ឯកឧត្តម អ៊ុន ចាន់ដា ប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររៀបចំ “សង្ក្រាន្តឆ្នាំថ្មី” ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

(កំពង់ចាម) គណៈកម្មការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តកំពង់ចាម ដឹកនាំដោយ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានបើកកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ ដើម្បីធានាឱ្យបាននូវភាពជោគជ័យ សុវត្ថិភាព និងភាពសប្បាយរីករាយ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខនេះ។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត មានប្រសាសន៍ថា យោងតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រដ្ឋបាលខេត្តកំពង់ចាមបានគ្រោងរៀបចំព្រឹត្តិការណ៍សង្ក្រាន្តកំពង់ចាម ដើម្បីបង្កភាពសប្បាយរីករាយជូនប្រជាពលរដ្ឋមកលេងកំសាន្ត ដោយរៀបចំ លេងល្បែងប្រជាប្រិយ និងកម្មវិធីសប្បាយៗជាច្រើនទៀត ក្នុងគោលបំណងលើកកម្ពស់វប្បធម៌ខ្មែរ។

ឯកឧត្តម អភិបាលខេត្ត បន្តថា ការរៀបចំសង្ក្រាន្តឆ្នាំនេះ មិនត្រឹមតែជាការកម្សាន្តប៉ុណ្ណោះទេ ប៉ុន្តែគឺជាការបង្ហាញពីអត្តសញ្ញាណវប្បធម៌ដ៏រស់រវើក និងការសាមគ្គីភាពរបស់ប្រជាជាតិយើង”។ ការរៀបចំសង្ក្រាន្តនឹងប្រព្រឹត្តទៅរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦។

ឯកឧត្តម អ៊ុន ចាន់ដា ក៏បានជំរុញឱ្យក្រុមការងារពាក់ព័ន្ធទាំងអស់ ត្រួតពិនិត្យលើការតុបតែងលម្អ ការការពារសន្តិសុខ សណ្ដាប់ធ្នាប់ និងការសម្រួលចរាចរណ៍ ដើម្បីទទួលស្វាគមន៍ទេវតាឆ្នាំថ្មី និងបង្កលក្ខណៈងាយស្រួលដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក៏ដូចជាការជួបជុំក្រុមគ្រួសាររបស់បងប្អូនប្រជាពលរដ្ឋឱ្យកាន់តែមានភាពរីករាយ និងសុវត្ថិភាពបំផុត៕IMG_20260310_190924

You might like