ខេត្តត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម វង សូត អនុប្រធានទី២ នៃរដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលខេត្តត្បូងឃ្មុំ អមដោយសមាជិក សមាជិការដ្ឋសភា រដ្ឋាភិបាល ក្រុមការងារថ្នាក់ខេត្ត ស្រុក ឃុំ ភូមិអញ្ជើញដាក់កូរោណផ្កា “ទិវាជាតិនៃការចងចាំ” នៅសាលាស្រុកអូររាំងឪ។
“ទិវាជាតិនៃការចងចាំ ២០ ឧសភា” គឺជាថ្ងៃនៃការចងចាំ រំឭកដល់ជនរងគ្រោះ និងការឈឺចាប់យ៉ាងធ្ងន់ធ្ងរក្រោមរបបកម្ពុជាប្រជាធិបតេយ្យ (ខ្មែរក្រហម) ចន្លោះឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩។
ក្នុងឱកាសដ៏សង្វេគនោះ ឯកឧត្តម វង សូត បានបញ្ជាក់ថា “ទិវាជាតិនៃការចងចាំ” ត្រូវបានបង្កើតឡើងក្នុងគោលបំណង៖
– លើកតម្កើងការគោរពវិញ្ញាណក្ខន្ធ៖ ឧទ្ទិសដល់ជនរងគ្រោះ និងអតីតយុទ្ធជន យុទ្ធនារី ដែលបានបាត់បង់ជីវិតក្នុងរបបប្រល័យពូជសាសន៍។
– ស្តារកិត្តិយស និងសេចក្តីថ្លៃថ្នូរ៖ ជូនដល់បងប្អូនប្រជាពលរដ្ឋដែលបានរងទុក្ខវេទនាយ៉ាងខ្លោចផ្សា។
– ជំរុញការផ្សះផ្សា៖ ពង្រឹងការរួបរួមសង្គមកម្ពុជា និងថែរក្សាសុខសន្តិភាព។
ឯកឧត្តមអនុប្រធានទី២ នៃរដ្ឋសភា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ត្រូវរួមគ្នាចងចាំប្រវត្តិសាស្ត្រដ៏ឈឺចាប់នេះ និងរួមសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីទប់ស្កាត់កុំឱ្យសោកនាដកម្ម និងការបែកបាក់ជាតិបែបនេះ កើតមានឡើងនៅលើទឹកដីកម្ពុជាសារជាថ្មីម្តងទៀត៕
