(ក្រុងសំរោង)៖ នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព និងយុទ្ធសាស្ត្រអភិវឌ្ឍន៍គម្រោងផ្លូវ “មរតកប្រវត្តិសាស្ត្រ” បានប្រព្រឹត្តទៅ ក្រោមអធិបតីភាពដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ និងមានការចូលរួមពី លោកអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរជំនាញមន្ទីរដែនដីនគរូបនីយកម្ម និងសំណង់, មន្ទីររ៉ែ និងថាមពល, មន្ទីរអភិវឌ្ឍន៍ជនបទ, មន្ទីរប្រៃសណីយ៍, លោកអភិបាលក្រុងសំរោង ព្រមទាំងតំណាងអគ្គិសនីកម្ពុជា (EDC), ក្រុមហ៊ុន LYP និងភាគីពាក់ព័ន្ធជាច្រើនរូបទៀត។
ស្ថិងក្នុងឱកាសនោះផងដែរ យោងតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត បានកំណត់ឱ្យមាននូវវឌ្ឍនភាព និងទិសដៅយុទ្ធសាស្ត្រសំខាន់ៗខាងក្រោម៖
១. ចំពោះទិន្នន័យបច្ចេកទេសផ្លូវ ដែលជាគម្រោងផ្លូវភ្លោះខ្នាតធំ មានទទឹងសរុប ២០ ម៉ែត្រ ដោយចាក់បេតុងអាមេកម្រាស់ ២ តឹក បេតុងម្ខាងៗមានទំហំ ៧ ម៉ែត្រ មានទ្រូងផ្លូវ ចញ្ចើមផ្លូវសម្រាប់ថ្មើរជើង និងប្រព័ន្ធលូខ្នាត ១ ម៉ែត្រ ដើម្បីរំដោះទឹកភ្លៀង និងទឹកស្អុយឱ្យបាន ១០០%។
២. វឌ្ឍនភាពការដោះស្រាយផលប៉ះពាល់ ការដ្ឋានដែលបានដំណើរការជិត ១ ខែមកនេះ សម្រេចបានលទ្ធផលដោះស្រាយផលប៉ះពាល់ចន្លោះពី ៨៥% ទៅ ៩០% ហើយ (ក្នុងចំណោម ២៥៤ ទីតាំង) ដែលការអភិវឌ្ឍនេះប្រើប្រាស់តែលើដីចំណីផ្លូវសាធារណៈប៉ុណ្ណោះ ដោយ «មិនប៉ះពាល់លើកម្មសិទ្ធិឯកជនរបស់ពលរដ្ឋឡើយ»។
៣. ការសម្របសម្រួលបច្ចេកទេស (បង្គោលភ្លើង) ជាមួគ្នានេះ ឯកឧត្តមអភិបាលខេត្ត បបានដឹកនាំពិភាក្សាឱ្យក្រុមហ៊ុន LYP, EDC និងក្រុមហ៊ុនលឹមហេង ត្រូវសហការរំកិលបង្គោលភ្លើងដែលប៉ះពាល់ទាំង ១៦២ ដើម ចេញពីចិញ្ចើមផ្លូវថ្មើរជើង ដើម្បីសោភ័ណភាព និងកុំឱ្យស្ទះការដ្ឋាន។
៤. ចក្ខុវិស័យទេសចរណ៍ ក្រៅពីការអនុវត្តគម្រោងផ្លូវភ្លោះនេះ និងមានគម្រោងកែសម្រួលផ្លូវចរាចរណ៍តភ្ជាប់ពីស្តូបមិត្តភាពកម្ពុជា-វៀតណាម ទៅផ្លូវភ្លោះខាងលិចបឹងធំ តំបន់ជួបជុំសាធារណជនក្នុងខេត្ត រដ្ឋបាលខេត្ត បាននឹងកំពុងបង្កើតតំបន់ទេសចរណ៍លើផ្ទៃដីជិត ១ ហិកតា ដាំដើមឈើប្រណិត សួនផ្កា និងកន្លែងកម្សាន្ត រួមទាំងការរៀបចំផ្សារបន្លែឱ្យមានសណ្ដាប់ធ្នាប់ផងដែរ។
លើសពីនេះទៅទៀត ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ បានសង្កត់ធ្ងន់នូវប្រសាសន៍ដ៏មានអត្ថន័យថា រដ្ឋបាលខេត្តនឹងបន្តដុតដៃដុតជើង ដើម្បីប្រែមុខមាត់ខេត្តឧត្តរមានជ័យ ឱ្យស្មើមុខស្មើមាត់នឹងបណ្ដាខេត្តដទៃ មិនឱ្យគេមើលមកថាជាខេត្តកំសត់រហូតនោះឡើយ។ ចំពោះគម្រោងនេះ បានកំណត់ដាច់ខាតថា ត្រូវតែបញ្ចប់ក្នុងរយៈពេលប្រមាណ ៦ ខែ តាមផែនការគ្រោងទុក។
ការសម្រេចបានតាមផែនការដែលបានគ្រោងទុក ឯកឧត្តម បានផ្តល់នូវគោលការណ៍ដឹកនាំដ៏មានតម្លៃមិនអាចកាត់ថ្លៃបានចំនួន ០៣ ចំណុច ឆ្ពោះទៅរកភាពជោគជ័យនៃគម្រោង គឺទាមទារនូវ៖ ១. ការចូលរួមពីពលរដ្ឋ, ២. ស្មារតីសហការពីមន្ទីរ អង្គភាព អាជ្ញាធរ-ក្រុមហ៊ុន, និង ៣. ការលះបង់ធនធានដើម្បីប្រយោជន៍សាធារណៈ។
ក្នុងនាមរដ្ឋបាលក្រុងសំរោង លោក ផុន ចាន់និល បានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការដឹកនាំក្រុមការងារអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិបាលខេត្ត ដើម្បីប្រែក្លាយក្រុងសំរោងឱ្យស្មើមុខស្មើមាត់នឹងបណ្ដាខេត្តដទៃ មិនឱ្យគេមើលមកថាជាខេត្តកំសត់រហូតនោះឡើយ៕
