ពិធីប្រកាសចូលកាន់មុខតំណែង មន្ត្រីរាជការមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត

នាព្រឹកថ្ងៃទី១០​ ខែវិច្ឆិកា​ ឆ្នាំ២០២៥នេះ​ ឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង​ បានអញ្ជេីញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែង មន្ត្រីរាជការមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត។

ពិធីនេះមានការអញ្ជេីញចូល​រួមពីលោកអភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត​ លោកប្រធានមន្ទីរសុខាភិបាលខេត្ត​ លោកអនុប្រធានមន្ទីរមុខងារសាធារណៈខេត្ត​ លោកនាយករងទីចាត់ការធនធានមនុស្សសាលាខេត្ត​ លោក លោកស្រី អនុប្រធានមន្ទីរ និងមន្ត្រីរាជការ នៃមន្ទីរសុខាភិបាល​ លោក លោកស្រី បុគ្គលិកសុខាភិបាល​ ជាច្រេីនរូបទៀត។

មានប្រសាសន៍ទៅកាន់ពិធីនេះ​ ឯកឧត្តម​អភិបាលខេត្ត​បានបានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាលរបស់យើងគ្រប់លំដាប់ថ្នាក់ ជាពិសេសគ្រូពេទ្យ និងបុគ្គលិកសុខាភិបាល នៅតាមប៉ុស្តិ៍សុខភាព មណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក គ្រប់កម្រិត ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ច និងការងារ ប្រកបដោយស្មារតី ទទួលខុសត្រូវ និងលះបង់ខ្ពស់ ក្នុងការបម្រើ និងផ្តល់សេវាសុខាភិបាលជូនប្រជាជនជាពិសេសការលើកកម្ពស់ការផ្តល់សេវាសាធារណៈ សេវាអប់រំសុខភាព ការពិនិត្យព្យាបាល និងការពង្រីកយន្តការគាំពារសុខភាពសង្គមជូនប្រជាពលរដ្ឋបានល្អប្រសើរ ។

ឯកឧត្តមអភិបាលខេត្តបានធ្វើការផ្តាំផ្ញើ ដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកសុខាភិបាលទាំងអស់ ជាពិសេសមន្ត្រីដែល ទើបទទួលបានការតែងតាំងថ្មី នូវកិច្ចការសំខាន់ៗមួយចំនួនដូចខាងក្រោម ៖
១-ត្រូវបន្តខិតខំពង្រឹងការសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អទាំងក្នុងចំណោម ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ដើម្បីធានាឲ្យសកម្មភាពការងារមានភាពរលូន និងសម្រេចបាន លទ្ធផលជោគជ័យ ។
២-ត្រូវពង្រឹងរបៀបរបបការងារឲ្យបានល្អ និងបែងចែកតួនាទីភារកិច្ចនៅក្នុងអង្គភាព និងក្រុមគ្រូពេទ្យទាំងនៅក្នុងមន្ទីរពេទ្យ និងមណ្ឌលសុខភាព ឲ្យបានច្បាស់លាស់ តាមមុខ ជំនាញរៀងៗខ្លួន ។
៣-ត្រូវបន្តយកចិត្តទុកដាក់គ្រប់គ្រង ដឹកនាំមន្ត្រីរាជការក្រោមឱវាទឲ្យបានល្អ ប្រកប ដោយការទទួលខុសត្រូវខ្ពស់ ដើម្បីឲ្យការអនុវត្តការងារបានត្រឹមត្រូវ ស្របតាមនីតិវិធី គោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ។
៤-ត្រូវលើកកម្ពស់ស្មារតីទទួលខុសត្រូវ និងម៉ឺងម៉ាត់ក្នុងការងារ ជាពិសេសគឺការគោរព ម៉ោងពេលបម្រើការងារនៅតាមបណ្តាមន្ទីរពេទ្យ និងមណ្ឌលសុខភាព ។
៥-មន្ត្រីសុខាភិបាលទាំងអស់ ត្រូវតែគោរពក្រមសីលធម៌វិជ្ជាជីវៈ និងខិតខំកែលម្អ គុណភាពសេវា ដោយមានបែងចែកវេនប្រចាំការ ២៤ម៉ោង លើ២៤ម៉ោង និងមិនត្រូវធ្វេស ប្រហែសណាមួយកើតឡើង ដែលធ្វើឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតអ្នកជំងឺដោយការធ្វេស ប្រហែសនោះឡើយ ។
៦-ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌គ្រូពេទ្យ ដោយត្រូវប្រើឥរិយាបទ និងពាក្យសំដីឲ្យបានសមរម្យ និងមិនត្រូវរើសអើងជាមួយប្រជាពលរដ្ឋ និងអ្នកជំងឺ ដែលមកទទួលសេវានៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យរដ្ឋជាដាច់ខាត ។
៧-មន្ទីរសុខាភិបាល ក៏ដូចជាអង្គភាពផ្តល់សេវាសុខាភិបាលគ្រប់ថ្នាក់ និងគ្រប់កម្រិត
ត្រូវយកចិត្តទុកដាក់ក្នុងការលើកកម្ពស់ការអប់រំសុខភាពសហគមន៍ និងពង្រឹងគុណភាពថែទាំ សុខភាព ជាពិសេស់សមត្ថភាពធ្វើរោគវិនិច្ឆ័យ ព្យាបាល និងថែទាំ ដើម្បីចូលរួមអនុវត្តឲ្យ កាន់តែទទួលបានជោគជ័យនូវគោលនយោបាយអភិវឌ្ឍន៍មូលធនមនុស្ស និងការកាត់បន្ថយ មរណភាពមាតា ទារក និងកុមារ ។
៨-​ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ពង្រឹងការអនុវត្តគោលនយោបាយ ច្បាប់ លិខិតបទដ្ឋាន គតិយុត្តនានា ដើម្បីធានានូវការអនុវត្តការផ្តល់សេវាសុខភាពជូនប្រជាពលរដ្ឋឲ្យបានល្អ ជា ពិសេសក្នុងការអនុវត្តគោលនយោបាយគាំពារសង្គមផ្សេងៗជូនមន្ត្រីរាជការ ប្រជាពលរដ្ឋ និង កម្មករ កម្មការិនី ឲ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាព តួយ៉ាង កម្មវិធីមូលនិធិសមធម៌សម្រាប់ ប្រជាពលរដ្ឋក្រីក្រ និងការប្រើប្រាស់ប័ណ្ណបេឡាជាតិរបបសន្តិសុខសង្គមសម្រាប់មន្ត្រីរាជការ និងកម្មករ កម្មការិនី ជាដើម ។IMG_20251110_143710

You might like