ឯកឧត្តម អភិបាលខេត្ត អញ្ជើញជួបសំណេះសំណាលជាមួយកងកម្លាំងប្រដាប់អាវុធគ្រប់គ្រប់ប្រភេទ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរ

ថ្ងៃសុក្រ ៩រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម អភិបាលខេត្ត បានអញ្ជើញជួបសំណេះសំណាលជាមួយកងកម្លាំងប្រដាប់អាវុធគ្រប់គ្រប់ប្រភេទ ចំនួន ១២០២នាក់ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២០ នៅសាលសន្និសិទបូកគោ។

បន្ទាប់ពីស្តាប់របាយការណ៍ស្វាគមន៍ របស់លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត ឯកឧត្តម អភិបាលខេត្ត បានមានប្រសាសន៍ពាំនាំមកនូវការសាកសួរសុខទុក្ខពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សម្តេចទាំងទ្វេរតែងតែគិតគូពីសុខទុក្ខរបស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ព្រមទាំងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តកំពតទាំងមូល។ ជាមួយគ្នានោះឯកឧត្តម បានថ្លែងកោតសរសើរដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលកន្លងមកបានចូលរួមគាំទ្រយ៉ាងសកម្មក្នុងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ស្របតាមតួនាទី និងភារកិច្ចរៀងៗខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីបង្ការ និងទប់ស្កាត់រាលបញ្ហាកើតមានឡើងក្នុងភូមិសាស្ត្រខេត្តកំពត។

ឯកឧត្តម អភិបាលខេត្ត ក៏បានបន្តមានប្រសាសន៍ថា កម្លាំងសមត្ថកិច្ចគ្រប់ប្រភេទរបស់យើងតែងបានសហការជួយគ្នាទៅវិញទៅមកក្នុងការដោះស្រាយ និងបញ្ចៀសបាននូវរាល់ការកកស្ទះចរាចរណ៍ជូនដល់អ្នកធ្វើដំណើរគ្រប់ប្រភេទភេទដោយមិនខ្លាចនឿយហត់ទោះបីស្ថិតក្នុងអាកាសធាតុក្តៅខ្លាំងឬមានភ្លៀងធ្លាក់យ៉ាងណាក៏ដោយ។ បើយើងពិនិត្យទៅក្នុងស្ថានការណ៍បច្ចុប្បន្ននេះ ប្រទេសជាតិរបស់យើងកំពុងជួបប្រទះនូវបញ្ហាជំងឺកូវីដ១៩ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទក៏បានចូលរួមយ៉ាងសកម្មនៅក្នុងយុទ្ធនាការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺដ៏កាចសាហាវនេះតាមរយៈយុទ្ធនាការផ្សព្វផ្សាយសារជាសំឡេងរបស់ក្រសួងសុខាភិបាល ស្តីពីវិធានការអនាម័យសុខភាពការត្រៀមបម្រុងនូវកន្លែងសម្រាប់ព្យាបាលអ្នកផ្ទុកជំងឺ ការស្រង់ស្ថិតិពលករដែលវិលត្រឡប់មកពីប្រទេសជិតខាង និងការចូលរួមអនុវត្តយ៉ាងសកម្មរាល់បទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ និងរដ្ឋបាលខេត្ត។

ក្នុងពិធីសំណេះសំណាលនាថ្ងៃនេះ ឯកឧត្តម អភិបាលខេត្ត ក៏បានផ្ដល់ជូនកងកម្លាំងទាំងបីប្រភេទសរុប ១,២០២នាក់ ដោយម្នាក់ៗទទួលបានថវិកាចំនួន ៥០,០០០រៀល សរុបស្មើនឹង ៦០,១០០,០០០រៀល។ ដោយថវិកាដែលបានផ្ដល់ជូននេះគឺបានមកពីការចូលរួមថវិកាបដិភាគ ៥0% របស់រដ្ឋបាលខេត្ត ជាមួយនឹងមេបញ្ជាការកងកម្លាំងទាំងបី ៕inCollage_20200911_160202406

You might like