ថ្នាក់ដឹកនាំខេត្តប៉ៃលិនធ្វើពិធីបួងសួងសុំសេចក្តីសុខនៅអាស្រមរូបសំណាកលោកយាយយ៉ាត

ប៉ៃលិន៖ នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ ឯកឧត្តមនាយឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន និងលោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត ព្រមទាំងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ បានអញ្ជើញធ្វើពិធីបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន និងថ្វាយគ្រឿងដង្វាយ ភ្លេងពិណពាទ្យ របាំជូនពរ និងរបាំក្ងោក ដល់រូបសំណាកលោកយាយយ៉ាត ទៅតាមគន្លងព្រះពុទ្ធសាសនា និងព្រហ្មញ្ញសាសនា ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចព្រះវនរ័តកិត្តិបណ្ឌិត ណយ ច្រឹក សម្តេចព្រះសង្ឃនាយករងទី២ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីតាមជួយបីបាច់ថែរក្សា ថ្នាក់ដឹកនាំ មន្រ្តីរាជការ បងប្អូនប្រជាពលរដ្ឋទូទាំងខេត្តប៉ៃលិន និងបងប្អូនជនរួមជាតិទាំងអស់ ឱ្យទទួលបានសេចក្តីសុខសប្បាយ និងជោគជ័យគ្រប់ភារកិច្ច ជាពិសេសជៀសចេញឱ្យផុតពីជំងឺកូវីដ១៩ (Covid-19) ទាំងអស់គ្នា។
ពិធីនេះត្រូវបានប្រារព្ធធ្វើឡើងនៅអាស្រមលោកយាយយ៉ាត ក្បែរជើងភ្នំយ៉ាត ជាប់ផ្លូវជាតិលេខ ៥៧ ស្ថិតក្នុងភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដែលចម្ងាយពីទីរួមខេត្តប្រមាណ ២គីឡូម៉ែត្រ។

បើតាមការបញ្ជាក់របស់លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានឱ្យដឹងថា៖ ការធ្វើពិធីបួងសួង សុំសេចក្តីសុខសេចក្តីចម្រើននាពេលនេះ គឺចង់បានពរជ័យពីលោកយាយយ៉ាត ដែលមានបារមីថែរក្សាលើទឹកដីត្បូងពេជ្រ សូមតាមជួយបីបាច់ថែរក្សា ថ្នាក់ដឹកនាំ មន្រ្តីរាជការ បងប្អូនប្រជាពលរដ្ឋទូទាំងខេត្តប៉ៃលិន និងប្រទេសជាតិឱ្យជៀសផុតពីគ្រោះធម្មជាតិ នានា និងជំងឺដង្កាត់ផ្សេងៗ ជាពិសេសជៀសចេញឱ្យផុតពីជំងឺកូវីដ១៩ (Covid-19) ដែលកំពុងចម្លងរីករាល ដាល នៅក្នុងប្រទេស និងនៅទូទាំង សកលលោក។

នៅក្នុងឱកាសនោះផងដែរ បើទោះបីជាខេត្តប៉ៃលិន ពុំទាន់មានករណីជម្ងឺកូវីដ-១៩ (COVID-19) ផ្ទុះឆ្លងចូលសហគមក៏ពិតមែន តែក្នុងនាមថ្នាក់ដឹកនាំខេត្ត លោកជំទាវ បាន ស្រីមុំ បានអំពាវនាវសូមឱ្យបងប្អូនប្រជាពលរដ្ឋទូទាំងខេត្ត ត្រូវបន្តការប្រុងប្រយ័ត្នខ្ពស់ ដើម្បីការពារខ្លួនពីជំងឺដ៏កាចសាហាវនេះ និងជំងឺឆ្លងផ្សេងៗ ដោយអនុវត្តនូវវិធានការ “៣ការពារ ៣កុំ” របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាវិធានការនានា របស់ក្រសួងសុខាភិបាល។

សូមបញ្ជាក់ថា៖ រូបសំណាកធំរបស់ លោកយាយ យ៉ាត ដែលស្ថិតនៅក្នុងអាស្រម ក្បែរជើងភ្នំយ៉ាត នេះ ត្រូវបានកសាងឡើងនៅក្នុងអំឡុងខែមេសា ឆ្នាំ២០១១ គឺចំណាយថវិកាផ្ទាល់របស់ ឯកឧត្តមនាយឧត្តមសេនីយ៍ អ៊ី ឈាន និងលោកជំទាវ បាន ស្រីមុំ ដោយធ្វើពីថ្មភក់នៅខេត្តកំពង់ធំ មានកម្ពស់ ៣,៨០ ម៉ែត្រ បល្ល័ង្ក ទំហំប្រវែង ២,៤០ម៉ែត្រការ៉េ និង មាន ទម្ងន់ សរុប ៣២ តោន៕FB_IMG_1617623995703 FB_IMG_1617623997916 FB_IMG_1617624000239 FB_IMG_1617624002900 FB_IMG_1617624005664

You might like