អភិបាលខេត្តកំពង់ចាម ថ្លែថា វិស័យអប់រំកាយ និងកីឡា បានរួមចំណែកកាត់បន្ថយភាពអសកម្មនិងអំពើអបាយមុខក្នុងសង្គម

(កំពង់ចាម) ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានថ្លែងថា វិស័យអប់រំកាយ និងកីឡា បានរួមចំណែកកាត់បន្ថយភាពអសកម្ម និងអំពើអបាយមុខក្នុងសង្គម ដូចជា ការសេពគ្រឿងញៀន ការលេងល្បែងស៊ីសង អំពើហិង្សាក្នុងគ្រួសារ និងក្នុងសង្គមជាតិ។

ថ្លែងបែបនេះនាព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៦ ក្នុងពិធីបើកការប្រកួតកីឡាសិស្សបឋមសិក្សា និងមធ្យមសិក្សា ដើម្បីជ្រើសរើស ជើងឯកថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៦ នៅកីឡាដ្ឋានបាល់ទះសាលាខេត្តកំពង់ចាម។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត មានប្រសាសន៍ថា កីឡាបានរួមចំណែកដល់ការពង្រឹងរាងកាយឱ្យមានភាពរឹងមាំ និងលើកកម្ពស់សុខភាពល្អដែលជាទ្រព្យសម្បត្តិដ៏ប្រពៃ និងជាកត្តាកំណត់ដ៏សំខាន់នៃផលិតភាព ពលកម្ម និងការកសាងមូលធនមនុស្សសម្រាប់ដំណើរការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិប្រកបដោយភាពធន់ និងចីរភាព។ ប្រជាពលរដ្ឋដែលមានសុខភាពល្អរស់នៅដោយសេចក្តីរីករាយ ងាយចាប់យកចំណេះដឹង និងបច្ចេកវិទ្យាថ្មីៗ ព្រមទាំងមានការតាំងចិត្ត និងក្ដីសង្ឃឹមខ្ពស់ ក្នុងការបង្កើនជំនាញនិងមូលធនមនុស្ស តាមរយៈការសិក្សាបន្ថែមពេញមួយជីវិត ដើម្បីធ្វើបច្ចុប្បន្នភាពចំណេះដឹង និងបច្ចេកវិទ្យាជាប្រចាំ សម្រាប់រួមចំណែកដល់ការផ្គត់ផ្គង់កម្លាំងពលកម្មដែលមានគុណភាព និងផលិតភាពខ្ពស់។

ឯកឧត្តម អ៊ុន ចាន់ដា បន្តថា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្ដេចមហាបវរបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជាប្រមុខដឹកនាំប្រកបដោយគតិបណ្ឌិតខ្ពស់។ សម្ដេច តែងតែបានយកចិត្តទុកដាក់ និងផ្ដល់ការលើកទឹកចិត្តជានិច្ចចំពោះវិស័យកីឡាជាតិ ព្រមទាំងបានផ្ដល់ប្រាក់រង្វាន់ជ័យលាភីយ៉ាងច្រើន ដល់ជ័យលាភីកីឡាលើឆាកអន្តរជាតិ។ ជាមួយនេះរាជរដ្ឋាភិបាលកម្ពុជា ក៏កំពុងពន្លឿនការដាក់ចេញនូវគោលនយោបាយជាតិ ស្ដីពីការអភិវឌ្ឍវិស័យអប់រំកាយ និងកីឡាសម្រាប់ជាត្រីវិស័យក្នុងការអនុវត្តកីឡានៅពេលអនាគត៕IMG_20260308_162747

You might like