នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត នឹងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ អញ្ជើញជាអធិបតីភាពក្នុង វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពង់ស្ពឺលើកទី០២ អាណត្តិទី៤ ឆ្នាំ២០២៥ នៅស្រុកសំរោងទង ដោយមានការអញ្ជើញចូលរួម ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីអភិបាលរងខេត្ត លោក លោកស្រីប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំង៣ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស សរុបប្រមាណជា ៣០០នាក់ ។
ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត មានប្រសាសន៍ថា ការរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ក្នុងគោលបំណងចង់ជំរុញនូវវប្បធម៌ដោះស្រាយ និងការចូលរួមពិភាក្សា ផ្តល់នូវការបញ្ជ្រាបការយល់ដឹង ការទទួលយកបានព័ត៌មានថ្មីៗ រួមទាំងបញ្ហាប្រឈមនានា និងការឆ្លើយតបតាមសំណូមពរ នានារបស់ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំ សង្កាត់ សហគមន៍ និងប្រជាពលរដ្ឋដែលបាន លើកឡើងក្នុងវេទិកា។ ដើម្បីឆ្លើយតបចំពោះគោលបំណង និងសំណូមពរនៃអង្គវេទិកា ឯកឧត្តមស្នើដល់លោក លោកស្រី និងបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលមានវត្តមានក្នុងវេទិកា ចូលរួមបញ្ចេញមតិយោបល់ លើកឡើងនូវសំណួរ សំណូមពរ បញ្ហាប្រឈម និងក្តីកង្វល់របស់ខ្លួននៅក្នុងមូលដ្ឋាន ដើម្បីពិភាក្សាគ្នា រួមគ្នាដោះស្រាយ និងឆ្លើយតបតាមគោលការណ៍ច្បាប់ និងស្របតាមសភាពការណ៍ជាក់ស្តែង ដោយស្មារតីយោគយល់ អធ្យាស្រ័យប្រកបដោយគុណធម៌។
ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បានថ្លែងថា វេទិកា នេះគឺជាឱកាសដ៏សំខាន់ សម្រាប់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ប្រមូលនូវរាល់មតិយោបល់ បញ្ហាប្រឈម និងសំណូមពរ ពីសំណាក់ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ ដើម្បីយកមកពិភាក្សា ឆ្លើយបំភ្លឺ និងដោះស្រាយ ជូនបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ ស្របតាមគោលការណ៍ច្បាប់ និងស្ថានភាពជាក់ស្តែងនៅក្នុងខេត្តកំពង់ស្ពឺ។ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកឡើងនៅបញ្ហារបរិស្ថាន សូមអោយបងប្អូនប្រជាពលរដ្ឋចូលរួមសហការជាមួយអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ និងបណ្តារោងចក្រ ដើមទប់ស្កាត់ការចោលសំរាមពាសវាលពាសកាល បញ្ហាដីធ្លី សុំអោយអាជ្ញាធរស្រុក និងមន្ទីរជំនាញ សូមជួយពន្លឿនអោយបានឆាប់រហ័សជូនប្រជាពលរដ្ឋ ត្រូវទប់ស្កាត់រាល់បញ្ហារក្មេងទំនើង ល្បែងស៊ីសង និងល្បែងអនឡាញគ្រប់ប្រភេទ និងបញ្ហាប្រឈម និងសូមណូមពរនានា សូមអាជ្ញាធរពាក់ព័ន្ធត្រូវតាមដាននិងអនុវត្តដោះស្រាយអោយបានទាន់ពេលវេលាផងដែរ។
ក្នុងវេទិការនោះដែរ ប្រជាពលរដ្ឋបានលើកឡើងបញ្ហា និងសំណូមពរនានា ដែលផ្តោតលើចំណុចដូចជា ១.បញ្ហាពាក់ព័ន្ធនឹងបរិស្ថាន និងការគ្រប់គ្រងសំរាម សូមអាជ្ញាធរជំនាញយកចិត្តទុកដាក់ជួយដោះស្រាយ និងផ្សព្វផ្សាយអោយបានទូលំទូលាយ ២.បញ្ហារទំនាស់ដីធ្លី ៣.សុំអាជ្ញាធរជួយពន្លឿនការទូទាត់ប្រាក់ថ្លៃដីចំនួន ៥៦គ្រួសារ ដែលក្រុមហ៊ុនបានទិញពីប្រជាពលរដ្ឋ តែមិនទាន់បានលុយគ្រប់នៅឡើយ ៤.សូមណូមពរមន្ទីរសុខាភិបាល ជួយសម្រួល និងមានមណ្ឌលសុខភាពមួយចំនួននៅខ្វះការយកចិត្តទុកដាក់ ខ្វះបរិក្ខារពេទ្យ សំុអោយមន្ទីរពេទ្យផ្តល់អតិភាពដល់អ្នកជំងឺធ្ងន់ធ្ងរ ព្រមទាំងបញ្ហាផ្សេងៗទៀត។
បន្ទាប់ពីប្រជាពលរដ្ឋបានលើកឡើងរាល់បញ្ហា និងសំណូមពរ រួចមក ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត រួមជាមួយឯកឧត្តមអភិបាលខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធ បានចាប់ផ្តើមឆ្លើយបំភ្លឺ បំពេញ បញ្ជាក់ និងប្តេជ្ញាដោះស្រាយ ទៅតាមសំណូមពរនីមួយៗ ដោយយោងតាមគោលការណ៍ច្បាប់ និងស្ថានភាពជាក់ស្តែងរបស់ខេត្ត៕
