សម្តេចអគ្គមហាពញចក្រីហេង សំរិនសូមឱ្យជនរួមជាតិចូលរួមប្រយុទ្ធ ប្រឆំាងកូវីដ-១៩ដោយការទទួលខុសត្រូវខ្ពស់បំផុត

វ៉ាក់សំាងរួមនឹងការអនុវត្តវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួនជាមធ្យោបាយដ៏សំខាន់ដែល អាចនាំឱ្យសង្គមជាតិយើងវិលទៅរកសភាពជាធម្មតាដូចមុនវិញបាន។ ដូច្នេះសូមជនរួមជាតិចូលរួមអនុវត្តឱ្យបានខ្ជាប់
ខ្ជួននូវរាល់វិធានការដែលរាជរដ្ឋាភិបាលបានដាក់ចេញជាមួយការទទួលខុសត្រូវខ្ពស់បំផុតចំពោះសុខុមាល
ភាពសង្គមជាតិរបស់យើង។

នៅក្នុងការប្រយុទ្ធប្រឆំាងជំងឺកូវីដ-១៩នេះ រាជរដ្ឋាភិបាលបានចេញនូវវិធានការបន្តបន្ទាប់ ទំាងយន្តការសម្រាប់ស្តារ ការងើបឡើងវិញនូវសេដ្ឋកិច្ចជាតិ ជីវភាពរស់នៅរបស់ប្រជាជនពលរដ្ឋ និងសុខភាពសាធារណៈ។ នៅក្នុងការទប់ស្កាត់ កុំឱ្យជំងឺកូវីដ-១៩ បន្តរាតត្បាតសុខុមាលភាពសង្គមជាតិទៅមុខទៀត រាជរដ្ឋាភិបាលបានកំពុងកៀរគរគ្រប់មធ្យោបាយដើម្បីទទួលបានវ៉ាក់សំាងមកចាក់ជូនបងប្អូនប្រជាពលរដ្ឋ ទំាងការទទួលជំនួយពីប្រទេសជាមិត្ត ស្ថាប័នដៃគូអន្តរជាតិនិងការបញ្ជាទិញ។

ក្នុងនាមស្ថាប័ននីតិប្បញ្ញត្តិ សម្តេចសូមវាយតម្លៃខ្ពស់ចំពោះឆន្ទៈដ៍មុះមុតរបស់រាជរដ្ឋាភិបាលនៅក្នុងគម្រោងការចាក់វ៉ាក់សំាងជូនប្រជាពលរដ្ឋឱ្យបានរហូត
ដល់ជាង១០លាននាក់ ក្នុងចំណោមប្រជាពលរដ្ឋទូទំាងប្រទេស។ ជាពិសេសចាប់ពីពេលនេះ បើកយុទ្ធនាការចាក់វ៉ាក់សំាងជូនពលរដ្ឋឱ្យបានយ៉ាងតិច១លានដូសនៅក្នុងមួយខែ ពិតជាមានសារៈសំខាន់ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព និងស្តារសេដ្ឋកិច្ចដែលរងផលប៉ះពាល់ឱ្យងើបឡើងវិញបានឆាប់រហ័ស។

ឆ្លៀតឱកាសនេះសម្តេចនៅតែទទូចអំពាវនាវដល់បងប្អូន កូនក្មួយ ប្រជាពលរដ្ឋទំាងអស់មេត្តាចូលរួមទប់ស្កាត់ ការពារជំងឺកូវីដ-១៩ ទំាងអស់គ្នា ដើម្បីបញ្ចៀសការបាត់បង់អាយុជីវិតដោយសារជំងឺរាតត្បាតដ៏កាចសាហាវនេះបន្តទៀត ជាពិសេសដើម្បីជម្រុញឱ្យសង្គមជាតិយើងឆាប់មានឱកាសវិលទៅរកជីវភាពដូចធម្មតាវិញ ដើម្បីស្តារនិងកសាងប្រទេសជាតិយើងឲ្យកាន់តែរីកចម្រើនឆាប់រហ័សឡើង។

សូមជនរួមជាតិទំាងអស់បន្តអនុវត្តវិធានការ «៣ការពារ ៣កុំ»ឲ្យបានហ្មត់ចត់ជាទីបំផុត៕FB_IMG_1617065099853 FB_IMG_1617065108345 FB_IMG_1617065120738 FB_IMG_1617065113444

You might like