អភិបាលខេត្តកំពង់ស្ពឺអំពាវនាវឱ្យសិស្សានុសិស្សខិតខំរៀនសូត្រឱ្យបានពូកែ ដើម្បីមានឱកាសឈរក្នុងតារាងកិត្តិយសឯកឧត្តម ហ៊ុន ម៉ានី

កំពង់ស្ពឺ៖អភិបាលខេត្តកំពង់ស្ពឺឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានធ្វើការអំពាវនាវដល់កូនក្មួយជាសិស្សានុសិស្សទាំងអស់ឱ្យបន្តខិតខំរៀនសូត្របន្ថែមទៀតឱ្យក្លាយជាសិស្សពូកែ ដើម្បីមានឱកាសបានឈរក្នុងតារាងកិត្តិយសរបស់លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ។លោកបណ្ឌិតបានអំពាវនាវដូច្នេះធ្វើឡើងក្នុងឱកាសជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ អាណាព្យាបាលនិងសិស្សានុសិស្សនិងសម្ពោធដាក់ឱ្យប្រើប្រាស់ក្តារខៀនកិត្តិយសរបស់លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ក្នុងសាលាបឋមសិក្សាត្រពាំងក្តុល ស្ថិតក្នងសង្កាត់ត្រាចទង ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកឡើងថា លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ក្នុងនាមជាប្រធានក្រុមការងារចុះជួយខេត្តកំពង់ស្ពឺបានខិតខំនិងយកចិត្តទុកដាក់ខ្ពស់ចំពោះការអភិវឌ្ឍន៍ខេត្តនិងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋតាមរយៈការបង្កើតឱ្យមានឱកាសការងារដើម្បីទទួលបានចំណូលផ្គត់ផ្គងគ្រួសារ។ក្រោមការគិតគូនេះ បច្ចុប្បន្នខេត្តមានរោងចក្រ សហគ្រាសជិត១៦០០កន្លែង ដែលអាចផ្តល់ឱកាសការងារដល់បងប្អូនប្រជាពលរដ្ឋទូទាំងខេត្តប្រមាណជាង៣០ម៉ឺននាក់ ។នេះនៅមិនទាន់បានគិតចូលពីចំនួនកម្មករ កម្មការិនីដែលបាននិងកំពុងបម្រើការនៅតាមទីតាំងសហគមន៍ទេសចរណ៍ កសិ-ឧស្សាហកម្ម និងកសិកម្មជាច្រើនកន្លែងទៀតផង។

អភិបាលខេត្តកំពង់ស្ពឺបានបន្ថែមថា ដោយការអភិវឌ្ឍន៍រីកចម្រើន ខេត្តបាននិងកំពុងត្រូវការចាំបាច់នូវធនធានមនុស្សដើម្បីបម្រើឱ្យវិស័យទាំងនេះ ដែលទាមទារឱ្យក្មួយៗ ត្រូវខិតខំរៀនសូត្រនូវរាល់ចំណេះដឹងនិងបច្ចេកទេស។លោកថា បើមិនចង់ស្ថិតក្នុងស្ថានភាពដែលខ្វះសមត្ថភាព គឺទាមទារការខិតខំ យកចិត្តទុកដាក់ក្នុងសិក្សារៀនសូត្រឱ្យក្លាយជាសិស្សពូកែនិងមានសមត្ថភាព ហើយនៅពេលដែលក្មួយៗរៀនពូកែនិងសមត្ថភាព គឺប្រាកដណាស់ ក្មួយៗពិតជាអាចរកបានការងារល្អនិងមានប្រាក់ចំណូលខ្ពស់អាចជ្រោងសេដ្ឋកិច្ចគ្រួសារឱ្យមានការរីកចម្រើន និងត្រូវជំនះឱ្យបាននូវទស្សនៈ(ឈប់រៀនព្រោះក្រ)។

ជាមួយនិងការលើកឡើងនេះដែរ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ក៏បានក្រើនរំឭកបន្ថែមទៅដល់អាជ្ញាធរក្រុង ស្រុកឱ្យបន្តយកចិត្តទុកដាក់ក្នុងការផ្តល់សេវាសាធារណៈជូនដល់បងប្អូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ មិនត្រូវព្រងើយកន្តើយលើការងារការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនិងសុវត្ថិភាព ត្រូវជម្រុញការតបណ្តាញទឹកស្អាតនិងអគ្គិសនីទៅដល់គ្រប់ភូមិដើម្បីឱ្យពលរដ្ឋបានប្រើប្រាស់គ្រប់ខ្នងផ្ទះ៕

You might like