ខេត្តកំពត ៖ នាព្រឹកថ្ងៃសៅរ៍ ៤រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២០ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន អមដំណើរជាមួយដោយឯកឧត្តម ជាវ តាយ អភិបាល នៃគណអភិបាលខេត្តកំពត ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមប្រតិភូរាជរដ្ឋា ភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ និងខេត្តកំពត មន្រ្តីជំនាញ និងអាជ្ញាធរមូលដ្ឋាន អញ្ជើញជួបសំណេះសំណាល សាកសួរសុខទុក្ខ និងនាំយកកូនត្រីអណ្តែង កូនកង្កែប និងសម្ភារចិញ្ចឹមដូចជាតង់ និងចំណីមកចែកជូនកសិករចំនួន ៥០គ្រួសារនៅភូមិត្រពាំងត្នោត ឃុំដំបូកខ្ពស់ ស្រុកអង្គរជ័យ ខេត្តកំពត។ ពិធីនេះបានរៀបចំនៅផ្ទះបងស្រី សែត ធី ដែលមានអាជីពជាអ្នកបង្កាត់ ភ្ញាស់ និងចិញ្ចឹមត្រី(កាបសាមញ្ញ កាបឥណ្ឌា កាបរាហ៊ូ កាបស ទីឡាព្យា និងត្រីឆ្ពិន)។
លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពត បានមានមតិស្វាគមន៍ និងរាយការណ៍ជូនអង្គពិធីជ្រាបដោយសង្ខេបអំពីវិស័យវារីវប្បកម្មសមុទ្រ និងទឹកសាប ដោយបានរាយការណ៍យ៉ាងលម្អិតអំពីអាជីវកម្មចិញ្ចឹម បង្កាត់ និងភ្ញាស់កូនត្រី របស់បងស្រី សែត ធី ដែលជាវារីវប្បករគំរូនៅទូទាំងស្រុកអង្គរជ័យនេះថា៖ បងស្រីបានចាប់ផ្តើមអាជីពចិញ្ចឹមត្រីតាំងពីឆ្នាំ២០០៦ លើផ្ទៃដី ២ហិកតា។ ដោយទទួលបានការបណ្តុះបណ្តាលបច្ចេកទេសចិញ្ចឹមពីមន្ទីរ និងរដ្ឋបាលជលផល បងស្រីបានពង្រីកមុខរបរនេះជាបណ្តើរៗ រហូតមកទល់បច្ចុប្បន្នមានស្រះចិញ្ចឹមចំនួន ១៥ស្រះ ស្រះមេពូជចំនួន៣ មានលទ្ធភាពផលិតកូនត្រីគ្រប់ប្រភេទបានចំនួន ១លានកូន និងត្រីសាច់បានជាង ៤តោន/ឆ្នាំ។ ចំពោះតែអាជីពនេះ គិតជាមធ្យមបានចំណូល ៩០លានរៀល/ឆ្នាំ ដកថ្លៃដើមរួចនៅសល់ជាង ៥០លានរៀល/ឆ្នាំ។ តាមរយៈមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បងស្រីបានអំពាវនាវឲ្យប្រជាពលរដ្ឋគួរតែចូលរួមចិញ្ចឹមត្រី ក្នុងខណ:ដែលប្រទេសជាតិកំពុងជួបវិបត្តិជំងឺឆ្លងកូវីដ-១៩ ដើម្បីបង្កើតមុខរបរ និងរកចំណូលមកផ្គត់ផ្គង់គ្រួសារ ចៀសវាងធ្វើចំណាកស្រុក។ ចំពោះករណីនេះ គួរតែទាក់ទងទៅមន្ទីរតាមរយៈទូរស័ព្ទលេខ ( ០១៧ ៨០៣ ០០៧ ) ឬរដ្ឋបាលជលផល ដើម្បីទទួលបានព័ត៌មានបន្ថែមអំពីបច្ចេកទេសចិញ្ចឹមនិងបង្កាត់ពូជ។
ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្រ្តី និងឯកឧត្តមអភិបាលខេត្ត បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី សម្តេចកិត្តិព្រឹត្តបណ្ឌិត សម្តេចមហាពញាចក្រីប្រធានរដ្ឋសភា និងសម្តេចវិបុលសេនាភក្តីប្រធានព្រឹទ្ធសភា មកជូនបងប្អូនដែលមានវត្តមាននៅទីនេះ និងនៅទូទាំងខេត្តកំពត ហើយសម្តេចបានជូនពរឱ្យបងប្អូនប្រជាពលរដ្ឋគ្រប់ៗក្រុមគ្រួសារ ឲ្យជួបតែសេចក្តីសុខ សេចក្តីចម្រើន សុភមង្គលក្នុងក្រុមគ្រួសារ និងមានសុខភាពល្អ ជៀសផុតពីវិបត្តិជំងឺឆ្លងកូវីដ-១៩។ បន្ទាប់មក ឯកឧត្តមរដ្ឋមន្រ្តី បានធ្វើការសំណេះ សំណាលជាមួយប្រជាពលរដ្ឋអំពីជីវភាព ការងារបង្កបង្កើនផល ជាពិសេសនោះគឺការងារវារីវប្បកម្ម ដែលលោកបានរំលេចជូនប្រជាកសិករជ្រាបថា ចំពោះវិស័យវារីវប្បកម្មនេះត្រូវបានទទួល ការលើកទឹកចិត្ត និងជួយឧបត្ថម្ភថវិកាដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោចំនួន ២០០០លានរៀល ក្នុងឆន្ទ:ចូលរួមបង្កើតការងារ ពង្រឹង និងពង្រីកសកម្មភាពចិញ្ចឹមត្រី និងកង្កែបជាលក្ខណ:គ្រួសារដើម្បីបង្កើតចំណូល ធានាសន្តិសុខស្បៀងក្នុងគ្រួសារ ស្របពេលដែលសេដ្ឋកិច្ចជាតិ និងវិស័យមួយចំនួនទៀតកំពុងប្រឈមនឹងវិបត្តិជំងឺឆ្លងកូវីដ-១៩។





