ឯកឧត្តម វ៉ី សំណាងអញ្ជើញចុះជួបសំណេះសំណាល និងនាំយកអំណោយសប្បុរសធម៌ចែកជូនដល់គ្រួសារវីរៈកងទ័ព និងបងប្អូនជនភៀសសឹក ដែលមកពីបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-សៀម…

ឯកឧត្តម វ៉ី សំណាង ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះពុកម៉ែបងប្អូន ដែលបានលះបង់សាច់ញាតិឱ្យចូលបម្រើជាតិមាតុភូមិ និងការពារបូរណភាពទឹកដីពីការឈ្លានពានរបស់អាចោរសៀម នៅក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាល និងនាំយកអំណោយសប្បុរសធម៌ ចែកជូនដល់គ្រួសារវីរៈកងទ័ព និងបងប្អូនជនភៀសសឹក ដែលមកពីបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-សៀម ជាង១០០គ្រួសារ ដែលកំពុងស្នាក់នៅបណ្ដោះអាសន្នក្នុងមូលដ្ឋានស្រុកត្រាំកក់ នាថ្ងៃអាទិទ្យ ទី២១ ខែធ្នូ ឆ្នាំ២០២៥នេះ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានសម្តែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះលោកតា លោកយាយ និងពុកម៉ែបងប្អូនទាំងអស់ ដែលបានយល់ព្រមលះបង់នូវសាច់ញាតិជាទីស្រឡាញ់របស់ខ្លួន ដូចជា ប្តី ប្រពន្ធ កូន ឬចៅ ឱ្យទៅបំពេញភារកិច្ចជាទាហានជួរមុខ ដើម្បីការពារជាតិសាសន៍ពីសង្រ្គាមឈ្លាមពានរបស់ចោរសៀម ។
ឯកឧត្តមបានសង្កត់ធ្ងន់ថា ការដែលពុកម៉ែបងប្អូន ដាច់ចិត្តឱ្យសាច់ឈាមបង្កើត ចាកចេញពីផ្ទះសម្បែង ទៅកាន់សមរភូមិជួរមុខ ប្រឈមមុខនឹងគ្រាប់កាំភ្លើង និងការឈ្លានពានពីសត្រូវ (ចោរសៀម) គឺជាការលះបង់ដ៏ធំធេងបំផុតដែលមិនអាចកាត់ថ្លៃបាន។

បើគ្មានការលះបង់ និងស្មារតីស្នេហាជាតិពីសំណាក់ពុកម៉ែបងប្អូន និងវីរកងទ័ពយើងទេនោះ បូរណភាពទឹកដី និងសេចក្តីសុខសាន្តរបស់ប្រជាជន ក៏មិនអាចរក្សាបានរឹងមាំដូចពេលនេះដែរ។

ឯកឧត្តម វ៉ី សំណាង ក៏បានបន្ថែមទៀតថា វត្តមានរបស់បងប្អូនជនភៀសសឹកដែលបានចាកចេញពីតំបន់ព្រំដែន គឺជាសាក្សីរស់នៃការតស៊ូ និងការឈឺចាប់ដែលបង្កឡើងដោយការរំលោភបំពានពីសំណាក់ក្រុមទាហានសៀមដែលវានៅតែបន្តធ្វើសង្រ្គាមឈ្លានពានមកលើបូរណភាពទឹកដីរបស់យើង ក៏ដូចជាវាបានបំផ្លាញ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ មន្ទីរពេទ្យ សាលារៀន វត្តអារាម ទ្រព្យសម្បត្តិ លំនៅដ្ឋានប្រជាពលរដ្ឋ ជនភៀសសឹកជាច្រើនម៉ឺនគ្រួសារត្រូវបង្ខំចាកចេញពីលំនៅដ្ឋានរបស់ខ្លួន ដោយសារតែសង្រ្គាមឈ្លានពានរបស់សៀម ដែលទង្វើឈ្លានពានរបស់អាចោរសៀមមកលើប្រទេសកម្ពុជា និងពលរដ្ឋកម្ពុជា យើងទាំងអស់គ្នាឈឺចាប់ និងចងចាំមិនអាចបំភ្លេចបាននោះឡើយ។

ឯកឧត្តមអភិបាលខេត្ត បន្តថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ស្វាហាប់ និងឈ្លាសវៃ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងរដ្ឋបាលខេត្ត នឹងមិនទុកឱ្យបងប្អូនណាម្នាក់ ឱ្យរស់នៅឯកោឡើយ។ ការនាំយកនូវសម្ភារៈឧបភោគបរិភោគ និងថវិកានាពេលនេះ គឺជាការចូលរួមចំណែកសម្រាលទុក្ខលំបាក និងជាការបង្ហាញនូវការដឹងគុណចំពោះវីរភាពរបស់គ្រួសារកងទ័ពដែលបានឈរជើងការពារទឹកដីខ្មែរពី «ចោរសៀម» កុំឱ្យរំលោភបំពានមកលើអធិបតេយ្យភាពជាតិបានឡើយ។

ឯកឧត្តមអភិបាលខេត្ត បានផ្ដាំផ្ញើឱ្យអាជ្ញាធរមូលដ្ឋាន ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខ និងជីវភាពរបស់គ្រួសារកងទ័ព និងជនភៀសសឹកទាំងអស់ ដោយត្រូវដោះស្រាយរាល់បញ្ហាប្រឈមឱ្យបានទាន់ពេលវេលា ដើម្បីជាការតបស្នងទៅនឹងគុណបំណាច់ដែលពួកគេបានលះបង់ដើម្បីមាតុភូមិកម្ពុជា៕IMG_20251221_170213_910 IMG_20251221_170221_124 IMG_20251221_170227_976 IMG_20251221_170224_395 IMG_20251221_170231_851 IMG_20251221_170234_477 IMG_20251221_170238_053 IMG_20251221_170250_142

You might like