រដ្ឋបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ បានជំរុញចលនាដើម្បីភាពបៃតងនៅកម្ពុជា ដោយបានរៀបចំកម្មវិធីដាំដើមឈើ នៅសងខាងផ្លូវជាតិលេខ៥៥ ក្រោមប្រធានបទ «រួមគ្នាដាំដើមឈើដើម្បីកម្ពុជាបៃតង» នៅខេត្តពោធិ៍សាត់ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងមានការចូលរួមពី ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ តំណាងក្រសួង ស្ថាប័ន មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ភ្ញៀវកិត្តិយស អាជ្ញាធរគ្រប់លំដាប់ថ្នាក់ សិស្សានុសិស្ស យុវជន និងបងប្អូនប្រជាពលរដ្ឋជាច្រើននាក់។
ឯកឧត្តម ខូយ រីដា បានលើកឡើងថា ការដាំកូនឈើនៅថ្ងៃនេះ គឺការចូលរួមចំណែកដល់ការថែរក្សាបរិស្ថាន បង្កើនគម្របព្រៃឈើ និងលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ ជាពិសេសយុវជនជំនាន់ក្រោយ អំពីតម្លៃនៃធនធានធម្មជាតិ។ កម្មវិធីដាំដើមឈើនិងការពារទប់ស្កាត់បទល្មើសព្រៃឈើ គឺជាអាទិភាពនៃផែនការសកម្មភាពដាក់ចេញជាបន្ត ដើម្បីជំរុញឱ្យខេត្តពោធិ៍សាត់ ក្លាយជាខេត្តបៃតង ស្អាត មានបរិស្ថានល្អ ថែមទៀត និងជាការរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាព៕
