(កណ្ដាល)៖ អាជ្ញាធរវៀតណាម បានសម្រេចបិទមិនឲ្យមានការនាំចូលបន្លែពីប្រទេសរបស់ខ្លួនចូលមកកម្ពុជានោះទេ ដោយសារយោងហេតុផលថា មានក្រុមអាជីវករផ្សារដើមគរឆ្លងកូវីដច្រើន ហើយភាគីវៀតណាម ភ័យខ្លាចឆ្លងចូលស្រុកគេ ទើបគេបិទមិនឲ្យអាជីវករខ្មែរយកបន្លែពីគេទៀតនោះទេ។ នេះបើតាមការឲ្យដឹងពីលោក សែ ឈុនទ្រី ប្រធានច្រកជ្រៃធំ ។
លោកប្រធានច្រកបានបន្ថែមថាលោកខិតខំពន្យល់ដល់ភាគីវៀតណាមពេញមួយថ្ងៃមកហើយជុំវិញការមានវិធានការល្អរបស់កម្ពុជា ហើយស្នើឲ្យមានការបើកលក់បន្លែមកកម្ពុជាធម្មតាវិញទៅប៉ុន្តែខាងវៀតណាមនៅតែមិនព្រម ហើយនិយាយដដែលៗថា ខ្លាចឆ្លងជំងឺពីកម្ពុជា ព្រោះអាជីវករនៅផ្សារដើមគរឆ្លងច្រើន។
លោកប្រធានច្រកអះអាងថា នេះមិនមែនជាបញ្ហាឡើយ បើសិនខាងវៀតណាមបិទមិនឲ្យចូលតាមច្រកជ្រៃធំ ប៉ុន្តែក្រុមអាជីវករខ្មែរយើង បាននាំគ្នាសម្រុកទៅទិញបន្លែពីច្រកវៀតណាមនៅឯខាងខេត្តតាកែវម្តងវិញ។
ទន្ទឹមនឹងករណីនេះដែរ នៅឯច្រកក្អមសំណរឯណោះវិញលោក សុទ្ធ សាវឿនជាប្រធានច្រកបានថ្លែងប្រាប់ដែរថាខាងច្រករបស់លោកមិនមានការដឹកជញ្ជូនបន្លែធំដុំទេមានតែ
បន្ដិចបន្ដួចប៉ុណ្ណោះ ខណៈដែលលោកបានអនុវត្តន៍វិធានការកូវីដចំពោះការចេញ-ចូលរបស់វៀតណាមមកកម្ពុជា និងពីកម្ពុជាទៅវៀតណាមធ្វើយ៉ាងណាទប់ស្កាត់មិនឲ្យមានការឆ្លងជំងឺកូវីដជាដាច់ខាត។
សូមរំលឹកថា ប៉ុន្មានថ្ងៃមុននេះពលរដ្ឋស្រុកស្អាងដែលបានដឹកបន្លែមកលក់នៅឯក្រុងតាខ្មៅតាមរយៈឡានទួរីសប៉ុន្តែមិនត្រូវបានគេអនុញ្ញាតឲ្យឆ្លងកាត់ចូលក្រុងឡើយរីឯដំណាំកសិផលរបស់ពួកគាត់ត្រូវដឹកយកទៅផ្ទះវិញដែលបង្កឲ្យមានការខូចខាតទាំងស្រុងផងដែរ៕
