបំណងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនិងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងតំបន់ តាមរយៈគម្រោងលម្ហែបៃតង ដែលបានការគាំទ្រ និង​កិច្ច​សហ​ប្រតិបត្តិការ​ផ្នែក​ហិរញ្ញ​ប្ប​ទាន​ឥណទានពី ធនាគារពិភពលោក ក្រោមក្របខ័ណ្ឌ គម្រោងនិរន្តរភាពតំបន់ទេសភាព និង​ទេសចរណ៍​ធម្មជាតិ (CSLEP) ។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានសង្កត់ធ្ងន់ថា គម្រោងនេះ មានន័យលើស​ពី​ការ​សាង​សង់​ផ្លូវ​ និងសំណង់ស្ថាបត្យ កម្ម ពីព្រោះស្ថាបត្យកម្មនេះ កើតចេញពីការប្តេជ្ញាចិត្តដ៏ខ្ពស់ និង​ពេញ​ដោយ​ក្តី​ស្រឡាញ់ និងការគិតគូរពីសុខទុក្ខរបស់ប្រជាសហគមន៍ តំបន់ការពារធម្មជាតិទេទឹកពុះ និង​ភ្នំ​ខ្នង​ផ្សារពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ មន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត។

ជាមួយគ្នានេះ ប្រជាសហគមន៍តំបន់ការពារ​ក៏​បាន​ចូលរួម​សហការ​យ៉ាង​ជិតស្និទ្ធរវាងរដ្ឋាភិបាល សហគមន៍ ជាដៃគូអភិវឌ្ឍន៍ និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែល​បាន​ជំរុញ និងបញ្ចេញសក្តានុពលដ៏សម្ងាត់ របស់តំបន់សហគមន៍ទេទឹកពុះ និងភ្នំខ្នងផ្សារ។

ក្នុង​នោះ​ក្រ​សួងបរិស្ថាន ក្រសួងអភិវឌ្ឍន៍ជនបទ កំពុងអនុវត្តគម្រោងនេះ ដើម្បីជួយ​ដល់​ការ​អភិវឌ្ឍ​ហេដ្ឋា​រចនាសម្ព័ន្ធ និងសម្បទាបម្រើឱ្យគោលដៅលំហែបៃតងភ្នំខ្នងផ្សារ នៅក្នុងភូមិ សាស្ត្រខេត្ត​កំពង់ស្ពឺ និងខេត្តកោះកុង។

ឯកឧត្តម​រដ្ឋ​មន្រ្តី​បានបន្ថែមថាហេដ្ឋារចនាសម្ព័ន្ធទាំងនេះ នឹង​ត្រូវ​ផ្តល់​ជូន​សហគមន៍​មូលដ្ឋា​ន​ធ្វើ​ការ​គ្រប់​គ្រង ដើម្បីលើក កម្ពស់ជីវភាពគ្រួសារប្រជាពលរដ្ឋ និងប្រែក្លាយ​សហគមន៍​ឱ្យ​ទៅ​ជា​សហ​គ្រិន​ប្រកប​ដោយ​ភាព​ជាម្ចាស់ ដែលជាការប្តូរពីការពឹងផ្អែកលើការកាប់ឈើ និងបរបាញ់សត្វព្រៃខុសច្បាប់ មកចូលរួមចំណែក ក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ។

នេះបើតាមការបញ្ជាក់និងលើកឡើងរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន នាព្រឹកថ្ងៃ១៦ ខែឧសភា ដដែល នៅក្នុងពិធីបានឲ្យដឹងថាថា ហេដ្ឋារចនាសម្ព័ន្ធថ្មីៗ នាពេលនេះរួមមាន៖ ផ្លូវ ខ្លោងទ្វារ ចំណតយានយន្ត ប្រព័ន្ធ​បំភ្លឺដោយថាមពលព្រះ អាទិត្យ ទឹកស្អាត កន្លែងបោះតង់ ផ្លូវថ្មើរជើងក្នុងព្រៃ ស្លាកសញ្ញា កន្លែង​សង្គ្រោះបឋម អាហារដ្ឋាន និងកន្លែងទុកដាក់សំរាម។

ជារួមការ​សាង​សង់​ទាំង​នេះ​ត្រូវ​អនុ​លោម​តាម​រចនាបទខ្មែរ និងរក្សាបាននូវសោភ័ណភាព សម្រស់ធម្មជាតិ ដោយភាពស្អាត ភាព​បៃតង និងចីរភាព ជាសុខដុមរមណីយកម្មនៃមេត្រីភាពបរិស្ថាន​៕IMG_20250516_175809

You might like