លិខិតមួយច្បាប់ជូនម្ចាស់ឡឥដ្ឋនៅភូមិអូរកណ្តោលត្រូវបានបើកដំណើរការឡើង វិញក្រោយ១នាក់ជាសះស្បើយពីជំងឺកូវីដ១៩.!

នៅថ្ងៃទី ៦ ខែមេសា​ នេះ​ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម​ បានប្រគល់ជូនលិខិតរដ្ឋបាលមួយច្បាប់ជូនម្ចាស់អាជីវកម្មឡឥដ្ឋ នៅភូមិអូរកណ្តោល ឃុំព្រែកក្របៅស្រុកកងមាស ខេត្តកំពង់ចាម ដែលលិខិតនោះបញ្ជាក់អំពីការបើកឲ្យអាជីវកម្មផលិតសំណង់មានដំណើរការជាប្រក្រតីឡើងវិញចាប់ពីថ្ងៃទី ៥​ខែមេសា​ ម្សិលមិញ​ ។

ក្នុងនាមជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ១៩ខេត្តកំពង់ចាម​ ឯកឧត្តមត្រូវបានចាត់តាំងឲ្យដំណងនាំយកលិខិតនេះទៅជូនម្ចាស់អាជីវកម្មឡឥដ្ឋដោយផ្ទាល់ នៅថ្ងៃទី​ ៦​ ខែមេសា​នេះ​តែម្តង​។ សកម្មភាព​នៃការបើកឡើងវិញអាជីវកម្មឡឥដ្ឋនៅថ្ងៃនេះ ក៏មានការចូលរួមដែរពីលោកអភិបាលស្រុកកងមាស លោកមេឃុំព្រែកក្របៅ កម្លាំងប្រដាប់អាវុធមូលដ្ឋាន និងយុវជន​សហភាព​សហព័ន្ធយុវជន​កម្ពុជា​ស្រុកកងមាស​។

ជាមួយនឹងសកម្មភាពខាងលើនេះ​ បងប្អូនត្រូវបានកំណត់ឲ្យធ្វើចត្តាឡីស័ករយៈពេលជិត១ខែ តាំងពីថ្ងៃទី ៦ ខែមីនា​ មក​ រួមទាំងម្ចាស់អាជីវកម្មឡឥដ្ឋផង​ សរុបទាំងអស់ ១២គ្រួសារ ត្រូវបានរដ្ឋបាលខេត្តប្រកាសឲ្យចាប់ផ្តើមឡើងវិញអាជីវកម្មឡឥដ្ឋ ដែលមានន័យថាបងប្អូនកម្មករទាំងអស់នៅទីនោះ ត្រូវបានបញ្ចប់ដោយជោគជ័យនូវការធ្វើចត្តាឡីស័ក និងអាចវិលមកធ្វើការវិញ នៅថ្ងៃទី​ ៥ ខែមេសា​ ក្រោយពីអ្នកឆ្លងជំងឺកូវីដ ១នាក់​ ឈ្មោះ​ ម៉ី ស៊ីថាន ដែលដចេញពីព្រឹត្តិការណ៍ ២០កុម្ភៈ ត្រូវបានធ្វើតេស្តអវិជ្ជមានលើកចុងក្រោយ កាលពីថ្ងៃទី ៤ ខែមេសា​ កន្លងទៅ។ សូមបញ្ជាក់​ថា​បុរសម្នាក់នេះ ត្រូវបានរកឃើញថាមានលទ្ធផលវិជ្ជមាននៅថ្ងៃទី ៦ ខែមីនា​ និងដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ចាម ក្រោយពេលគាត់បានធ្វើដំណើរមកពីខេត្តព្រះសីហនុមកកាន់ស្រុកកំណើត​ ពោលគឺឃុំព្រែកក្របៅ ស្រុកកងមាស​ ហើយគាត់ត្រូវបានក្រុមគ្រូពេទ្យខេត្តអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ នៅថ្ងៃទី​ ៤​ ខែ​មេសា​ ក្រោយពីលទ្ធផលសតេ្តអវិជ្ជមានចុងក្រោយ​។

ជាមួយការអបសាទរចំពោះការជាសះស្បើយនេះ និងការប្រកាសឲ្យអាជីវកម្មឡឥដ្ឋនេះមានដំណើរឡើងវិញ បងប្អូនកម្មករទាំងអស់ ត្រូវបានផ្តល់ជូននូវសម្ភារៈ និងថវិកា​ ដោយក្នុង១គ្រួសារទទួលបាន ទឹកក្រូចដបធំ ១យួរ ស្មើនឹង​៦ដប ឧបត្ថម្ភដោយ​ឯកឧត្តម​ ហ៊ុន​ ម៉ានី សមាជិក​រដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ថវិកា​ ២០,០០០រៀល ដែលឧបត្ថម្ភរបស់លោកអភិបាលស្រុកកងមាស និងប័ណ្ណផ្សព្វផ្សាយអំពីវិធានការ​៣ការពារ និង៣កុំ ដែលជាប័ណ្ណបោះពុម្ពដោយរដ្ឋបាលឃុំព្រែកក្របៅ ចែកជូនដល់កម្មករឡឥដ្ឋ។

ជាមួយគ្នានេះ ខ្ញុំក៏បានផ្តល់ជូនទឹកក្រូចដបធំចំនួន ៣យួរ បន្ថែមទៀតដែលជាអំណោយរបស់ឯកឧត្តម ហ៊ុន​ ម៉ានី​ និងម៉ាស់​ចំនួន​៦០០​ ដែលជាអំណោយរបស់ឯកឧត្តមអភិបាលខេត្ត ជូនទៅរដ្ឋបាលឃុំព្រែកក្របៅ ដើម្បីប្រើប្រាស់ក្នុងគោលបំណងប្រយុទ្ធនឹងជំងឺកូវីដ១៩។

ជាមួយនឹងការប្រកាសបើកអាជីវកម្មឡឥដ្ឋឡើងវិញនេះ ខ្ញុំបានជម្រាបជូនទៅម្ចាស់អាជីវកម្ម និងកម្មករយ៉ាងខ្លីថា ១) ឆ្លងកាត់បទពិសោធន៍នៃការរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ ជិត១ខែ បងប្អូនយល់បានច្បាស់ហើយថាតើខ្លួនត្រូវធ្វើអ្វី និងធ្វើ​ដូចម្តេច​ដើម្បីកុំឲ្យមានបញ្ហានេះកើតឡើងម្តងទៀត ព្រោះបើវាកើត ខ្លួននឹងក្លាយជាមនុស្សរងគ្រោះមុនគេ ២) ប្រសិនបើមានបងប្អូន កូនក្មួយ​មកពី​ខេត្ត​នានា​ ពិសេសខេត្តដែលមានហានីភ័យខ្ពស់ ត្រូវណែនាំឲ្យពួកគាត់ធ្វើចត្តាឡីស័ក ១៤ថ្ងៃ​ និងរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានភ្លាមដើម្បីជួយគ្រប់គ្រងបន្ថែម ៣) ចុះឈ្មោះចាក់ថ្នាំវ៉ាក់សាំងការពារជំងឺកូវីដ១៩ឲ្យបានគ្រប់គ្នា និង៤)​ អនុវត្តឲ្យបានល្អជានិច្ចនូវវិធានការ ៣ការពារ​ និង ៣កុំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន​ នាយកមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ចុងក្រោយ​ ឯកឧត្តម​បានផ្តាំផ្ញើតែមួយម៉ាត់ជូនដល់បងប្អូនកម្មករថា “រាជរដ្ឋាភិបាលកម្ពុជា និងអាជ្ញាធរខេត្ត ស្រុក​ ឃុំ​ នៅជាមួយបងប្អូនគ្រប់ពេលវេលា”​។

សូមបញ្ជាក់​ថា​ នៅថ្ងៃទី ៤ ខែមេសា​ កន្លងទៅ ក្រុមគ្រូពេទ្យខេត្តបានអនុញ្ញាតឲ្យអ្នកជំងឺ២នាក់ ចេញពីមន្ទីរពេទ្យ ដោយសារពួកគាត់បានជាសះស្បើយពីជំងឺកូវីដ១៩ នៅសល់អ្នកជំងឺចំនួន៧នាក់ផ្សេងទៀត កំពុងសម្រាកព្យាបាលបន្ត​៕FB_IMG_1617697648112 FB_IMG_1617697653081 FB_IMG_1617697656526 FB_IMG_1617697659158 FB_IMG_1617697665248 FB_IMG_1617697670130

You might like