នារសៀលថ្ងៃចន្ទ ៨កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ ពិធីប្រគល់-ទទួល ឧបករណ៍វិភាគមេរោគកូវីដ-១៩ តាមប្រព័ន្ធកម្មវិធី Zoom ក្រោមអធិបតីភាព ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តម វ៉ាង វិធាន (Wang Wentian) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា ឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អគ្គនាយក ទីប្រឹក្សា នៃក្រសួងសុខាភិបាល លោក ជាង វៃ (Jiang Wei) ប្រធានក្រុមការងារបណ្តោះអាសន្ន នៃការិយាល័យកុងស៊ុលចិនប្រចាំខេត្តព្រះសីហនុ លោកអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកស្រីប្រធានមន្ទីរសុខាភិបាលខេត្ត លោកប្រធានមន្ទីរពេទ្យបង្អែកខេត្ត និងក្រុមការងារបច្ចេកទេសនៃខេត្តយូណាន ព្រមទាំងតំណាងក្រសួងបរិស្ថានផងដែរ។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា រដ្ឋបាលខេត្តព្រះសីហនុទទួលឧបករណ៍សម្ភារៈវេជ្ជសាស្ត្របំពាក់ឱ្យមន្ទីរពិសោធន៍ខេត្តព្រះសីហនុដែលជាជំនួយឥតសំណងដល់ថ្លៃថ្លារបស់ខេត្តយូណាននៃសាធារណរដ្ឋប្រជាមានិតចិនដោយមានការសម្របសម្រួលរបស់ស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជាតាមរយៈក្រសួងសុខាភិបាលដល់ជូនរដ្ឋបាលខេត្តព្រះសីហនុនូវជំនួយឧបករណ៍សម្រាប់វិភាគរកមេរោគកូវីដ-១៩ ដែលទទួលបានពេលនេះសមស្របទៅនឹងស្ថានភាពដែលកម្ពុជាស្ថិតក្នុងស្ថានភាពមាត់ជ្រោះនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ។
ឯកឧត្តម គួច ចំរើន បានបន្តថាជំនួសមុខឱ្យក្រុមប្រឹក្សាខេត្ត អភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្តព្រះសីហនុ សូមសំដែងការដឹងគុណ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ពិសេសថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក និងប្រជាជនខេត្តយូនណាន ដែលបានផ្ដល់នូវជំនួយមនុស្សធម៌ ជាឧបករណ៍សម្ភារៈ និងបរិក្ខាវេជ្ជសាស្រ្តជូនដល់មន្ទីរពិសោធន៍ខេត្តព្រះសីហនុ ដែលមានសមត្ថភាពវិភាគរកមេរោគកូវីត-១៩ នឹងមេរោគដ៏កាចសាហាវផ្សេងៗទៀតដែលរដ្ឋបាលខេត្តព្រះសីហនុ កំពុងត្រូវការចាំបាច់នាពេលនេះ និងទៅអនាគត និងផ្តល់ភាពងាយស្រួលកាត់បន្ថយការដឹកជញ្ជូនសំណាក់យកទៅវិភាគនៅវិទ្យាស្ថានប៉ាស្ទ័ររាជធានីភ្នំពេញ ។ មន្ទីរពិសោធន៍ខេត្តព្រះសីហនុត្រូវបានដំណើរការសាងសង់កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ បន្ទាប់ពីឯកឧត្តម ម៉ម ប៊ុនហេងរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារចុះជួយខេត្តព្រះសីហនុបានចុះពិនិត្យទីតាំងក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុនាពេលកន្លងមក ។
ឯកឧត្តមបានបន្ថែមទៀតថា មន្ទីរពិសោធន៍វេជ្ជសាស្ត្រនេះ មានទំហំ ១៥.៨ម៉ែត្រ x ២៩ម៉ែត្រ មានផ្ទៃក្រឡាសរុប ៤៥៨.២ម៉ែត្រក្រឡា មន្ទីរពិសោធន៍វេជ្ជសាស្ត្រនេះសាងសង់គោរពតាមស្តង់ដារក្រសួងសុខាភិបាល ដោយមានការត្រួតពិនិត្យបច្ចេកទេសពីមន្ត្រីជំនាញក្រសួងសុខាភិបាល នឹងសាងសង់រួចរាល់ជាស្ថាពរកាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ ដែលចំណាយថវិកាចំនួន ២៧ម៉ឺនដុល្លារសហរដ្ឋអាមេរិក ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចគិតិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ជូនដល់រដ្ឋបាលខេត្តសម្រាប់ប្រើប្រាស់ជាប្រយោជន៍សាធារណៈ បម្រើឱ្យវិស័យសុខាភិបាលក្នុងខេត្តព្រះសីហនុ៕

