នៅព្រឹកថ្ងៃទី ០៧ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត រួមដំណើរដោយលោកនាយកសាខា មន្ត្រីក្រុមប្រតិបត្តិ អនុសាខាស្រុក និងក្រុមការងារកាកបាទក្រហមកម្ពុជាឃុំ បានអញ្ជើញជួបសំណេះសំណាល និងនាំយកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋ ចំនួន ៩០គ្រួសារ នៅ ២កន្លែងផ្សេងគ្នា គឺ ១០ គ្រួសារ នៅក្នុង ឃុំជ្រៃវៀន ស្រុកព្រៃឈរ និង ៨០គ្រួសារទៀត មកពី ៦ឃុំ ក្នុងស្រុកកងមាស ដែលរងគ្រោះដោយ ខ្យល់កន្ត្រាក់ បណ្តាល អោយប៉ើង និង របើកដំបូល ផ្ទះប្រជាពលរដ្ឋ ចំនួន ៨០ខ្នង កាលពីល្ងាច ថ្ងៃទី ០៦ ខែឧសភា ឆ្នាំ ២០២១។
គួររំលឹកថា កាលពីល្ងាចថ្ងៃទី ០៦ ខែឧសភា ឆ្នាំ២០២១ កន្លងទៅនេះ ខ្យល់កន្ត្រាក់ បានបង្កមហន្តរាយ នៅ ឃុំ ចំនួន ២៤ នៃ ៥ស្រុក (បាធាយ ជើងព្រៃ ព្រៃឈរ កងមាស និង ស្ទឹងត្រង់) ប៉ះពាល់ ផ្ទះប្រជាពលរដ្ឋ សរុបចំនួន ១៩៤ខ្នង ក្នុងនេះ ខូចខាតកម្រិតធ្ងន់ ៣៩គ្រួសារ -កម្រិតមធ្យម ៩៩គ្រួសារ និង កម្រិតស្រាល ៥៦គ្រួសារ ដែលត្រូវបានសាខា អនុសាខា កាកបាទក្រហមកម្ពុជា ខេត្ត ស្រុក ផ្តល់ជំនួយមនុស្សធម៌ ភ្លាមៗ ជាបន្តបន្ទាប់ ។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា បានចូលរួមសម្តែងការសោកស្តាយជាខ្លាំង ជាមួយក្រុមគ្រួសាររងគ្រោះទាំងអស់ ចំពោះ មហន្តរាយធម្មជាតិ ដែលកើតឡើងដោយមិននឹកស្មានដល់ បង្កអោយមានការខូចខាត ផ្ទះសម្បែង របស់បងប្អូន បែបនេះ ។ ឯកឧត្តម អ៊ុន ចាន់ដា ក៏បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់ ឯកឧត្តម ហ៊ុន ណេង ប្រធានកិត្តិយសសាខា ពិសេស សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ជនរងគ្រោះ ជនងាយរងគ្រោះ ដោយមិនរើសអើងឡើយ ហើយតែងបានចាត់តំណាងអោយចុះអន្តរាគមន៍ ផ្តល់ជំនួយសង្រ្គោះ ទាន់ពេលវេលា ស្របតាមទិសស្លោក ” ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ” ។
ឯកឧត្តម អ៊ុន ចាន់ដា បានអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ សូមបង្កើនការថែទាំសុខភាព ការពារសុវត្ថិភាពផ្ទាល់ខ្លួន អោយបានគ្រប់ៗគ្នា ក្នុងការចូលរួមទប់ស្កាត់ ពីការឆ្លងនៃជំងឺកូវីដ19 ទោះបី ក្នុងការបំពេញការងារ ក្តី ឬ ប្រកបរបររកស៊ី ក្តី មិនត្រូវ ភ្លេច អនុវត្ត នូវ វិធានការ ” ៣ការពារ និង ៣កុំ ” ជាដាច់ខាត ពិសេស ការអនុវត្តន៍កាតព្វកិច្ចពាក់ម៉ាស់ និង កាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពបុគ្គល ស្របតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល ក្នុងអំឡុងពេលនៃការឆ្លងរាលដាល នៃជម្ងឺកូវីដ-១៩ បម្លែងថ្មី ដ៏កាចសាហាវ នេះ ក្នុងសហគមន៍។
អំណោយមនុស្សធម៌ដែលបានផ្ដល់ជូនជនរងគ្រោះ ទាំង ៩០គ្រួសារ ក្នុង ១គ្រួសារ ទទួលបាន ៖
អង្ករ ២៥គក្រ មី ៥០កញ្ចប់ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ ត្រីខ ១០កំប៉ុង , ឃីត ១ ( មុង១ ភួយ១ សារុង១ ក្រមា១ ) ។
ដោយឡែក ចំពោះ ថវិកា បានផ្តល់ជូនតាមកម្រិតខូចខាត គឺ អ្នកដែលខូចខាតកម្រិតធ្ងន់ ចំនួន ១៩គ្រួសារ ១គ្រួសារ ផ្តល់ជូន ៣០០,០០០ រៀល – អ្នកខូចខាតកម្រិតមធ្យម ចំនួន ១៥គ្រួសារ ១គ្រួសារ ផ្តល់ជូន ២០០,០០០ រៀល ហើយ អ្នកដែលខូចខាតកម្រិតស្រាល ចំនួន ៥៦ គ្រួសារ ១គ្រួសារ ទទួលបាន ថវិកាចំនួន ១០០, ០០០ រៀល ផងដែរ ។
ចំពោះស្រុកព្រៃឈរ អនុសាខាស្រុក បានផ្តល់សង្កសី ១៣៧សន្លឹកជូន ៨គ្រួសារងគ្រោះតាមទំហំខូចខាត និង ផ្តល់ថវិកា ជូន ២គ្រួសារដែលរបើកក្បឿង ក្នុង ១គ្រួសារ ២០០,០០០ រៀល ។ ជាមួយនោះ ព្រះអនុគណស្រុក ក៏បានឧបត្ថម្ភ ក្នុង ១គ្រួសារ នូវ ២កេស និង ថវិកា ១០០,០០០ រៀល ។

