ឯកឧត្តមអ៊ុន ចាន់ដាអញ្ជើញចុះចែកជូនប្រជាពលរដ្ឋ​ក្រីក្រ និងជួបការខ្វះខាតជីវភាពចំនួន៧៣០គ្រួសារ..!!

នៅថ្ងៃទី០៧ ខែ ឧសភា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម​ និង​ជា​ប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត អមដំណើរដោយឯកឧត្តមអភិបាលរងខេត្ត អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ បានអញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន​ ចែកជូនប្រជាពលរដ្ឋ​ក្រីក្រ និងជួបការខ្វះខាតជីវភាពចំនួន ៧៣០គ្រួសារ ក្នុងអំឡុងពេលការបិទខ្ទប់ភូមិឃុំនៅភូមិសាស្ត្រ ស្រុកកងមាស បន្ទាប់ពីរកឃើញករណីវិជ្ជមាន។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត​ បាន​ពាំនាំនូវការផ្តាំផ្ញើ សាកសួរសុខទុក្ខពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន ដែលសម្តេចទាំងទ្វេរ ជានិច្ចកាលតែងតែគិតគូដល់សុខទុក្ខរបស់បងប្អូនគ្រប់កាលៈទេសៈ ពិសេសក្នុងពេលដែលបងប្អូនកំពុងជួបការលំបាកជីវភាពក្នុងអំឡុងពេលនៃការឆ្លងរាលដាលនៃជំងឺកូវី-១៩។

ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្តបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋចូលរួមអនុវត្តឲ្យបានម៉ឺងម៉ាត់ និងខ្ជាប់ខ្ជួនតាមវិធានការអនាម័យ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ “៣កុំ ៣ការពារ” ជាពិសេស​ ត្រូវអនុវត្តន៍កាតព្វកិច្ចពាក់ម៉ាស និងរក្សាគម្លាតសុវត្ថិភាពគ្រប់ៗគ្នា ដើម្បីការពារក្រុមគ្រួសារ និងសហគមន៍ ឲ្យជៀសវាងពីជំងឺដ៏ប្រល័យនេះ។ បន្ថែមពីនេះ សូមបងប្អូន ដែលមានសមាជិក សង្ស័យ ឬមានប្រវត្តិប៉ះពាល់ដោយផ្ទាល់ ឬដោយប្រយោលនឹងករណីវិជ្ជមាន ត្រូវរាយការណ៍ជាបន្ទាន់ដល់អាជ្ញាធរមូលដ្ឋាន ដើម្បីមានវិធានការ បានទាន់ពេលវេលា និងទប់ស្កាត់ការឆ្លងរាលដាលពីសហគមន៍មួយទៅសហគមន៍មួយទៀត។

ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំដល់ពលរដ្ឋ​ ឲ្យ​បង្កេីន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​ នៅ​ដើមរដូវវស្សានេះ ចំពោះ បាតុភូត​​ភ្លៀង​ ​ខ្យល់​ ផ្គររន្ទះ ដែលអាចបង្កគ្រោះថ្នាក់ ​គ្រប់​ពេលវេលា​ ចំពោះ​អាយុជីវិត​មនុស្ស​ និង​សត្វ​ ឬ​បំផ្លាញទ្រព្យសម្បត្តិ​របស់បងប្អូន ជាពិសេស​សូមបងប្អូន អប់រំណែនាំដល់កូនចៅ​តូចៗ​ កុំ​ឲ្យ​ចេញនៅ​ក្រៅផ្ទះ​ ឬ​នៅ​ទីវាល​ ពេលមានភ្លៀងផ្គរ។

គួរ​បញ្ជាក់​ថា​ អំណោយ​របស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន ផ្តល់ជូនប្រជាពលរដ្ឋដែលជួបការលំបាក ក្នុងតំបន់បិទខ្ទប់ ក្នុងស្រុកកងមាស ចំនួន ៧៣០គ្រួសារ ដោយក្នុង១គ្រួសារ អង្ករ ២៥គក្រ មី១កេស ត្រីខ ១០កំប៉ុង។ ប្រគេនវត្តជួបការលំបាក ក្នុងស្រុកកងមាសចំនួន ៩វត្ត ក្នុង១វត្ត ប្រគេនអង្ករ ១០០គីឡូ មី៥កេស ត្រីខ ៥យួរ និងបច្ច័យ ២០០.០០០រៀល៕FB_IMG_1620401157626 FB_IMG_1620401171743 FB_IMG_1620401188607 FB_IMG_1620401279213 FB_IMG_1620401241885

You might like