សៀមរាប ៖ ដោយទទួលការឯកភាព និងអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ សែម គន្ធា ប្រធាននាយកដ្ឋានគ្រប់គ្រងអាវុធ ជាតិផ្ទុះ និងលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ព្រមទាំងសហការី បានពិភាក្សាការងារក្នុងដំណើរទស្សនកិច្ចស្វែងយល់របស់គណៈប្រតិភូការិយាល័យស៊ើបអង្កេត និងទប់ស្កាត់ការរត់ពន្ធនុយក្លេអ៊ែរ នៃក្រសួងថាមពលសហរដ្ឋអាមេរិក (Nuclear Smuggling Detection and Deterrence – NSDD – US DoE) ដែលដឹកនាំដោយលោកស្រី Samantha Bowers ប្រធានគ្រប់គ្រងគម្រោងសហព័ន្ធ (Federal Project Manager) នៃការិយាល័យNSDD និងដោយមានការសម្របសម្រួលពីអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិអាវុធគីមី ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ នឿន វិទ្យា អគ្គលេខាធិការរង និងជាប្រធានក្រុមការងារអន្តរជាតិផ្នែកCBRN ព្រមទាំងសហការី ក្នុងគោលបំណងរៀបចំកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងបី សំដៅធានាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមជូនថ្នាក់ដឹកនាំកំពូលៗ ភ្ញៀវជាតិ-អន្តរជាតិ ទីតាំងប្រមូលផ្តុំសាធារណៈក្នុងកម្មវិធីបុណ្យជាតិ និងអន្តរជាតិធំៗ ដែលប្រារព្ធឡើងក្នុងព្រះរាជាណាចក្រកម្ពុជា ឲ្យជៀសផុតពីការគំរាមកំហែង ហានិភ័យ និងឧបទ្ទវហេតុដែលអាចបង្កឡេីងដោយសារធាតុវិទ្យុសកម្មនិងនុយក្លេអ៊ែរ ក៏ដូចជាការរត់ពន្ធខុសច្បាប់នៃសារធាតុទាំងនោះតាមបណ្តាព្រំដែននៃព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១៩-២០ ខែមីនា ឆ្នាំ២០២៦នេះ៕

