តាកែវ៖នាព្រឹកថ្ងៃទី ២០ ខែមករា ឆ្នាំ២០២៦ លោក អ៊ុំ ចំរើន អភិបាល នៃគណៈអភិបាលស្រុកទ្រាំង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក បានដឹកនាំកម្លាំងចុះអប់រំ និងណែនាំដោយផ្ទាល់ ដល់សិស្សានុសិស្សដែលគេចសាលាមិនចូលរៀន នៅតាមទីតាំងមួយចំនួនក្បែរវិទ្យា ល័យព្រៃទប់ និងវិទ្យាល័យ ហ៊ុន សែន ពោធិអំពិល។
សកម្មភាពចុះពង្រឹងវិន័យ និងសណ្តាប់ធ្នាប់សង្គមនេះដែរ លោកអភិបាលស្រុក ក៏បានជួប សំណេះសំណាលជាមួយក្មួយៗសិស្សានុសិស្សដែលកំពុងវត្តមាននៅក្រៅបរិវេណ សាលា ក្នុងម៉ោងសិក្សា ដោយបានលើកទឹកចិត្តឱ្យពួកគេយល់ពីតម្លៃនៃការរៀនសូត្រ។ ជាមួយគ្នានោះលោក ក៏បានមានប្រសាសន៍ប្រកបដោយមេត្តាធម៌ និងភាពស្និទ្ធស្នាលថា “ ថ្ងៃនេះក្មួយៗអាចនឹងខឹងអ៊ំ ប៉ុន្តែថ្ងៃក្រោយក្មួយៗនឹងអរគុណអ៊ំវិញ។ ដូច្នេះ សូមក្មួយៗត្រឡប់ចូលសាលាវិញ ហើយខិតខំរៀនសូត្រ ដើម្បីអនាគតខ្លួនឯង គ្រួសារ សហគមន៍ និងសង្គមជាតិទាំងមូល” ។
ជាមួយគ្នានោះផងដែរ លោកអភិបាលស្រុកក៏បានចុះណែនាំដល់ម្ចាស់ទីតាំងអាជីវកម្ម និងកន្លែងផ្តល់សេវាកម្មផ្សេងៗដែលនៅក្បែរវិទ្យាល័យទាំងពីរដោយស្នើឱ្យមាន៖ កិច្ចសហការជាមួយអាជ្ញាធរ៖ មិនត្រូវបណ្តោយឱ្យសិស្សានុ សិស្សមកប្រមូលផ្តុំគ្នានៅក្នុងម៉ោងសិក្សាឡើយ ជួយដាស់ តឿន និងណែនាំសិស្សដែលមកទីតាំងរបស់ខ្លួនឱ្យប្រញាប់ វិលត្រឡប់ ទៅសាលារៀនវិញ ដើម្បីគោរពម៉ោងពេលសិក្សារបស់ពួកគេ។
សូមបញ្ជាក់ថា ចំពោះសកម្មភាពនេះ របស់លោកអភិបាល ស្រុកទ្រាំង នាថ្ងៃនេះ បានទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មាតាបិតា និងអាណាព្យាបាលសិស្ស ក៏ដូចជាលោកគ្រូអ្នកគ្រូ ដោយចាត់ទុកថាជាការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំស្រុក ចំពោះធនធានមនុស្ស និងសីលធម៌សង្គម ដើម្បីបង្ការកុំឱ្យយុវជនធ្លាក់ក្នុងសកម្មភាពអសកម្មផ្សេងៗ ដែលប៉ះពាល់ដល់អនាគតដ៏ភ្លឺស្វាងរបស់ពួកគេ៕

