(ព្រៃវែង)៖ នារសៀលថ្ងៃសៅរ៍ ៩កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ឧត្តម ជា សុមេធី សមាជិកគណៈកម្មាធិការកណ្តាល ជាប្រធានគណៈកម្មាធិការគណបក្សក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកពាមជរ បានអញ្ជើញសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្ស និង ពិនិត្យវឌ្ឍនភាពការងាររយៈពេល៩ខែ ដើម្បីក្តាប់សភាពការណ៍មូលដ្ឋាន ដោយមានការអញ្ជើញចូលរួមពីសមាជិកា សមាជិកាជាង ១០០នាក់ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកពាមជរ។
របាយការណ៍គណបក្សប្រជាជនកម្ពុជាស្រុកពាមជរ បានបង្ហាញថា រយៈពេល៩ខែឆ្នាំ២០២៥នេះ ក្រុមការងារ និងគណបក្សនៅមូលដ្ឋាន បានចុះធ្វើសកម្មភាពយ៉ាងសស្រាក់សស្រាំមានចំនួន ១១៤លើក។ តាម
រយៈសកម្មភាពទាំងនេះ បានរួមចំណែកដ៏សំខាន់ក្នុងការដោះស្រាយបញ្ហានៅមូលដ្ឋាន។
ឯកឧត្តម ជា សុមេធី បានវាយតំលៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារឃុំ ភូមិ និងក្រុមការងារចុះជួយទាំងអស់ ដែលបានចំណាយពេលវេលា កំលាំង កាយ ប្រាជ្ញាស្មារតី និងថវិកា ដើម្បីចុះជួយគាំទ្រដល់មូលដ្ឋានក្នុងការបំរើប្រជាពលរដ្ឋ កសាងហេដ្ឋារចនា សម្ព័ន្ធទាំងផ្នែកអាណាចក្រ និងពុទ្ធចក្រ ធ្វើឱ្យមូលដ្ឋានកាន់តែរីកចំរើន។ លោក ក៏បានអរគុណគណៈកម្មាធិការ គណបក្សស្រុក ឃុំ ភូមិ ដែលបានខិតខំផ្តល់សេវាល្អប្រសើរជូនប្រជាពលរដ្ឋ។
ក្នុងឱកាសនោះ ឯកឧត្តម ជា សុមេធី ក៏បានលើកបង្ហាញពីសភាពការណ៍ព្រំដែនកម្ពុជា-ថៃ ដោយគូសរំលេចពីការប្រឹងប្រែងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងសេនាធិការក្នុងការដោះស្រាយបញ្ហាទប់ស្កាត់ការផ្ទុះអាវុធ ដើម្បីធានាឱ្យបាននូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋនៅតាមបន្ទាត់ព្រំដែន។ ឯកឧត្តម ជា សុមេធី ទន្ទឹមនឹងការប្រឹងប្រែងដោះស្រាយបញ្ហាបញ្ចៀសការផ្ទុះអាវុធ តែរាជរដ្ឋាភិបាលប្រកាន់ខ្ជាប់នូវស្មារតីធានាការពារឱ្យបាននូវបូរណភាពទឹកដី និងអធិបតេយ្យជាតិ។

