ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពដំណើរការផ្តល់ជ័យលាភី នៃការអនុវត្គគោលនយោបាយ ភូមិ ឃុំសង្កាត់ មានសុវត្ថិភាព និងសេវាសង្គមសម្រាប់រដ្ឋបាលឃុំ សង្កាត់ ឆ្នាំ២០២៥ ស្ថិតនៅសាលាខេត្តកំពង់ចាម នៅរសៀលថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២៥ ។
កិច្ចប្រជុំនេះមានគោលបំណងដើម្បីពិនិត្យ និងជំរុញឱ្យមានសកម្មភាពដើម្បីចូលរួមប្រឡងប្រណាំង នៃការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព និងសេវាសង្គម ឆ្នាំ២០២៥ ឱ្យទទួលបានលទ្ធផលល្អប្រសើរ។
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានមានប្រសាសន៍ក្នុងឱកាសនោះថា ជាបទពិសោធន៍ក្នុងចលនាប្រឡងប្រណាំងការផ្ដល់ជ័យលាភី នៃការអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព” និងសេវាសង្គម សម្រាប់រដ្ឋបាលឃុំ សង្កាត់ ក្នុងខេត្តកំពង់ចាម ឆ្នាំ២០២៤កន្លងមក មានដំណើរការល្អប្រសើរ និងទទួលបានលទ្ធផលគួរជាទីមោទនៈ។
ដំណើរការនេះបានបង្ហាញពីការចូលរួមយ៉ាងសកម្មរបស់ រដ្ឋបាលក្រុង ស្រុក ជាពិសេស រដ្ឋបាលឃុំ សង្កាត់ ដែលមានឆន្ទៈមោះមុតក្នុងការបំពេញតួនាទី និងភារកិច្ចរបស់ខ្លួន។
ឯកឧត្តមអភិបាលខេត្ត បានណែនាំផងដែរថា តួនាទី និងភារកិច្ចរបស់ក្រុមការងារលេខាធិការដ្ឋានថ្នាក់ខេត្ត តាមរយៈគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត មានតួនាទីជាអ្នក ដឹកនាំយុទ្ធសាស្ត្រត្រួតពិនិត្យ និងជាអ្នកវាយតម្លៃចុងក្រោយ លើការងារនេះ៖ គឺត្រូវសម្របសម្រួលអន្តរាគមន៍ ដឹកនាំ និងសម្របសម្រួលការចូលរួមរបស់មន្ទីរ-អង្គភាពជំនាញនានាជុំវិញខេត្ត (សុខាភិបាល អប់រំ…) ក្នុងការគាំទ្រដល់រដ្ឋបាលឃុំ សង្កាត់ ក្នុងការអនុវត្តសេវាសង្គម និងការងារពង្រឹងសន្តិសុខ ដែលតម្រូវឱ្យមានកិច្ចសហការពីគ្រប់អ្នកពាក់ព័ន្ធ។
ត្រូវកំណត់លក្ខណវិនិច្ឆ័យរួម និងផ្សព្វផ្សាយនូវលក្ខណៈវិនិច្ឆ័យវាយតម្លៃ និងតារាងពិន្ទុរួមនៅទូទាំងខេត្ត ស្របតាមសេចក្តីណែនាំ ដើម្បីធានាបានស្តង់ដាររួម។
ទទួលយកបញ្ជីបេក្ខភាពឃុំ សង្កាត់ ដែលបានជាប់វាយតម្លៃបឋមពីក្រុង ស្រុក។
ចាត់តាំងក្រុមការងារចម្រុះថ្នាក់ខេត្ត ចុះធ្វើសុពលភាព ចុងក្រោយលើឃុំ សង្កាត់ ដែលត្រូវបានជ្រើសរើសដោយផ្អែកលើឯកសារ របាយការណ៍ និងការចុះពិនិត្យជាក់ស្ដែង។
ក្រុមការងារលេខាធិការដ្ឋានត្រូវរៀបចំបែបបទស្នើសុំវិញ្ញាបនបត្រទទួលស្គាល់ជ័យលាភី និងរង្វាន់សម្រាប់រដ្ឋបាលឃុំ សង្កាត់ ដែលទទួលបានជ័យលាភី៕

