នៅរសៀល ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១
រដ្ឋបាលខេត្តកំពង់ចាម សម្រេចផ្អាកទីកន្លែងពាក់ព័ន្ធចំនួន ១៣កន្លែង ជាបណ្ដោះអាសន្ន និងយកអ្នកពាក់ព័ន្ធ ទៅមណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលខេត្ត។ ទីតាំងទាំង ១៣ រួមមាន÷ មណ្ឌលសុខភាព ០១ទីតាំង មន្ទីរពេទ្យឯកជន ចំនួន ០២ទីតាំង តូបលក់ដូរចំនួន ០៩ទីតាំងនៅផ្សារធំ និង ១ទីតាំងទៀតគឺនៅផ្សារសាមគ្គី ក្រុងកំពង់ចាម ។ ការផ្អាកអាជីវកម្មបណ្ដោះអាសន្ននេះ បន្ទាប់ពី រកឃើញជាប់ពាក់ព័ន្ធ ដោយផ្ទាល់ និងប្រយោលជាមួយគ្រួសារ លោក វ៉ាន ណាក្រូ ប្រធានការិយាល័យសុខាភិបាល នៃស្នងការដ្ឋានខេត្តត្បូងឃ្មុំ ដែលមានវិជ្ជមានកូវីដ-១៩ ។ ដោយឡែក អ្នកជាប់ពាក់ព័ន្ធ បានយកមកធ្វើជាមណ្ឌលចត្តាឡីស័កមណ្ឌលចត្តាឡីស័ក នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ ខេត្តកំពង់ចាម ។
រដ្ឋបាលខេត្ត បានចេញសេចក្តីប្រកាសព័ត៌មាន ជាបន្ទាន់ដើម្បី ស្វែងរកអ្នកដែលពាក់ព័ន្ធផ្សេងៗទៀត ឲ្យមកចូលរួមធ្វើចត្តាឡីស័ក និងយកសំណាកទៅពិនិត្យ ជាមួយគ្រូពេទ្យជំនាញ នៅទីនោះផ្ទាល់ ៕

