ព្រឹកថ្ងៃពុធ ១រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៤ របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៣ ឆ្នាំ២០២០ ដើម្បីពិនិត្យសកម្មភាពរបស់សមាជិកក្រុមប្រឹក្សាខេត្ត និងសកម្មភាពរបស់រដ្ឋបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត លោក លោកស្រីជាអភិបាលរងខេត្ត លោកនាយករដ្ឋបាល នាយកទីចាត់ការ ប្រធានអង្គភាព និងការិយាល័យចំណុះសាលាខេត្តព្រះសីហនុទាំងមូល។
មានរបៀបវារៈចំនួន៧ យកមកពិនិត្យ និងពិភាក្សា រួមមាន៖
១-មតិស្វាគមន៍បើកកិច្ចប្រជុំ
២-ពិនិត្យកូរ៉ុម
៣-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបៀបវារៈនៃកិច្ចប្រជុំសាមញ្ញលើកទី១៤ របស់ក្រុមប្រឹក្សាខេត្ត។
៤-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១៣ របស់ក្រុមប្រឹក្សាខេត្ត។
៥-ពិនិត្យ និងអនុម័តរបាយការណ៍ប្រចាំខែកក្កដា ឆ្នាំ២០២០ ស្ដីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត (គិតចាប់ពីថ្ងៃទី២០ ខែមិថុនា ដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០) ។
៦-ស្តាប់របាយការណ៍របស់គណ:កម្មាធិការនានារបស់ក្រុមប្រឹក្សាខេត្ត និងរបាយការណ៍របស់ការិយាល័យប្រជាពលរដ្ឋខេត្តព្រះសីហនុ
-គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ
-គណៈកម្មាធិការលទ្ធកម្ម
-គណៈកម្មាធិការសម្របសម្រួលបច្ចេកទេសខេត្ត
-គណៈកម្មាធិការគ្រប់គ្រងមណ្ឌលអភិវឌ្ឍន៍ ធនធានមនុស្សខេត្ត
-គណៈកម្មាធិការរៀបចំដែនដី នគរូបនីយកម្មខេត្ត
-ការិយាល័យប្រជាពលរដ្ឋខេត្តព្រះសីហនុ
៧-មតិបូកសរុប ប្រកាសកាលបរិច្ឆេទសម្រាប់កិច្ចប្រជុំសាមញ្ញលើកក្រោយ និងបិទអង្គប្រជុំ។
ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តស្នើឱ្យមានការរួមគ្នាយកចិត្តទុកដាក់អោយបានល្អបំពេញការងារដើម្បីអោយពលរដ្ឋមានការទុកចិត្ត និងមានភាពកក់ក្តៅលើថ្នាក់ដឹកនាំជាមន្ត្រីបំម្រើរពលរដ្ឋ។
ទន្ទឹមនេះឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត បានផ្តល់អនុសាសន៍ចំពោះការចុះធ្វើបច្ចុប្បន្នភាពគ្រួសារក្រីក្រនៅតាមមូលដ្ឋានត្រូវធ្វើឱ្យបានត្រឹមត្រូវដើម្បីធានាថាការអនុវត្តកម្មវិធីផ្តល់សាច់ប្រាក់ជូនប្រជាជនក្រីក្ររបស់រាជរដ្ឋាភិបាលមានភាពច្បាស់លាស់ និងចំគោលដៅពិតប្រាកដ និងទទួលបានការគាំទ្រពីប្រជាពលរដ្ឋ។
ជាមួយគ្នានេះដែរ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ គូសបញ្ជាក់ថាមានបញ្ហាប្រឈមជាច្រើនដែលខេត្តបាននឹងកំពុងខិតខំសម្របសម្រួលដោះបញ្ហាជូនប្រជាពលរដ្ឋ និងទទួលបានលទ្ធផលជាបន្តបន្ទាប់។សម្រាប់ខែនេះរដ្ឋបាលខេត្តបានអនុវត្តការងារមួយចំនួនដូចជា៖ការផ្តល់សាច់ប្រាក់សម្រាប់ជនក្រីក្ររងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារកូវីដ១៩ ។ការចុះស្រង់ស្ថិតិ និងធ្វើបច្ចុប្បន្នភាពគ្រួសារក្រីក្រតាមមូលដ្ឋាន និងផ្សព្វផ្សាយអំពីអត្ថប្រយោជន៍នៃប័ណ្ណក្រីក្រ ការគ្រោងចុះចែកអំណោយជូនពួកគាត់ក្នុងពេលឆាប់ៗ។ការដោះស្រាយដីជូនពលរដ្ឋរស់នៅលើចំណីអូរប្រឡាយដែលប៉ះពាល់គម្រោងស្តារអូរប្រឡាយនៅក្នុងក្រុងដើម្បីដោះស្រាយបញ្ហាស្ទះផ្លូវទឹកបង្កជាជំនន់ទឹកភ្លៀង។ការរៀបចំគម្រោងកែលម្អស្ពានចាស់ឆ្លងប្រឡាយចំនួន២កន្លែងនៅសង្កាត់លេខ៤។
ឯកឧត្តម គួច ចំរើន បញ្ជាក់ថាលទ្ធផលនៃការស្តារប្រឡាយបានលទ្ធផលជាង៧០%ហើយការងារនេះមានការលំបាកដោយសារស្ថានភាពភូមិសាស្ត្រស្មុគស្មាញគ្រឿងចក្រលំបាកចេញចូល។
នៅក្នុងការអភិវឌ្ឍន៍ការងារនេះនៅតែបន្តកិច្ចការរៀបចំស្តារអូរនិងដោះស្រាយផលប៉ះពាល់ផងដែរ។ក្រៅពីនេះឯកឧត្តមបានរំលឹកអោយមានការប្រុងប្រយ័ត្នចំពោះជំងឺកូវីដ១៩។

