ខេត្តកំពត៖ នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥នេះ ឯកឧត្តម ហ៊ុន សុខា ទីប្រឹក្សារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខេត្តកំពត អញ្ជើញទទួលអតីតសកម្មជនគណបក្សប្រឆាំង និងក្រុមប្រឆាំងនានា នៅក្នុងភូមិគក ឃុំម្រោម ស្រុកអង្គរជ័យ ខេត្តកំពត ចំនួន១០២នាក់ ។
ក្នុងពិធីនោះផងដែរ មានការអញ្ជើញចូលរួមជាគណៈអធិបតីពីសំណាក់ ឯកឧត្តម ហុង ភាព, លោក ស្រៀង ម៉េង, ឯកឧត្តម ឡេង សុវណ្ណារ៉ា, ឯកឧត្តម អ្នកឧកញ៉ា ហាក់ សុវណ្ណា, ឯកឧត្តម ច័ន្ទ ប៊ុនថុល, លោក គង់ សុខហេង និងសមាជិកក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខេត្តកំពត អាជ្ញាធរស្រុក និងឃុំ និងសកម្មជន ព្រមទាំងប្រជាពលរដ្ឋ សរុបចំនួន២១៥នាក់។
ក្នុងឱកាសនោះផងដែរ លោក មួង នឿន អភិបាលនៃគណៈអភិបាលស្រុកអង្គរជ័យ បានឡើងសំណេះសំណាលស្វាគមន៍ដល់គណៈអធិបតី និងសកម្មជនទាំងអស់ដែលបានចូលរួមក្នុងពិធី។ លោកបន្តថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា គឺតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋជានិច្ច និងជម្រាបជូនដំណឹងអំពីគម្រោងរបស់ ព្រែកជីកហ្វូណនតេជោ ដែលគម្រោងនេះបានឆ្លងកាត់ឃុំចំនួន៤នៃស្រុកអង្គរជ័យ ដែលក្នុងនោះក៏មានឆ្លងកាត់ឃុំម្រោមផងដែរ ដែលទំហំព្រែកគឺ១០០ម៉ែត្រ និងដីអមសងខាងព្រែកគឺ៣០ម៉ែត្រទាំងសងខាង សរុប១៦០ម៉ែត្រ ដែលអាចនឹងប៉ះពាល់ដល់ដីស្រែ ដីលំនៅដ្ឋាន និងផ្ទះសំសម្បែងជាដើម។ ប៉ុន្តែរាជរដ្ឋាភិបាលនឹងព្យាយាមបញ្ជៀសផលប៉ះពាល់ និងដោះស្រាយគោលនយោបាយជូនប្រជាពលរដ្ឋជាទីគាប់ចិត្ត។
ឯកឧត្តម ហ៊ុន សុខា បានពាំនាំនូវការផ្តាំផ្ញើរ សាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសំណេះសំណាលដល់សកម្មជនគាំទ្រមកពីអតីតគណបក្សផ្សេងៗ និងកោតសរសើរនូវការកែប្រែចិត្ត ជ្រើសរើសផ្លូវដ៏ត្រឹមត្រួវឡើងវិញ គឺស្ម័គ្រចិត្តចូលមករួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ ឯកឧត្តមបន្តថា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយកិត្តិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដឹកនាំនិងអភិវឌ្ឍន៍កម្ពុជាតាំងពីបាតដៃទទេរ(បាតដៃឥតម្រាម) រហូតមានហេដ្ឋារចនាសម្ព័ន្ធយ៉ាងច្រើនសម្បើម និងអិវឌ្ឍន៍លើគ្រប់វិស័យ ជាសមិទ្ធិផលនៃការរក្សាសន្តិភាព ប្រសិនជាប្រទេសជាតិគ្មានសន្តិភាព នរណាក៏មិនអាចធ្វើការ រៀនសូត្រ ធ្វើដំណើរកម្សាន្ត និងប្រកបរអាជីវកម្មបានឡើយ ឧទាហរណ៍ដូចជានៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យជាដើម។
សកម្មជនទាំងអស់គ្នាមានភាពសប្បាយរីករាយ នៅពេលបានជួបជាមួយថ្នាក់ដឹកនាំ និងផ្តល់ភាពកក់ក្តៅ ព្រមទាំងប្តេជ្ញា ស្មោះស្ម័គ្រជាមួយគណបក្សប្រជាជនកម្ពុជា និងមិនជឿលើពាក្យសម្តីញុះញង់របស់ក្រុមប្រឆាំងជ្រុលនិយម ។ សកម្មជនទាំងអស់យល់ឃើញយ៉ាងច្បាស់អំពី ការអភិវឌ្ឍន៍ និងកាន់តែយល់ច្បាស់ទៀតនោះគឺគណបក្សប្រឆាំងដែលនៅក្រៅប្រទេស គឺមានតែចក្ខុវិស័យតែមួយប៉ុណ្ណោះដើម្បីបំផ្លាញប្រទេសជាតិប៉ុណ្ណោះ ដូចជាឱ្យគេកាត់ជំនួយជាដើម។
