កំពង់ចាម÷ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម នារសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ នៅសាលាខេត្ត បានណែនាំដល់រដ្ឋបាលខេត្ត រដ្ឋបាលក្រុង ក្រុមហ៊ុនអគ្គិសនី បំពាក់អំពូលភ្លើងបំភ្លឺសាធារណៈថ្មី និងរៀបចំជួសជុលអំពូលភ្លើងចាស់ៗឡើងវិញ ជាការបង្កើតសោភ័ណ្ឌភាពនៅជុំវិញក្រុងកំពង់ចាមដើម្បីកែលំអរក្រុង អោយមានភាពស៊ីវិល័យ លើកសម្រស់ក្រុងកំពង់ចាមឲ្យកាន់តែទាក់ទាញភ្ងៀវទេសចរណ៍ជាតិ និងអន្តរជាតិចូលមកលេងកំសាន្ត ដែលគម្រោងទាំងនេះ ត្រូវធ្វើឲ្យបានរួចរាល់មុនចូលឆ្នាំខ្មែរ។
ឯកឧត្តម បានមានប្រសាសន៍បន្ថែមថា ក្នុងដំណាក់កាលទី១នេះ រដ្ឋបាលខេត្តកំពង់ចាម គ្រោងរៀបចំបំពាក់អំពូលថ្មីបំភ្លឺសាធារណៈ ដោយចាប់ផ្ដើម ពីមុខភោជនីយដ្ឋាន ហាវអាន រហូតដល់ វេទិកាអ៊ុំទូក និង ចាប់ពី វេទិកាអ៊ុំទូក រហូតដល់មុខ វត្តដីក្រុងកំពង់ ចាម។ ឯកឧត្តម បានណែនាំ ដល់ក្រុមហ៊ុន មេគង្គអេមើជេទីខបភើរេសិន (MAC) ក៏ត្រូវចុះសិក្សាពីការត្រៀមបំពាក់អំពូលបំភ្លឺផ្លូវ ចាប់ពីរង្វង់មូលសេះហោះ ដល់រង្វង់មូលស្ពានគីហ្សូណា និងបំពាក់អំពូលភ្លើងដែលខូចៗ ឡើងវិញនៅវិមានឯករាជ្យ រហូតដល់ សាលាខេត្តកំពង់ចាម។
ឯកឧត្តម ក៏បានចាត់ លោក គ្រុយ ខន នាយករងរដ្ឋបាលសាលាខេត្ត ចុះសិក្សាជាមួយ ក្រុមហ៊ុន ធ្វើការវាយតម្លៃ ចំនួនដែលត្រូវបំពាក់អំពូលថ្មីចំនួនប៉ុន្មាន ជួលជុលឡើងចំនួនប៉ុន្មាន និងតំលៃនៃការធ្វើថ្មី និងជួសជុលអស់ចំនួនប៉ុន្មាន ដើម្បីឲ្យរដ្ឋបាលធ្វើការអនុម័ត ទូទាត់ឲ្យក្រុមហ៊ុន។
ឯកឧត្តម ក៏ណែនាំដល់ក្រុមហ៊ុនត្រូវធ្វើការបំពាក់អំពូលបំភ្លឺសាធារណៈថ្មី និងជួសជុលឡើងវិញឲ្យបានរួចរាល់នៅត្រឹមដំណាច់ខែមិនា ឆ្នាំ២០២៦ ដើម្បីរដ្ឋបាលខេត្តត្រៀមរៀបចំពិធីចូលឆ្នាំខ្មែរប្រពៃណីជាតិ ខាងមុខ ឲ្យកាន់តែស្រស់ស្អាតសម្រាប់ប្រជាពលរដ្ឋខេត្តកំពង់ចាមផង និងភ្លៀវទេសចរណ៍ជាតិ ព្រមទាំង អរន្តជាតិ។
បើតាមការឲ្យដឹងពីក្រុមហ៊ុនមេគង្គអេមើជេទីខបភើរេសិន (MAC) ធ្វើការផ្លាស់ប្តូរអំពូលអគ្គិសនីបំភ្លឺ សាធារណៈពីការផ្ញើខ្លួនតាមបង្គោលបេតុងនានា មកបំពាក់លើបង្គោលដែក ជារបស់ក្រុមហ៊ុន ហើយអំពូលភ្លើងបំភ្លឺសាធារណៈសរុបមានចំនួន១.៧៣៨អំពូល ក្នុងនោះអំពូលបំពាក់តាមបង្គោលបេតុង នានាមានចំនួន ១.១៣១បង្គោល និងបំពាក់លើបង្គោលដែក ជារបស់ក្រុមហ៊ុនមានចំនួន ៤១០បង្គោល ។
