អភិបាលខេត្តពោធិ៍សាត់ អំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប នាំគ្នាស្រឡាញ់ព្រៃឈើ និងបន្តនាំគ្នាដាំកូនឈើឡើងវិញ..

ខេត្តពោធិ៍សាត់៖ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ព្រឹកថ្ងៃអង្គារ ទី២៦ ខែសីហា ឆ្នាំ២០២៥ បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប នាំគ្នាស្រឡាញ់ព្រៃឈើ និងបន្តនាំគ្នាដាំកូនឈើឡើងវិញ ជាពិសេសមត្ថកិច្ចជំនាញ ត្រូវផ្សព្វផ្សាយ និងសហការទប់ស្កាត់ បង្ក្រាបបទល្មើសព្រៃឈើ ក្នុងភូមិសាស្ត្រទទួលខុសត្រូវ ឱ្យមានប្រសិទ្ធភាពខ្ពស់ និងមិនត្រូវអនុគ្រោះដាច់ខាត នូវគ្រប់ទង្វើឃុបឃិតគ្នាបំផ្លាញធនធានធម្មជាតិ។

ឯកឧត្តម ខូយ រីដា បានអំពាវនាវបែបនេះ នៅបរិវេណវត្តមុនីសោភ័ណ្ឌ (វត្តសំរោងយា) ស្ថិតក្នុងភូមិសំរោងយា ឃុំព្រងិល ស្រុកភ្នំក្រវាញ ក្នុងឱកាសអបអរសាទរពិធីបុណ្យ «រុក្ខទិវា ៩ កក្កដា ២០២៥» ដោយបានការអញ្ជើញចូលរួម ជាគណៈអធិបតី ពីសំណាក់ឯកឧត្តម ម៉ក រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត។

ឯកឧត្តម ខូយ រីដា បានថ្លែងថា វត្តមាននិមន្ត និងអញ្ចើញចូលរួម ក្នុងពិធី «រុក្ខទិវា» របស់ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ យុវជន សិស្ស និស្សិត និងបងប្អូនប្រជាពលរដ្ឋនាពេលនេះ បង្ហាញឱ្យឃើញពីការស្រឡាញ់ដើមឈើ និងការយល់ដឹង ពីអត្ថប្រយោជន៍នៃធម្មជាតិ។

ឯកឧត្តម បានជម្រាបជូនថា នាសម័យសង្គមរាស្ត្រនិយម ក្រោមព្រះរាជកិច្ចដឹកនាំដ៏ថ្លៃថ្លាបំផុត របស់ព្រះករុណា ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បន្ទាប់មកសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បាន ប្រារព្ធពិធីរុក្ខទិវានេះឡើងវិញ ជារៀងរាល់ឆ្នាំ ចាប់ពីឆ្នាំ១៩៩២មក ហើយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តប្រារព្ធពិធីរុក្ខទិវានេះ ក្នុងអណត្តិថ្មី នៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា និងតែងតែផ្តល់ការគាំទ្រចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយបានយកចិត្តទុកដាក់ ចាត់តាំងឱ្យរាជធានីខេត្ត រៀបចំពិធីរុក្ខទិវានេះឡើង ដើម្បីបង្ហាញឱ្យប្រជាពលរដ្ឋយើង បានយល់ច្បាស់ពីព្រៃឈើ ជាសម្បត្តិធម្មជាតិដ៏មហាសាល សម្រាប់ផ្តល់អត្ថប្រយោជន៍យ៉ាងច្រើន ដល់មនុស្ស និងសត្វ នៅលើភពផែនដី។

ឯកឧត្តម ខូយ រីដា បានឱ្យដឹងថា ពិធីបុណ្យ «រុក្ខទិវា ៩ កក្កដា» នាឆ្នាំនេះ ក៏ដូចជាឆ្នាំមុនៗ ដែលយើងតែងតែប្រារព្ធឡើង ក្នុងគោលបំណងបណ្តុះនៅផ្នត់គំនិត ឆន្ទៈ ក្នុងការស្រឡាញ់ និងចូលរួមថែរក្សានៅធនធានធម្មជាតិ ហើយក៏បង្ហាញពីស្មារតីសាមគ្គីភាព របស់បងប្អូនពលរដ្ឋខ្មែរយើង។

ឯកឧត្តមអភិបាលខេត្ត បានលើកឡើងថា ដើមឈើ គឺជាផ្នែកមួយនៃបរិស្ថានធនធានធម្មជាតិ ដែលបង្កើតនៅស្រទាប់ការពារផែនដី ហើយក៏ជាប្រព័ន្ធអេកូឡូស៊ីយ៉ាងសំខាន់របស់ភពផែនដីផងដែរ។ បន្ថែមលើនេះ កត្តានៃការបំផ្លិចបំផ្លាញធនធានធម្មជាតិ ធ្វើឱ្យមានការកើនឡើងនៅកម្តៅ និងការប្រែប្រួលអាកាសធាតុ ដូចនេះហើយការចូលរួមដាំដើមឈើ គឺជាផ្នែកមួយក្នុងការចូលរួមថែរក្សា ក៏ដូចជាបណ្តុះនៅផ្នត់គំនិតស្រឡាញ់នូវធនធានធម្មជាតិរបស់យើង។

ក្នុងឱកាសនោះ ក៏មានកម្មវិធីប្រគេន និងចែកកូនឈើ ជូនចំពោះព្រះសង្ឃ ប្រជាពលរដ្ឋ និងសហគមន៍ព្រៃឈើ ព្រមទាំងការដាំជានិម្មិតរូប នូវកូនឈើចម្រុះ រួមមានធ្នង់ ក្រញូង គគីរ បេង អង្កាញ់ ច្រេស និងកូនឈើហូបផ្លែ ប្រមាណជាង៣ពាន់ដើមផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តពោធិ៍សាត់IMG_20250826_155229

You might like