ឯកឧត្តម អ៊ុន ចាន់ដា ក្រើនរំលឹកដល់មន្ត្រីគណបក្សមូលដ្ឋាន បង្កើនការបម្រើសេវាជូនប្រជាពលរដ្ឋ និងពង្រឹងការងារសន្តិសុខសណ្តាប់ធ្នាប់ឱ្យបានល្អប្រសើរ

កំពង់ចាម៖ នៅព្រឹកថ្ងៃសៅរ៍ទី ២០ ខែមិថុនាឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការបក្សខេត្តកំពង់ចាម និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ក្រុងកំពង់ចាម បាន ក្រើនរំលឹកដល់មន្ត្រីគណបក្សមូលដ្ឋាន និងក្រុមការងារ ត្រូវបង្កើនការយកចិត្តទុកដាក់លើការបម្រើសេវាជូនប្រជាពលរដ្ឋ និងពង្រឹងការងារសន្តិសុខសណ្តាប់ធ្នាប់ឱ្យបានល្អប្រសើរ រួមនឹងការបន្តធ្វើអំពើល្អ រាល់សកម្មភាពបក្សទាំងអស់គឺត្រូវប្រកាន់ខ្ជាប់នូវស្មារតី ដើម្បីផលប្រយោជន៍គណបក្ស និងប្រជាជន ដើម្បីកសាងកម្លាំងឱ្យកាន់តែមុតមាំក្នុងការប្រជែងយកជ័យជម្នះ លើការបោះឆ្នោតនៅឆ្នាំ២០២៧ និងឆ្នាំ២០២៨។ ឯកឧត្តម ថ្លែងបែបនេះ នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេច ស្ដីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ ២០២៧ របស់ក្រុមការងារចុះជួយក្រុងកំពង់ចាម។

ឯកឧត្តម ប្រធានក្រុមការងារ ក៏បានស្នើឱ្យមន្ត្រីគណបក្ស ដែលជាក្រុមប្រឹក្សាឃុំ-សង្កាត់ និងមន្ត្រីភូមិ សូមបន្តសហការពង្រឹងការងារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈឲ្យបានល្អ ជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាល និងប្រជាការពារ ដើម្បីរក្សាបាននូវសន្តិសុខល្អ និងភាពសុខដុមរមនារបស់ប្រជាជន។ ទន្ទឹមនោះ អាជ្ញាធរមូលដ្ឋាន ត្រូវសហការជាមួយក្រុមការងារគណៈពង្រឹង ចុះរៀបចំបង្កើតវេទិកាសាធារណៈឲ្យបានផុលផុស។

ឯកឧត្តម អ៊ុន ចាន់ដា ក៏បានស្នើដល់ប្រធានគណបក្សនៅមូលដ្ឋាន ក៏ដូចជាក្រុមការងារស្នូល ក្នុងក្រុងកំពង់ចាម ត្រូវយកចិត្តទុកដាក់ខ្ពស់លើការចិញ្ចឹមចលនាសមាជិកបក្ស និងការជួយសម្របសម្រួលដល់សមាជិកបក្ស រាល់ពេលពួកគាត់មាន តម្រូវការ និងសំណូមពរ ឬជួបបញ្ហាផ្សេងៗ ពិសេសគឺត្រូវផ្សារភ្ជាប់ ទៅនឹងការផ្តល់ និងទទួល សេវាសាធារណៈ ដែលជាតម្រូវការចាំបាច់ប្រចាំថ្ងៃ។

ឯកឧត្តម ប្រធានក្រុមការងារ ក៏បានជំរុញឱ្យមន្ត្រីគណបក្សមូលដ្ឋានគ្រប់ជាន់ថ្នាក់ ប្តេជ្ញាចិត្ត ខិតខំប្រតិបត្តិឱ្យបានត្រឹមត្រូវ តាមកម្មវិធីនយោបាយ និងលក្ខន្តិកៈបទបញ្ជា ផ្ទៃក្នុងរបស់គណបក្សជាពិសេសគឺគាំទ្រយ៉ាងពេញទំហឹងចំពោះគណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕IMG_20260620_165608

You might like